ជនជាតិថៃ២៤នាក់ទៀត ត្រូវបញ្ជូនចេញទៅថៃវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត, ខ្លះត្រូវបានឃាត់ខ្លួន ក្រោយលួចចូលទីតាំងយោធាកម្ពុជាខុសច្បាប់
21-10-2026 13:10
(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងលោកឧត្ដមសេនីយ៍ត្រី អ៉ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានដឹកនាំកម្លាំងមន្ត្រីក្រោមឱវាទ សហការជាមួយស្ថាប័នពាក់ព័ន្ធ បញ្ជូនខ្លួនជនជាតិថៃចំនួន ២៤នាក់ ទៅកាន់ប្រទេសថៃវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សម្រាប់ជនជាតិថៃទាំង២៤នាក់នេះ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធការធ្វើការខុសច្បាប់ រស់នៅខុសច្បាប់ និងខ្លះលួចចូលតំបន់យោធាកម្ពុជាខុសច្បាប់។ ការចាប់បញ្ជូនត្រឡប់ទៅស្រុកថៃវិញនេះ បានធ្វើឡើងក្រោមការណែនាំរបស់អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
លោកឧត្តមសេនីយ៍ទោ យឿម ម៉ាន់ អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបញ្ជាក់ថា ជនជាតិថៃទាំង២៤នាក់ ដែលត្រូវបានកម្ពុជាបណ្តេញចេញតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត គឺក្រោយដឹកពីខេត្តសៀមរាប ដែលបានប្រព្រឹត្តបទល្មើសនៅខេត្តសៀមរាបពាក់ព័ន្ធករណីលួចស្នាក់នៅ ធ្វើការខុសច្បាប់ និងបទចូលដោយទុច្ចរិតក្នុងទីលានយោធា ហើយត្រូវបានហាមចូលកម្ពុជារយៈពេល៣ ទៅ៤ឆ្នាំ។
ជាមួយគ្នានេះ នៅព្រឹកថ្ងៃដដែលអាជ្ញាធរកម្ពុជា ក៏ទទួលពលករខ្មែរចំនួន៨២នាក់ផងដែរ ដែលថៃចាប់បញ្ជូនមកវិញ។ លោកឧត្តមសេនីយ៍ត្រី អ៉ី ចំរើន បានថ្លែងថា ពលករខ្មែរ ដែលអាជ្ញាធរថៃបញ្ជូនឲ្យអាជ្ញាធរកម្ពុជា ក្រុមការងារ មានអាហារសម្រន់ចែកជូនសម្រាប់បរិភោគ។
ក្រោយសាកសួរព័ត៌មានរួច ពលករខ្មែរទាំងនេះ ត្រូវបានដឹកជញ្ជូនទៅមណ្ឌលសំចត និងដឹកបន្តទៅដល់លំនៅដ្ឋានដោយសុវត្ថិភាព៕





















