លោក អ៊ុំ សំអាន ព្រមបញ្ជូនតំណាងរបស់ខ្លួនមកកម្ពុជា ដើម្បីផ្ទៀងផ្ទាត់ដីនៅចន្លោះបង្គោលព្រំដែនលេខ៥២ ដល់៥៩ ក្នុងខេត្តបាត់ដំបង (Video inside)
21-10-2026 11:56
(ភ្នំពេញ)៖ លោក អ៊ុំ សំអាន បានយល់ព្រមបញ្ជូនតំណាងរបស់ខ្លួនមកកម្ពុជា តាមការស្នើរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីផ្ទៀងផ្ទាត់ដីនៅចន្លោះបង្គោលព្រំដែនលេខ៥២ និង៥៩ ក្នុងខេត្តបាត់ដំបង ដែលលោកចោទថាបាត់ទៅខាងភាគីថៃនោះ។
លោក អ៊ុំ សំអាន បញ្ជាក់លើហ្វេសប៊ុករបស់លោកយ៉ាងដូច្នេះ «ខ្ញុំនឹងបញ្ជូនគណៈប្រតិភូដែលតំណាងអោយខ្ញុំទៅកាន់ប្រទេសកម្ពុជានាខែក្រោយនេះតាមការអញ្ជើញរបស់លោក ហ៊ុន ម៉ាណែត។ ខ្ញុំនឹងធ្វើលិខិតជាផ្លូវការដើម្បីជាការឆ្លើយតបចំពោះការអញ្ជើញរបស់លោក ហ៊ុន ម៉ាណែត ហើយខ្ញុំនឹងបញ្ជូនឈ្មោះគណៈប្រតិភូទៅលោក ហ៊ុន ម៉ាណែត នៅមុនចុងខែតុលានេះ។ សូមបងប្អូនខ្មែរដែលស្នេហាជាតិចាំទទួលស្វាគមន៍គណៈប្រតិភូយើងផង»។
លោក អ៊ុំ សំអាន បានបន្ថែមថា ក្នុងនាមជាអ្នកនយោបាយជំនាន់ថ្មីដូចគ្នា លោកសង្ឃឹមថា រូបលោក និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អាចប្រើវប្បធម៌សន្ទនាថ្មីជំនួសវប្បធម៌សន្ទនារវាងលោក សម រង្សុី និងសម្តេចតេជោ ហ៊ុន សែន ក្នុងស្មារតីផ្សះផ្សារជាតិ ឯកភាពជាតិ បង្រួបបង្រួមជាតិនិងការការពារទឹកដីពីការឈ្លានពានរបស់ថៃ។
លោក អ៊ុំ សំអាន ថែមទាំងលើកឡើងទៀតថា ជាអ្នកនយោបាយជំនាន់ថ្មីដូចគ្នា គឺមិនយករឿងគំនុំបុគ្គល ឬបញ្ហាផ្ទាល់ខ្លួនមកលាយឡំនឹងបញ្ហាប្រទេសជាតិនោះទេ ហើយក៏មិនចាត់ទុកខ្មែរគ្នាឯងជាសត្រូវនោះដែរ។ សត្រូវរបស់ខ្មែរពិតប្រាកដនាពេលនេះ គឺការឈ្លានពានពីសំណាក់ប្រទេសជិតខាង ដែលខ្មែរត្រូវរួបរួមគ្នាដើម្បីដោះស្រាយ និងទាមទារទឹកដីខ្មែរចំនួន៨៥ទីតាំងពីថៃមកវិញ។
កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦កន្លងទៅនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់ជម្រើសថ្មីជូនទៅលោក អ៊ុំ សំអាន លើការផ្ទៀងផ្ទាត់ដីនៅព្រំដែនខ្មែរ-ថៃ ចន្លោះបង្គោលព្រំដែនលេខ៥២ និង៥៩ បន្ទាប់ពីលោក អ៊ុំ សំអាន ព្យាយាមលើកហេតុផលផ្សេងៗមិនព្រមចូលមកកម្ពុជា ដើម្បីបញ្ជាក់លើអ្វីដែលខ្លួនបានចោទរាជរដ្ឋាភិបាលនោះ។ ជម្រើសថ្មី ដែលសម្តេចមហាបវរធិបតី ផ្តល់ជូនលោក អ៊ុំ សំអាន គឺអាចចាត់តំណាងជំនួសបាន អាចជាអ្នកក្រៅប្រទេស ឬក្នុងប្រទេសក៏បាន។
តែការចាត់តំណាងនេះ សម្តេចមហាបវរធិបតី តម្រូវឱ្យលោក អ៊ុំ សំអាន បំពេញលក្ខខណ្ឌចំនួន៤រួមមាន៖
១៖ ត្រូវប្រគល់សិទ្ធិពេញលេញឱ្យជនជាតំណាង និងក្រុមការងារ ក្នុងការជជែក ផ្ទៀងផ្ទាត់ជាមួយក្រុមការងារព្រំដែនរបស់រាជរដ្ឋាភិបាល
២៖ ត្រូវប្រគល់រាល់ឯកសារ ភស្តុតាង និងសាក្សីទាំងអស់ដែលលោក អ៊ុំ សំអាន និងក្រុមការងារមាន ពាក់ព័ន្ធព្រំដែនកម្ពុជា-ថៃចន្លោះបង្គោលលេខ ៥២-៥៩ ឱ្យទៅក្រុមតំណាង ដើម្បីមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការជជែកនិងផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់។
៣៖ ត្រូវទទួលស្គាល់ចំពោះរាល់ខ្លឹមសាររបស់តំណាងឬក្រុមតំណាង ដែលលើកមកជជែក ផ្ទៀងផ្ទាត់គ្នា និង
៤៖ ត្រូវទទួលស្គាល់នូវលទ្ធផលនៃការជជែក ផ្ទៀងផ្ទាត់គ្នា ដែលតំណាងឬក្រុមតំណាងរបស់លោកបានចូលរួម៕
