កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំឧត្តមមន្រ្តីកីឡាអាស៊ាន លើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅខេត្តសៀមរាប
21-10-2026 14:57
(សៀមរាប)៖ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំឧត្តមមន្រ្តីកីឡាអាស៊ានលើកទី១៧ (THE SEVENTEENTH ASEAN SENIOR OFFICIALS MEETING ON SPORTS - SOMS-17) និងកិច្ចប្រជុំពាក់ព័ន្ធ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦នេះ ក្រោមអធិបតីរបស់លោកស្រីបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ តំណាងរបស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីប្រតិភូឧត្តមមន្រ្តីកីឡា នៃបណ្តាប្រទេសសមាជិកអាស៊ាន និងភាគីពាក់ព័ន្ធ។
ថ្លែងក្នុងពិធីបើក លោកស្រីបណ្ឌិត គឹម សេដ្ឋានី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូទាំងអស់ និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចប្រជុំនេះ ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការកីឡាក្នុងតំបន់អាស៊ាន។ កិច្ចប្រជុំនេះ គឺជាវេទិកាដ៏សំខាន់សម្រាប់ពិនិត្យវឌ្ឍនភាពការងារកន្លងមក កំណត់អាទិភាព និងទិសដៅយុទ្ធសាស្ត្ររួម ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាអាស៊ាន ឆ្លើយតបទៅនឹងបរិបទ និងតម្រូវការនាពេលអនាគត។
កិច្ចប្រជុំនឹងបន្តពិភាក្សាពីសមិទ្ធផល នៃការសម្រេចរបស់កិច្ចប្រជុំ SOMS-16 និង AMMS-8 ដែលបានរៀបចំឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីខែតុលា ឆ្នាំ២០២៥ ជាពិសេសការវាយតម្លៃផែនការ ការងារកីឡាអាស៊ានឆ្នាំ២០២១–២០២៥ និងការអនុម័តផែនការការងារកីឡាអាស៊ានឆ្នាំ២០២៦–២០៣០។ នៅក្នុងផែនការការងារកីឡាអាស៊ាននេះ បានកំណត់វិស័យកីឡាជាកត្តាជំរុញអន្តរវិស័យសម្រាប់សន្តិភាព សុខភាព បរិយាបន្ន ការអប់រំ អត្តសញ្ញាណវប្បធម៌ និងកំណើន សេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព ស្របតាមចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥។
លោកស្រីបណ្ឌិត រដ្ឋលេខាធិការប្រចាំការ បានលើកឡើងថា កម្ពុជាក៏បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការអន្តរវិស័យលើវិទ្យាសាស្ត្រកីឡា ការគ្រប់គ្រងកីឡា និងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីលើកកម្ពស់សមត្ថភាពអត្តពលិក។
ជាមួយគ្នានេះកម្ពុជាក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិ ដើម្បីគាំទ្រដល់កីឡាកម្រិតខ្ពស់ ឧស្សាហកម្មកីឡា និងបូរណភាពកីឡា កីឡាស្អាតស្អំ និងកីឡាបរិយាបន្ន ព្រមទាំងការជំរុញគោលការណ៍ «កីឡាសម្រាប់ទាំងអស់គ្នា» ដោយធានាការចូលរួមរបស់ស្ត្រី ជនមានពិការភាព និងក្រុមជនងាយរងគ្រោះ ដើម្បីលើកកម្ពស់សុខភាព និងភាពសកម្មនៅក្នុងសហគមន៍អាស៊ាន។
ជាមួយនឹងការជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ កម្ពុជាក៏បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន តាមរយៈការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាថ្នាក់ តំបន់នាពេលអនាគត រួមមាន៖ ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន ឆ្នាំ២០២៨ ការប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម ឆ្នាំ២០២៩ និងការប្រកួតកីឡាយុវជនអាស៊ាន ឆ្នាំ២០៣១ ព្រមទាំងអំពាវនាវឱ្យបណ្តាប្រទេសសមាជិកអាស៊ានបន្តផ្តល់កិច្ចសហការ និងការគាំទ្រដើម្បីធានាភាពជោគជ័យនៃព្រឹត្តិការណ៍ទាំងនេះ៕






















