វិភាគអន្តរជាតិ៖ ចំណុចសំខាន់គួរដឹងពីការបោះឆ្នោតពាក់កណ្ដាលអាណត្តិអាមេរិកឆ្នាំ២០២៦
21-10-2026 01:06
(វ៉ាស៊ីនតោន)៖ ការបោះឆ្នោតមុនថ្ងៃកំណត់បានប្រព្រឹត្តទៅជាច្រើនសប្ដាហ៍មកហើយ នៅមុនការបោះឆ្នោតពាក់កណ្ដាលអាណត្តិចូលមកដល់នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ជាពេលដែលអ្នកបោះឆ្នោតអាមេរិកនឹងត្រូវជ្រើសរើសសមាជិកនៃសភាតំណាងរាស្ត្រ (រដ្ឋសភា) ព្រឹទ្ធសភា និងអភិបាលប្រចាំរដ្ឋនៅទូទាំងសហរដ្ឋអាមេរិក។ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដែលប្រព្រឹត្តទៅរៀងរាល់ពាក់កណ្ដាលនៃអាណត្តិ ៤ឆ្នាំរបស់ប្រធានាធិបតីអាមេរិក មានអាសនៈទាំងអស់ចំនួន ៤៣៥ នៅក្នុងរដ្ឋសភាទាំងមូល រួមជាមួយអាសនៈមួយភាគបីឬ ៣៥ នៃអាសនៈទាំង ១០០នៅក្នុងព្រឹទ្ធសភា ត្រូវដាក់ឲ្យប្រកួតប្រជែងរវាងបក្សនយោបាយជាពិសេសបក្សធំៗទាំងពីរបក្សសាធារណរដ្ឋ និងបក្សប្រជាធិបតេយ្យ។
ខាងក្រោមនេះគឺជាចំណុចសំខាន់ៗគួរដឹងពីការបោះឆ្នោតពាក់កណ្ដាលអាណត្តិរបស់សហរដ្ឋអាមេរិក៖
* ការបោះឆ្នោតដែលនឹងសម្រេចថាតើបក្សណាគ្រប់គ្រងសភា?
មានបញ្ហាសំខាន់ៗជាច្រើនអាចនឹងត្រូវសម្រេចដោយលទ្ធផលនៅក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិនេះ ខណៈគណបក្សប្រជាធិបតេយ្យកំពុងព្យាយាមដើម្បីយកជ័យជម្នះសំឡេងភាគច្រើនដើម្បីគ្រប់គ្រងសភាអាមេរិក (រដ្ឋសភា និងព្រឹទ្ធសភា)។ បច្ចុប្បន្ន គណបក្សសាធារណរដ្ឋកំពុងគ្រប់គ្រងសភាតំណាងរាស្ត្រ ឬរដ្ឋសភា ក្នុងសំឡេង ២១៨ ទល់នឹង ២១៤សំឡេងកាន់កាប់ដោយគណបក្សប្រជាធិបតេយ្យ។ នៅក្នុងរដ្ឋសភាអាមេរិកមានកៅអី ២នៅទំនេរ ហើយមានអ្នកតំណាងរាស្ត្រឯករាជ្យម្នាក់ដែលធ្វើការជាមួយគណបក្សសាធារណរដ្ឋ។
ដូច្នេះដើម្បីអាចកាន់កាប់រដ្ឋសភា បក្សប្រជាធិបតេយ្យត្រូវរកឱ្យបាន ៤អាសនៈបន្ថែម ដោយការពារអាសនៈសព្វថ្ងៃកុំឱ្យបាត់បង់។ ឬមួយផ្លូវទៀត គឺគណបក្សប្រជាធិបតេយ្យត្រូវធ្វើយ៉ាងណាដណ្ដើមឱ្យបានអាសនៈ៤បន្ថែមពីគណបក្សសាធារណរដ្ឋ។ ឧទាហរណ៍៖ ប្រសិនបើបក្សប្រជាធិបតេយ្យបាត់បង់ ២អាសនៈទៅឱ្យគណបក្សសាធារណៈ នោះបក្សប្រជាធិបតេយ្យត្រូវដណ្ដើមមកវិញឱ្យបាន ៦អាសនៈពីបក្សសារធារណរដ្ឋ ដើម្បីស៊ីសងគ្នាទៅនៅសល់ ៤អាសនៈ។
