អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីលួចសាំង
21-10-2026 14:53
(បាត់ដំបង)៖ កម្លាំងការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីលួច (បូមសាំង) កាលពីវេលាម៉ោង ១១៖៣០នាទីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នៅភូមិក្ដុល សង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបង។
លោកវរសេនីយ៍ទោ សូ ឌី ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស នៃកងរាជអាវុធហត្ថខេត្តបាត់ដំបង បានឲ្យដឹងថា បន្ទាប់ពីបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង២ រំលងអាធ្រាត្រ នៅចំណុចផ្សារភួពុយ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ក្រោយសាកសួរចម្លើយ ជនសង្ស័យទាំង២នាក់ បានសារភាពថា ពួកខ្លួនមានគ្នា៤នាក់ កន្លងមកពួកខ្លួនតែងតែធ្វើសកម្មភាពជិះម៉ូតូដើររកលួចបង្ហូរសាំងចេញពីម៉ូតូគេដែលចតទុកនៅក្រៅរបងផ្ទះ។ នៅក្នុងខែតុលានេះ ពួកខ្លួនបានធ្វើសកម្មភាពលួចបង្ហូរសាំងចេញពីម៉ូតូរបស់គេបានចំនួន៥ដងមកហើយ រួចយកមកចាក់ម៉ូតូរបស់ខ្លួនសម្រាប់ជិះដើរលេង។
ជាក់ស្ដែងនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ១រំលងអាធ្រាត្រ នៅចំណុចផ្សារភួពុយ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ពួកខ្លួនទាំងពីរនាក់ខាងលើបានចូលលួចបង្ហូរសាំងចេញពីម៉ូតូ សណ្ដោងរ៉ឺម៉ករបស់គេបានប្រហែលមួយលីត្រកន្លះ រហូតដល់ថ្ងៃទី២០ ខែឆ្នាំដដែល ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួន។
បន្ទាប់ពីចម្លើយសារភាពរបស់ជនសង្ស័យ និងវត្ថុតាងដែលរឹបអូសបានរួចមក លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបញ្ជាឲ្យការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនខ្លួន ជនសង្ស័យទៅតុលាការដើម្បីចាត់ការតាមច្បាប់៕


