មន្រ្ដីធនាគារជាតិ បង្ហាញផលប៉ះពាល់នៃកម្ចីខុសច្បាប់ ដែលធ្វើឱ្យពលរដ្ឋជាប់បំណុលវ័ណ្ឌក
21-10-2026 14:32
(ពោធិ៍សាត់)៖ លោក ឡាយ សុខហេង អគ្គនាយកបទប្បញ្ញត្តិ និងបរិយាបន្នហិរញ្ញវត្ថុ នៃធនាគារជាតិនៃកម្ពុជា បានបង្ហាញពីផលប៉ះពាល់នៃកម្ចីខុសច្បាប់ ដែលអាចធ្វើឱ្យប្រជាពលរដ្ឋ ធ្លាក់ក្នុងស្ថានភាពជំពាក់បំណុលលើសលប់ ពិបាកដោះស្រាយ និងប្រឈមនឹងសម្ពាធផ្លូវចិត្ត ព្រមទាំងប៉ះពាល់ដល់ជីវភាពគ្រួសារ និងការអភិវឌ្ឍសង្គម។
លោក ឡាយ សុខហេង អគ្គនាយកបទប្បញ្ញត្តិ និងបរិយាបន្នហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា លើកឡើងក្នុងសិក្ខាសាលាស្តីពី «ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន» នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នេះថា ការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ ប្រកបដោយតម្លាភាព និងក្រមសីលធម៌ បានផ្តល់នូវគុណតម្លៃយ៉ាងសំខាន់ សម្រាប់អ្នកប្រើប្រាស់ ជាពិសេសសិទ្ធិទទួលបានការ ការពារដោយច្បាប់និងភាគីពាក់ព័ន្ធក្នុងវិស័យ។
លោកបានបន្ដថា ទន្ទឹមនេះការពង្រីកវិសាលភាព នៃសេវាហិរញ្ញវត្ថុ ការពង្រឹងគុណភាព សុវត្ថិភាព ប្រសិទ្ធភាពទំនួលខុសត្រូវ ភាពងាយស្រួល និងរហ័សទាន់ចិត្ត និងការកាត់បន្ថយតម្លៃប្រតិបត្តិការ ជាពិសេសតាមរយៈថ្នាលឌីជីថល គឺបានផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់ប្រជាជនកម្ពុជា។
លោកបានបញ្ជាក់ថា ទោះបីជាការរីកចំរើននៃប្រព័ន្ធបច្ចេកវិទ្យាជាមួយវិស័យហិរញ្ញវត្ថុ ថ្នាលឌីជីថល ប្រៀបបាននឹងអាវុធមុខពីរផងដែរ ប្រាកដណាស់ថា វាអាចជួយឱ្យយើងបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ និងកាត់បន្ថយថ្លៃប្រតិបត្តិការ ខណៈបច្ចេកវិទ្យាហិរញ្ញវត្ថុ ក៏បានបង្កឱ្យមានហានិភ័យមួយចំនួនដូចជា ការឆបោកផ្នែកហិរញ្ញវត្ថុតាមប្រព័ន្ធអនឡាញ ការលួចក្លែងបន្លំអត្តសញ្ញាណ កម្ចីខុសច្បាប់តាមអនឡាញដែលមានអត្រាការប្រាក់ខ្ពស់លើសលប់ជាដើម។
លោក ឡាយ សុខហេង បានសង្កត់ធ្ងន់ថា សព្វថ្ងៃនេះកម្ចីខុសច្បាប់បាននិងកំពុងកើតមាននៅតាមមូលដ្ឋាន ដែលនាំឱ្យប្រជាពលរដ្ឋរងការជំពាក់បំណុលលើសលប់ដោះខ្លួនមិនរួច នាំឱ្យកើតទៅជាវិបត្តិផ្លូវចិត្ត និងបង្កផលអវិជ្ជមានដល់មូលដ្ឋាន និងការអភិវឌ្ឍសង្គម ឬមានការចុះផ្សាយនៅតាមបណ្តាញសង្គម ដែលនាំឱ្យយល់ច្រឡំជាមួយនឹងគ្រឹះស្ថានហិរញ្ញវត្ថុស្របច្បាប់ ដោយចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅមានកម្រិត។
លើសពីនេះទៅទៀតប្រជាពលរដ្ឋអាចប្រឈមមុខនឹងការគំរាមកំហែង គៀបសង្កត់ សម្ពាធផ្លូវចិត្ត ឬរូបភាពផ្សេងៗ ដើម្បីបង្ខំឱ្យសងប្រាក់ដើម ការប្រាក់ និងប្រាក់ពិន័យខុសគោលការណ៍ ហើយធ្ងន់ធ្ងរជាងនេះ ទ្រព្យសម្បត្តិអាចត្រូវបានរឹបអូស ដោយ ពុឆ្លងកាត់ពីប្រព័ន្ធតុលាការជាដើម។
លោកបន្ថែមថា ជុំវិញបញ្ហានេះធនាគារជាតិនៃកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ក្នុងការបញ្ជាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងលើកកម្ពស់ការប្រើប្រាស់សេវាហិរញ្ញវត្ថុ ប្រកបដោយការប្រុងប្រយ័ត្ននិងការទទួលខុសត្រូវ សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសកុមារ ស្ត្រី និងប្រជាពលរដ្ឋ នៅតាមតំបន់មូលដ្ឋាន។
បន្ថែមពីនេះធនាគារជាតិនៃកម្ពុជា ក៏បានអនុវត្តនូវវិធានការពង្រឹងកិច្ចការពារអតិថិជន ដែលមានលក្ខណៈបុរេសកម្មជាច្រើន ព្រមទាំងបានគាំទ្រនិងសហការ ជាមួយភាគីពាក់ព័ន្ធនានា ដើម្បីបន្តលើកកម្ពស់ការផ្តល់សេវា ហិរញ្ញវត្ថុប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ធានានូវការប្រកួតប្រជែងដោយយុត្តិធម៌និងតម្លាភាព និងការការពារសិទ្ធិនិងអត្ថប្រយោជន៍របស់អតិថិជន។
លោកក៏បានលើកទឹកចិត្ត និងជំរុញឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ត្រូវបន្តធានាឱ្យបាននូវការអនុលោមតាមច្បាប់និងបទប្បញ្ញត្តិ ព្រមទាំងក្រមប្រតិបត្តិសម្រាប់វិស័យ និងគោលការណ៍ផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ ហើយត្រូវចៀសវាងការស្នើសុំ ឱ្យអាជ្ញាធរមូលដ្ឋាន ចូលរួមជាមួយបុគ្គលិករបស់ខ្លួនក្នុងដំណើរការប្រមូលឥណទាន ឬប្រើប្រាស់ឈ្មោះរបស់អាជ្ញាធរ ដើម្បីដាក់សម្ពាធណាមួយដល់អតិថិជនជាដើម៕










