FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ទីរពិសោធន៍ជាតិសំណង់ និងក្រុមហ៊ុន កំពត ស៊ីមេន ​ប្តេជ្ញាចិត្តរួមគ្នា ​លើកស្ទួយគុណភាពសម្ភារសំណង់​ ស៊ីម៉ងត៍ និងបេតុង នៅកម្ពុជា (Video inside)

20-10-2026 18:59

(ភ្នំពេញ)៖ មន្ទីរពិសោធន៍ជាតិសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមហ៊ុន កំពត ស៊ីមែន ​បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ​ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការពិសោធ ការត្រួតពិនិត្យ ការបង្កើនចំណេះដឹង និងការវាយតម្លៃគុណភាពស៊ីម៉ងត៍ និងបេតុង ឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងលើកកម្ពស់ការស្រាវជ្រាវស៊ីម៉ងត៍ និងបេតុងក្នុងវិស័យសំណង់ តាមបច្ចេកវិទ្យាថ្មីៗ។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក សាយ សំអាល់​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ​

លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្តែងការអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការ រវាងមន្ទីរពិសោធន៍ជាតិសំណង់ ​និងក្រុមហ៊ុន កំពត ស៊ីមែន ដោយបានបញ្ជាក់ថា ទាំងក្រសួង និងក្រុមហ៊ុន មានបេសកកម្មរួមគ្នាក្នុងការបម្រើវិស័យសំណង់ និងប្រជាជនកម្ពុជា ដែលជាអតិថិជនចុងក្រោយ។ ​
​
លោក គិត គីមអ៊ន តំណាងក្រុមហ៊ុន កំពត ស៊ីមែន បានថ្លែងថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ក្រុមហ៊ុន Kampot Cement ​ប្តេជ្ញាចិត្តរួមគ្នា ក្នុងការលើកស្ទួយគុណភាពសម្ភារសំណង់នៅ កម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយផ្តោតសំខាន់លើការផ្ទៀងផ្ទាត់គោលការណ៍ណែនាំបច្ចេកទេស ដោយយកចិត្តទុកដាក់លើគុណភាពស៊ីម៉ង់ត៍ និងបេតុង ផ្អែកលើបទដ្ឋានស្តង់ដារអន្តរជាតិសំខាន់ៗដូចជា ACI, JIS, និង EUROCODE ជាដើម។

បន្ថែមពីនេះ ភាគីទាំងពីរនឹងផ្តល់ការគាំទ្របច្ចេកទេស និងការបណ្ដុះបណ្ដាល ដោយចែករំលែកចំណេះដឹង បទពិសោធន៍ និងជំនាញដល់ភាគីពាក់ព័ន្ធក្នុងវិស័យសំណង់ ដើម្បីជំរុញការអនុវត្តការសាងសង់ឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពខ្ពស់។ ​បន្ថែមពីនេះ កិច្ចសហប្រតិបត្តការនេះ នឹងជំរុញការលើកកម្ពស់សុវត្ថិភាព និងគុណភាពគ្រឿងបង្គុំសំណង់ ដោយធានាថាសម្ភារប្រើប្រាស់មានភាពរឹងមាំ គង់វង្ស និងយូរអង្វែង ដើម្បីកាត់បន្ថយហានិភ័យផ្សេងៗ។

លោកបន្តថា​«​​តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយមន្ទីរពិសោធន៍ជាតិសំណង់ ក្រុមហ៊ុន Kampot Cement ជឿជាក់ថាការផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងការលើកកម្ពស់ការយល់ដឹងក្នុងវិស័យនេះ គឺជាដំណោះស្រាយរួមសម្រាប់លើកស្ទួយវិស័យសំណង់ជាតិទាំងមូល។ព្រឹត្តិការណ៍នាថ្ងៃនេះ មិនត្រឹមតែជាការចុះហត្ថលេខាលើឯកសារប៉ុណ្ណោះទេ ប៉ុន្តែគឺជា សក្ខីភាពនៃការប្តេជ្ញាចិត្តរួមគ្នាក្នុងការកសាងអនាគតវិស័យសំណង់កម្ពុជា ឱ្យកាន់តែមានសុវត្ថិភាព រឹងមាំ និងមានចីរភាព ដើម្បីជាប្រយោជន៍ដ៏ឧត្តុង្គឧត្តមជូនជាតិ និងប្រជាជនយើង»។​

លោក ញ៉ ហេង អគ្គនាយកមន្ទីរពិសោធន៍ជាតិសំណង់ បានគូសបញ្ជាក់ថា ឧស្សាហកម្មស៊ីម៉ងត៍ បានជំរុញការអភិវឌ្ឍ និងសមត្ថភាពនៃការសាងសង់សំណង់អគារខ្ពស់ៗ ដែលជួយ លើកកម្ពស់កំណើនសេដ្ឋកិច្ច និងតម្រូវការរស់នៅរបស់ប្រជាជនកម្ពុជា។ ​ហេតុនេះ ការរៀបចំបទដ្ឋានបច្ចេកទេស និងការត្រួតពិនិត្យគុណភាពស៊ីម៉ងត៍ ឱ្យស្របទៅនឹងស្ថានភាពជាក់ស្តែង និងបទដ្ឋានអន្តរជាតិ គឺជាតម្រូវការចាំបាច់ដែលមិនអាចខ្វះខាតបាន ដើម្បីធានាគុណភាព សុវត្ថិភាព និងអាយុកាលរបស់សំណង់។

លោកបានគូសបញ្ជាក់ថា «ក្រោយពីការចុះកិច្ចព្រមព្រៀង ​អង្គភាពទាំង២ នឹងខិតខំសហការគ្នាអនុវត្ត ទៅតាមផែនការសកម្មភាពដែលបានគ្រោងទុក ដូចជាការបញ្ជាក់គុណភាពស៊ីម៉ងត៍ បេតុង ការរៀបចំបទដ្ឋានបច្ចេកទេសស៊ីម៉ង់ត៍ និងសិក្សាស្រាវជ្រាវនូវបច្ចេវិទ្យាថ្មីៗ ឱ្យស្របតាមតម្រូវការជាក់ស្តែងក្នុងប្រទេស និងអន្តរជាតិ​»៕