រយៈពេល២ខែ មន្ត្រីឧទ្យានុរក្ស បង្ក្រាបបទល្មើសធនធានធម្មជាតិ បាន៥០ករណី នៅក្នុងឧទ្យានជាតិគិរីរម្យ
21-10-2026 10:09
(កំពង់ស្ពឺ)៖ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន បានបើកយុទ្ធនាការចុះល្បាត និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ៥០ករណី នៅក្នុងភូមិសាស្ត្រឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ «គិរីរម្យ» ខេត្តកំពង់ស្ពឺ រយៈពេល ២ខែចុងក្រោយនេះ គិតចាប់ពីថ្ងៃទី១៩ ខែសីហា រហូតដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។
ក្នុងចំណោមប្រតិបត្តិការទាំងនោះ នៅថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សបានចុះបង្ក្រាបការគាប់គាស់ រុករាន ឆ្ការដុត និងដាំដំណាំ ក្នុងគោលបំណងយកដីព្រៃធ្វើជាកម្មសិទ្ធិ ចំនួន ១ករណី នៅចំណុចខាងលើអូរកសេះ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
បទល្មើសសរុប ៥០ករណី រួមមាន ការបោះបង្គោលហ៊ុមព័ទ្ធយកដីព្រៃចំនួន ៣៤ករណី (ដកហូតផ្ទៃដី ១៩.៥៧ហិកតា), កាប់គាស់រុករានដីព្រៃ ៥ករណី (ដកហូតផ្ទៃដី ៣.៥២ហិកតា), ការដាក់អន្ទាក់ចាប់សត្វព្រៃ ១ករណី (ដកហូតអន្ទាក់ ១៥ខ្សែ), កាប់បំផ្លាញព្រៃឈើ ៤ករណី, រុករានទន្ទ្រានដីសង់រោង ៤ករណី និងបាញ់ថ្នាំសម្គាល់ព្រំដី ២ករណី។
ក្រសួងបរិស្ថាន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរដែនដី សមត្ថកិច្ចពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ ដែលបានផ្តល់ព័ត៌មាន និងចូលរួមការពារធនធានធម្មជាតិ ដើម្បីការរស់នៅរបស់ប្រកបដោយចីរភាព។ អនុលោមតាម «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨» ជាពិសេសការផ្តោតលើមុំយុទ្ធសាស្ត្រទី២.១ គឺ «ការបង្ក្រាបបទល្មើសធនធានធម្មជាតិ និងការពង្រឹងការអនុវត្តច្បាប់» ក្រុមមន្រ្តីឧទ្យានុរក្សនៃការិយាល័យឧទ្យានជាតិគិរីរម្យ នឹងបន្តយុទ្ធនាការចុះល្បាត និងទប់ស្កាត់បទល្មើសធនធានធម្មជាតិបន្ថែមទៀត៕