គណបក្សប្រជាធិបតេយ្យក៏កំពុងព្យាយាមដណ្ដើមគ្រប់គ្រងព្រឹទ្ធសភាផងដែរ ជាទីដែលគណបក្សសាធារណៈកំពុងក្ដាប់សំឡេងភាគច្រើន ៥៣ ទល់នឹង ៤៧អាសនៈ។ គណបក្សប្រជាធិបតេយ្យត្រូវឈ្នះអាសនៈបន្ថែមចំនួន៤ ដោយការពារកុំឱ្យអាសនៈសព្វថ្ងៃបាត់បង់ ឬធ្វើដូចជាករណីរដ្ឋសភា គឺដណ្ដើមអាសនៈពីគណបក្សសាធារណរដ្ឋ ធ្វើយ៉ាងណាស៊ីសងគ្នារវាងអាសនៈដែលបាត់ និងអាសនៈដែលឈ្នះឱ្យបាននៅសល់ ៤អាសនៈ។ ការប្រកួតប្រជែងយកអាសនៈចំនួន ១០ ក្នុងនោះរួមមានរដ្ឋ Maine, Ohio, North Carolina, Iowa និងរដ្ឋ Georgia អាចនឹងកំណត់ពីអ្នកឈ្នះចាញ់។
* តើការបោះឆ្នោតពាក់កណ្ដាលអាណត្តិជះឥទ្ធិពលលើប្រធានាធិបតីឬ?
ជាទូទៅ ការបោះឆ្នោតពាក់កណ្ដាលអាណត្តិគឺជាពេលវេលាដ៏លំបាកសម្រាប់គណបក្សនយោបាយដែលកំពុងគ្រប់គ្រងសេតវិមាន និងសភា។ ជាក់ស្ដែង ក្នុងឆ្នាំ២០២៦នេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងគណបក្សសាធារណរដ្ឋរបស់លោកដែលកំពុងគ្រប់គ្រងរដ្ឋសភា និងព្រឹទ្ធសភា កំពុងស្ថិតក្នុងស្ថានការណ៍នយោបាយដ៏លំបាក។ នៅទីនេះ ប្រសិនបើគណបក្សសាធារណរដ្ឋបាត់បង់ការគ្រប់គ្រងរដ្ឋសភា ឬព្រឹទ្ធសភា ឬក៏ទាំង២តែម្ដង នោះវានឹងបង្កការលំបាកយ៉ាងខ្លាំងដល់លោក ត្រាំ ក្នុងការអនុវត្តកម្មវិធីនយោបាយ ឬការអនុម័តច្បាប់។
ការបោះឆ្នោតពាក់កណ្ដាលអាណត្តិក៏ជាឱកាសមួយផងដែរដើម្បីឱ្យអ្នកបោះឆ្នោតដាក់ពិន្ទុលើការបំពេញការងាររបស់ប្រធានាធិបតី ព្រមទាំងអាចជំរុញឱ្យសេតវិមានកែតម្រូវគោលនយោបាយ ឬវិធីសាស្ត្រដឹកនាំ ប្រសិនបើពួកគេទទួលបានការដាក់ពិន្ទុទាប។ លទ្ធផលនៃការបោះឆ្នោតពាក់កណ្ដាលអាណត្តិអាចផ្ដល់តម្រុយឱ្យបេក្ខជនប្រធានាធិបតីថាតើពួកគេត្រូវផ្ញើសារបែបណាទៅកាន់អ្នកបោះឆ្នោតនៅក្នុងយុទ្ធនាការបោះឆ្នោតប្រធានាធិបតីបន្ទាប់ ដែលក្នុងករណីនេះនឹងប្រព្រឹត្តទៅនៅឆ្នាំ២០២៨។
* តើការស្ទង់មតិបង្ហាញអ្វីខ្លះ?
