អណោចអធម៌! និស្សិតជំនាញវេជ្ជបណ្ឌិតទូទៅឆ្នាំទី៦ ត្រូវរថយន្ដបុកស្លាប់នៅខណ្ឌពោធិ៍សែនជ័យ, ជនរងគ្រោះជាធនធានមនុស្សមួយដ៏សំខាន់ និងធ្លាប់សិក្សានៅបរទេស
21-10-2026 14:32
(ភ្នំពេញ)៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយគួរឲ្យអណោចអធម៌ ដែលបានកើតឡើងទៅលើនិស្សិតម្នាក់ ដែលកំពុងសិក្សាឆ្នាំទី៦ ជំនាញវេជ្ជបណ្ឌិតទូទៅ នៅវិទ្យាស្ថានវិទ្យាសាស្ដ្រសុខាភិបាល នៃកងយោធពលខេមរភូមិន្ទ កាលពីវេលាទៀបភ្លឺថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦កន្លងទៅ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៉ី ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សេចក្ដីរាយការណ៍បានបញ្ជាក់ថា រថយន្ដបង្កប្រភេទដឹកទំនិញរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ ពាក់ផ្លាកលេខភ្នំពេញ 3G-5552 បុកពីក្រោយម៉ូតូរបស់ជនរងគ្រោះ ម៉ាក HONDA PCX បណ្តាលឲ្យជនរងគ្រោះខ្ទាតទៅបោកក្បាលនិងថ្នល់ ខណៈម៉ូតូគៀបជាប់ពីមុខរថយន្ត។ ក្រោយបង្កគ្រោះថ្នាក់អ្នកបើកបររថយន្តបានបន្តបើករត់គេចខ្លួនទាំងម៉ូតូជាប់នឹងរថយន្ត រហូតទៅដល់ទីតាំងស្ងាត់មួយ ទើបចុះពីរថយន្តរត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បានចុះដល់ទីតាំងកើតហេតុ និងរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះពិនិត្យ វាស់វែង និងយកម៉ូតូ ព្រមទាំងរថយន្តទៅរក្សាទុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ដោយឡែក សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើលិខិតប្រគល់ជូនសាច់ញាតិ ដើម្បីយកទៅរៀបចំពិធីបុណ្យតាមប្រពៃណី។ ករណីនេះ សមត្ថកិច្ចកំពុងចាត់ការតាមនីតិវិធី ដើម្បីស្វែងរកអ្នកបើកបរយកមកទទួលខុសត្រូវចំពោះមុខច្បាប់។
សពរបស់ជនរងគ្រោះឈ្មោះ កា ប៊ីឡា ហៅទី ត្រូវបានរៀបចំបូជានៅស្រុកកំណើតនាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦នេះ។ បើតាមការបញ្ជាក់, ជនរងគ្រោះមានឪពុកជាអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ ឈ្មោះ កា វចនា។
ក្រុមគ្រួសារបានបញ្ជាក់ថា ជនរងគ្រោះ កា ប៊ីឡា ហៅទី បន្ទាប់ពីបញ្ចក់ការសិក្សាទុតិយភូមិ បានប្រឡងជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសចិន រយៈពេល២ឆ្នាំ ហើយក្រោយត្រឡប់មកមាតុប្រទេសវិញ បានប្រឡងចូលសិក្សានៅមហាវិទ្យាល័យវេជ្ជសាស្ដ្រ នៅវិទ្យាស្ថានវិទ្យាសាស្ដ្រសុខាភិបាល នៃកងយោធពលខេមរភូមិន្ទ។
លោកក៏ធ្លាប់បានចូលរួមជាគ្រូពេទ្យស្ម័គ្រចិត្ត ក្នុងគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ផងដែរ៕























