FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជា-អាល្លឺម៉ង់ ជំរុញការផ្តល់ឥណទាន ដល់អាជីវកម្មខ្នាតតូច និងកសិករ

21-10-2026 12:22

(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកស្រី Silke Röfer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា បានពិភាក្សាអំពីការពង្រឹងលទ្ធភាពទទួលបានឥណទាន របស់សហគ្រាសធុនតូច និងមធ្យម ព្រមទាំងការផ្តល់ឥណទានកសិករ ដើម្បីជួយដោះស្រាយការលំបាក ក្នុងការទទួលបានប្រាក់កម្ចី និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

កិច្ចពិភាក្សានេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងលោកស្រីបណ្ឌិត ជា សិរី និងលោកស្រី Silke Röfer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា នៅធនាគារជាតិនៃកម្ពុជាអគារវត្តភ្នំ។

ក្នុងជំនួបនេះភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ អំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា ក្នុងពេលដែលសេដ្ឋកិច្ចពិភពលោក កំពុងជួបប្រទះភាពមិនប្រាកដប្រជា ការកើនឡើងថ្លៃថាមពល និងបញ្ហាប្រឈមផ្សេងៗ ព្រមទាំងពិភាក្សាអំពីឱកាសពង្រឹងកិច្ចសហការរវាងប្រទេសទាំងពីរ។

លោកស្រី Silke Röfer បានលើកឡើងពីសារៈសំខាន់របស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច និងបានពិភាក្សាអំពីឱកាស ក្នុងការពង្រឹងខ្សែច្រវាក់តម្លៃក្នុងវិស័យកសិកម្ម ជាពិសេសដំណាំស្វាយចន្ទី។

លោកស្រីបានលើកឡើងពីសារៈសំខាន់ ក្នុងការជំរុញការកែច្នៃក្នុងស្រុក និងការលើកកម្ពស់លទ្ធភាព ទទួលបានហិរញ្ញប្បទានរបស់កសិករផងដែរ។

លោកស្រីបណ្ឌិត ជា សិរី បានលើកឡើង ពីកិច្ចសហការល្អក្នុងវិស័យហិរញ្ញវត្ថុ ជាមួយរដ្ឋាភិបាលអាល្លឺម៉ង់នាពេលកន្លងមក ព្រមទាំងបានជម្រាបជូនពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា ព្រមទាំងវឌ្ឍនភាពនៃការធ្វើពិពិធកម្មផលិតផល និងទីផ្សារនាំចេញ។ បើទោះបីជាធនាគារជាតិនៃកម្ពុជា មានការដាក់ចេញនូវយន្តការលើកទឹកចិត្តផ្នែកបទប្បញ្ញត្តិ ដើម្បីជំរុញការផ្តល់ឥណទាន ដល់សហគ្រាសធុនតូច និងមធ្យម និងវិស័យកសិកម្ម ប៉ុន្តែបញ្ហាប្រឈមក្នុងការទទួលបានហិរញ្ញប្បទាននៅតែមាន ដែលជាហេតុនាំឲ្យ សហគ្រាស និងកសិករមួយចំនួននៅតែជួបការលំបាក ក្នុងការទទួលបានប្រាក់កម្ចី។

លោកស្រីបណ្ឌិតបានបន្ដថា ហេតុដូច្នេះសូមលើកទឹកចិត្តឱ្យមានកិច្ចសហការស្រាវជ្រាវរួមគ្នា ដើម្បីកំណត់ឱ្យបានច្បាស់លាស់ នូវឧបសគ្គជាក់ស្តែង ដូចជាលទ្ធភាពទទួលបានដើមទុន ភស្តុភារកម្ម ខ្សែច្រវាក់តម្លៃកសិកម្ម ឬការយល់ដឹងរបស់អ្នកប្រើប្រាស់សេវាហិរញវត្ថុ។

បន្ថែមពីនេះភាគីទាំងពីរ បានបញ្ជាក់ពីសារៈសំខាន់ នៃការសិក្សាដោយផ្អែកលើទិន្នន័យ និងភស្តុតាងជាក់ស្តែង ព្រមទាំងការពង្រឹងកិច្ចសហការ ដើម្បីដោះស្រាយឧបសគ្គក្នុងការទទួលបានហិរញ្ញប្បទាន។ ការពង្រឹងលទ្ធភាពទទួល បានឥណទានគឺជាកត្តាសំខាន់ ក្នុងការគាំទ្រដល់អាជីវកម្មខ្នាតតូច និងកសិករ ឱ្យមានលទ្ធភាពពង្រីកការផលិត កែលម្អប្រតិបត្តិការអាជីវកម្ម និងចូលរួមជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព៕