បើតាមការស្ទង់មតិរបស់ Reuters/Ipsos អត្រាគាំទ្រចំពោះការបំពេញការងាររបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មានត្រឹមតែ ៣២ភាគរយប៉ុណ្ណោះ។ បញ្ហាក្នុងស្រុកដូចជាការឡើងថ្លៃទំនិញប្រើប្រាស់ទំនងជានឹងជះឥទ្ធិពលដល់នៃការប្រកួតប្រជែង ហើយអាចធ្វើឱ្យការគាំទ្រចំពោះគណបក្សសាធារណរដ្ឋថយចុះ។ ព្រមពេលជាមួយគ្នា វាមានភស្តុតាងបង្ហាញថាអ្នកគាំទ្រអតីតបេក្ខជនប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris មកពីគណបក្សប្រជាធិបតេយ្យកាលពីឆ្នាំ២០២៤ មានការចាប់អារម្មណ៍ចង់ទៅបោះឆ្នោតក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិក្នុងឆ្នាំនេះខ្លាំងជាងអ្នកដែលបានបោះឆ្នោតគាំទ្រលោក ដូណាល់ ត្រាំ។ ប្រសិនបើនិន្នាការបែបនេះនៅតែបន្ត នោះវាអាចជាសញ្ញាមួយបង្ហាញថាគណបក្សប្រជាធិបតេយ្យអាចនឹងទទួលបានជ័យជម្នះនៅខែវិច្ឆិកាខាងមុខ។
បន្ថែមពីលើនេះ វាក៏មានសញ្ញាផងដែរថាអ្នកបោះឆ្នោតជាពលរដ្ឋអាមេរិកមានដើមកំណើតមកពីតំបន់អាមេរិកឡាទីនដែលបានប្ដូរចិត្តទៅគាំទ្រលោក ត្រាំ កាលពីឆ្នាំ២០២៤ អាចនឹងត្រឡប់មកគាំទ្រគណបក្សប្រជាធិបតេយ្យវិញ ក៏ព្រោះតែការខកចិត្តជុំវិញបញ្ហាសេដ្ឋកិច្ច និងគោលនយោបាយអន្តោប្រវេសន៍មួយចំនួនរបស់លោក ត្រាំ។ តែទោះជាយ៉ាងណា ជ័យជម្នះភ្លូកទឹកភ្លូកដីមួយសម្រាប់គណបក្សប្រជាធិបតេយ្យ មិនអាចធានាបានឡើយ។ ម្យ៉ាង គណបក្សសាធារណរដ្ឋនៅតែអាចទទួលបានផលចំណេញពីការសង្ស័យរបស់អ្នកបោះឆ្នោតចំពោះគណបក្សប្រជាធិបតេយ្យ គណបក្សសាធារណរដ្ឋមានលុយច្រើនជាងក្នុងការធ្វើយុទ្ធនាការឃោសនាបោះឆ្នោត និងការព្រួយបារម្ភពីអ្នកបោះឆ្នោតមាននិន្នាការកណ្ដាលនិយមទៅលើជ័យជម្នះរបស់បេក្ខជនមួយចំនួនមាននិន្នាការឆ្វេងនិយមក្នុងការបោះឆ្នោតបឋមរបស់គណបក្សប្រជាធិបតេយ្យ។
គួរបញ្ជាក់ថា ប្រសិនបើគណបក្សប្រជាធិបតេយ្យអាចគ្រប់គ្រងរដ្ឋសភា នោះប្រធានរដ្ឋសភា អាចគឺលោក Hakeem Jeffries ជាអ្នកតំណាងរាស្ត្របក្សប្រជាធិបេតយ្យមកពីរដ្ឋញូវយ៉ក និងដែលបច្ចុប្បន្នគឺជាមេដឹកនាំរបស់គណបក្សប្រជាធិបតេយ្យនៅក្នុងរដ្ឋសភា។ លើសពីនេះទៅទៀត បើរឿងនេះក្លាយជាការពិតមែន នោះលោក Hakeem Jeffries ត្រូវបានរំពឹងថានឹងបញ្ជាឱ្យគណៈកម្មាធិការរដ្ឋសភាបើកការស៊ើបអង្កេតលើសសកម្មភាពដ៏ចម្រូងចម្រាសមួយចំនួនរបស់លោក ត្រាំ ព្រមទាំងមនុស្សជំនិតរបស់លោក។ ផ្ទុយទៅវិញ ប្រសិនបើគណបក្សសាធារណរដ្ឋទទួលបានជ័យជម្នះ តំណែងប្រធានរដ្ឋសភានឹងបន្តស្ថិតក្នុងកណ្ដាប់ដៃរបស់គណបក្សសាធារណរដ្ឋ មិនថាជាលោក Mike Johnson ដែលជាប្រធានរដ្ឋសភាសព្វថ្ងៃ ឬក៏នរណាម្នាក់ផ្សេងមកពីគណបក្សសាធារណរដ្ឋ៕
