FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជាជំរុញឱ្យអាល្លឺម៉ង់វិនិយោគលើកសិ-ឧស្សាហកម្ម និងបច្ចេកវិទ្យាកែច្នៃ ដើម្បីបង្កើនតម្លៃបន្ថែមនាំចេញទៅអឺរ៉ុប (Video inside)

20-10-2026 22:09

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យភាគីអាល្លឺម៉ង់បង្កើនការវិនិយោគបន្ថែមលើវិស័យកសិ-ឧស្សាហកម្មនៅកម្ពុជា ដោយនាំយកបច្ចេកវិទ្យាទំនើបមកកែច្នៃកសិផលពីវត្ថុធាតុដើម ឱ្យទៅជាផលិតផលពាក់កណ្តាលសម្រេច និងផលិតផលសម្រេច ដើម្បីបង្កើនតម្លៃបន្ថែម (Value-added) សម្រាប់ផ្គត់ផ្គង់ និងនាំចេញទៅកាន់ទីផ្សារអាល្លឺម៉ង់ ក៏ដូចជាទីផ្សារអឺរ៉ុបទាំងមូល។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយជំនួបសម្តែងការគួរសមរវាងសម្តេចប្រធានរដ្ឋសភា ជាមួយឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា លោក កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យសម្តេចប្រធានរដ្ឋសភា បានបញ្ជាក់ថា កម្ពុជាជាប្រទេសដែលមានសក្តានុពលខ្ពស់លើវិស័យកសិកម្ម។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា អាល្លឺម៉ង់ដែលមានភាពជឿនលឿនខ្លាំងផ្នែកបច្ចេកវិទ្យាទំនើប អាចចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយបំប្លែងធនធានវត្ថុធាតុដើមរបស់កម្ពុជា ឱ្យមានតម្លៃកាន់តែខ្ពស់ និងមានលទ្ធភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។

ទន្ទឹមនឹងនេះ សម្តេចបានលើកឡើងបន្ថែមថា វិនិយោគិនអាល្លឺម៉ង់មិនត្រឹមតែអាចសម្លឹងមើលកម្ពុជាជាទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែអាចមើលកម្ពុជាជាច្រកយុទ្ធសាស្ត្រក្នុងការតភ្ជាប់ទៅកាន់ទីផ្សារតំបន់អាស៊ាន ដែលមានប្រជាជនជាង ៦០០លាននាក់ ព្រមទាំងទីផ្សារនៃក្របខណ្ឌកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ផងដែរ។

ជាការឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានលើកឡើងពីកិច្ចសហការយ៉ាងសកម្មរបស់ទីភ្នាក់ងារអភិវឌ្ឍន៍អាល្លឺម៉ង់ (GIZ) ដែលកំពុងធ្វើការងារជាប្រចាំជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងក្រសួងពាណិជ្ជកម្មកម្ពុជា ក្នុងការលើកកម្ពស់តម្លៃបន្ថែមលើផលិតផលកសិកម្ម ដើម្បីធ្វើយ៉ាងណាឱ្យការកែច្នៃកសិផលពីវត្ថុធាតុដើមទៅជាផលិតផលពាក់កណ្តាលសម្រេច ឬសម្រេច ទទួលបានផលចំណេញកាន់តែច្រើន៕