រដ្ឋមន្ត្រីសុខាភិបាល អញ្ជើញធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំលើកទី៧៧ តំបន់ប៉ាស៊ីហ្វិកខាងលិច របស់អង្គការសុខភាពពិភពលោក នៅរដ្ឋធានីម៉ានីល សាធារណរដ្ឋហ្វីលីពីន
20-10-2026 22:54
(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងប្រតិភូ នាល្ងាចថ្ងៃទីអង្គារ ៩កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានចូលរួមកិច្ចប្រជុំលើកទី៧៧ តំបន់ប៉ាស៊ីហ្វិកខាងលិចរបស់អង្គការសុខភាពពិភពលោក នៅរដ្ឋធនីម៉ានីល សាធារណរដ្ឋហ្វីលីពីន។
ក្នុងអំឡុងពេលនៃការចូលរួមកិច្ចប្រជុំលើកទី៧៧ កម្ពុជាបានចូលរួម និងដើរតួនាទីយ៉ាងសកម្មក្នុងការពង្រឹងសុខាភិបាលតំបន់ប៉ាស៊ីហ្វិកខាងលិច។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានគូសរំលេចពីសមិទ្ធផលគួរឱ្យកត់សម្គាល់របស់កម្ពុជា បង្ហាញជូនកិច្ចប្រជុំលើកទី៧៧ រួមមាន៖
១៖ ការពង្រឹងការថែទាំសុខភាពបឋម
២៖ ការឃ្លាំមើលនិងស្រាវជ្រាវករណីជំងឺ (Diseases Surveillance)
៣៖ ការត្រៀមលក្ខណៈនិងឆ្លើយតបគ្រាអាសន្នសុខភាពសាធារណៈ
៤៖ នៅលើដំណើរផ្លូវទៅប្រកាសជាផ្លូវការអំពីការលុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជា
៥៖ ការពង្រីកកម្មវិធីចាក់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន
៦៖ ការសម្រេចបានគោលដៅ ៩៥-៩៥-៩៥ នៃជំងឺអេដស៍
នាឳកាសនោះនាយកប្រចាំតំបន់ក៏បានសម្តែងនូវការកោតសរសើរកម្ពុជាចំពោះលទ្ធផលរយៈពេល១ឆ្នាំកន្លងមកនេះ។ កិច្ចប្រជុំលើកទី៧៧ តំបន់ប៉ាស៊ីហ្វិកខាងលិចរបស់អង្គការសុខភាពពិភពលោក នឹងអនុម័តដំណោះស្រាយមួយចំនួនផងដែរ។
សូមជម្រាបថា រដ្ឋមន្ត្រីសុខាភិបាល បានដឹកនាំគណៈប្រតិភូ ចូលរួមពិធីបើកកិច្ចប្រជុំលើកទី៧៧ របស់អង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ក្រោមមូលប “Weaving Health for All”។
ក្នុងកិច្ចប្រជុំនេះក្រសួងសុខាភិបាល ឬតំណាងរដ្ឋ សមាជិក និងដែនដី ចំនួន ៣៨ រួមទាំងកម្ពុជា បានជួបប្រជុំប្រចាំឆ្នាំ ដេីម្បីស្តាប់របាយការណ៍វឌ្ឍនភាពរបស់តំបន់ក៏ដូចជារដ្ឋសមាជិកនីមួយៗ ដេីម្បីកំណត់យុទ្ធសាស្រ្តអាទិភាពសម្រាប់ឆ្លេីយតបបញ្ហាប្រឈមទាំងនៅកម្រិតតំបន់និងប្រទេស ព្រមទាំងលេីកផែនការថវិកាក្នុងរយ:ពេល៣ឆ្នាំបន្ត (២០២៧-២០២៩) សម្រាប់ការិយាល័យតំបន់ និងប្រទេស។
កិច្ចប្រជុំនេះក៏ជាវេទិកាថ្នាក់តំបន់មួយ ដែលរៀបចំឡើងជាទៀងទាត់រៀងរាល់ឆ្នាំ ដើម្បីរៀបចំគោលនយោបាយ ត្រួតពិនិត្យកម្មវិធី ឬគម្រោងនានាក្នុងតំបន់ របាយការណ៍វឌ្ឍនភាព ពិចារណាកែសម្រួល និងអនុម័តគំនិតផ្តួចផ្តើមថ្មីៗ។ លើសពីនេះ កិច្ចប្រជុំធ្វើឡើង ដើម្បីស្វែងរក និងអនុម័តដំណោះស្រាយបញ្ហានានា និងរៀបចំសេចក្ដីសម្រេច ដើម្បីផ្ដល់ការណែនាំការងារទៅការិយាល័យថ្នាក់តំបន់ និងការិយាល័យប្រចាំប្រទេសសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត៕






