អ្នកឧកញ៉ា សៀ ឬទ្ធី អញ្ជើញចូលរួមវេទិកា Bloomberg New Economy Forum 2026 នៅទីក្រុងញូវដែលី
20-10-2026 22:26
(ញូវដែលី)៖ អ្នកឧកញ៉ា សៀឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលដ៍ប្រ៊ីដ គ្រុប (WorldBridgeGroup of Companies) បានចូលរួមក្នុងវេទិកា Bloomberg New Economy Forum 2026 ដែលរៀបចំឡើងចាប់ពីថ្ងៃទី ១៣-១៥ ខែតុលា នៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា។
វេទិកានេះបានប្រមូលផ្តុំដោយថ្នាក់ដឹកនាំរដ្ឋ និងរដ្ឋាភិបាល មេដឹកនាំធុរកិច្ច វិនិយោគិន និងអ្នករៀបចំគោលនយោបាយ មកពិភាក្សាអំពីកត្តាសំខាន់ៗដែលកំពុងកំណត់ទិសដៅសេដ្ឋកិច្ចពិភពលោកឡើងវិញ ដោយផ្តោតជាពិសេសលើតួនាទីកាន់តែសំខាន់របស់ប្រទេសឥណ្ឌាក្នុងបរិបទពិភពលោកដែលកំពុងវិវត្តទៅរកការបែងចែក និងភាពស្មុគស្មាញកាន់តែខ្លាំង។
វត្តមានអ្នកចូលរួមសំខាន់ៗរួមមាន លោក Michael R. Bloomberg ស្ថាបនិកក្រុមហ៊ុន Bloomberg L.P. និង Bloomberg Philanthropies, លោក The Rt. Hon. Rishi Sunak អតីតនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស, លោក Natarajan Chandrasekaran ប្រធានក្រុមហ៊ុន Tata Sons និងលោក Mario Draghi អតីតប្រធានធនាគារកណ្តាលអឺរ៉ុប។
ក្នុងនោះកិច្ចពិភាក្សាបានគ្របដណ្តប់លើប្រធានបទជាច្រើន រួមមានការបែងចែក និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក ការកើនឡើងនៃឥទ្ធិពលសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា លំហូរនៃមូលធនវិនិយោគទៅកាន់ទីផ្សារកំពុងអភិវឌ្ឍន៍ ភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ ព្រមទាំងតួនាទីរបស់បញ្ញាសិប្បនិម្មិត (AI) និងថាមពលក្នុងដំណាក់កាលបន្ទាប់នៃកំណើនសេដ្ឋកិច្ច។ ដោយប្រធានបទទាំងនេះស្របទៅនឹងអាទិភាពយុទ្ធសាស្ត្ររបស់ WorldBridge Group ក្នុងការពង្រីក និងពង្រឹងវត្តមានរបស់ខ្លួននៅរាល់គ្រប់វិស័យ។
ការចូលរួមរបស់ អ្នកឧកញ៉ា សៀ ឬទ្ធី នៅទីក្រុងញូវដែលី បានបង្ហាញពីការកើនឡើងនៃតួនាទី និងសក្ដានុពលរបស់ប្រទេសកម្ពុជាក្នុងតំបន់អាស៊ាន និងសេដ្ឋកិច្ចពិភពលោក ព្រមទាំងបញ្ជាក់ពីជំហររឹងមាំរបស់ WorldBridge Group ក្នុងនាមជាដៃគូរយៈពេលវែងសម្រាប់វិនិយោគិន និងស្ថាប័ននានាដែលកំពុងស្វែងរកឱកាសនៅក្នុងតំបន់។ ក្រុមហ៊ុននឹងបន្តចូលរួមក្នុងវេទិកា និងកិច្ចពិភាក្សាអន្តរជាតិដែលផ្តោតសំខាន់លើលំហូរនៃមូលធនវិនិយោគ ការតភ្ជាប់ពាណិជ្ជកម្ម និងភាពជាដៃគូក្នុងវិស័យឧស្សាហកម្ម ដែលនឹងកំណត់ទិសដៅនៃកំណើនសេដ្ឋកិច្ចក្នុងតំបន់នាពេលអនាគត៕
