FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជា និងក្រុមហ៊ុនជប៉ុនចំនួនពីរ សហការលើកកម្ពស់ការបណ្តុះបណ្តាលភាសា និងពង្រីកឱកាសការងារជូនយុវជនខ្មែរ

20-10-2026 18:53

(តូក្យូ)៖ លោក ជុំ សុន្ទរី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនជប៉ុនចំនួនពីរ គឺក្រុមហ៊ុន SDM Co., Ltd. និងក្រុមហ៊ុន KUROFUNE Co., Ltd. ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស តាមរយៈការដាក់ចេញនូវគម្រោងបណ្តុះបណ្តាលភាសា និងវប្បធម៌ជប៉ុន ព្រមទាំងបើកច្រកឱកាសការងារបន្ថែមសម្រាប់ពលករជំនាញកម្ពុជា។ ជំនួបនេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នៅស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងតូក្យូ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ចុះថ្ងៃទី២០ ខែតុលា បានឱ្យដឹងថា នៅក្នុងជំនួបខាងលើ លោក KUSAMURA Sota នាយកតំណាងក្រុមហ៊ុន SDM Co., Ltd. និងលោក KURAKATA Ryo នាយកតំណាងក្រុមហ៊ុន KUROFUNE Co., Ltd. បានជម្រាបជូនពីគម្រោងសហការរួមគ្នាមួយមានឈ្មោះថា «J.P.S. ការអប់រំភាសាជប៉ុន ដើម្បីអាចជ្រើសរើសអនាគតដោយខ្លួនឯង»។ គម្រោងនេះ មានគោលដៅបណ្តុះបណ្តាលភាសា វប្បធម៌ និងទំនៀមទម្លាប់ជប៉ុនដល់សិស្សវិទ្យាល័យកម្ពុជាចាប់ពីថ្នាក់ទី១០ ដល់ថ្នាក់ទី១២ ព្រមទាំងជួយសម្របសម្រួល ណែនាំការងារ និងផ្តល់ការគាំពារសមស្របជូនពួកគេ ពេលទៅបម្រើការងារនៅប្រទេសជប៉ុន។

លោក KUSAMURA បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ និងភាពឧស្សាហ៍ព្យាយាមរបស់ពលរដ្ឋកម្ពុជា ដែលកំពុងបំពេញការងារនៅក្រុមហ៊ុន SDM រួមមាន សិក្ខាកាមជំនាញប្រមាណ ១១០នាក់ ពលករជំនាញពិសេស ៥នាក់ និងបុគ្គលិក ៣នាក់។ ជាមួយគ្នានេះ លោកបានបង្ហាញការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការបន្តបង្កើតឱកាសការងារបន្ថែម និងចូលរួមលើកកម្ពស់ជំនាញរបស់ពលករកម្ពុជាឱ្យកាន់តែប្រសើរឡើង។

ជាការឆ្លើយតប លោក ជុំ សុន្ទរី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគំនិតផ្តួចផ្តើមនេះ និងបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការអភិវឌ្ឍកម្លាំងពលកម្មជំនាញ ការបង្កើតឱកាសការងារសមរម្យ និងការធានាសុខុមាលភាពជូនពលករខ្មែរ។ ឯកឧត្តមឯកអគ្គរាជទូត បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជាក់ស្តែងដល់យុវជនដើម្បីឆ្លើយតបនឹងទីផ្សារការងារសកលលោក។

លោកឯកអគ្គរាជទូត បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហការជាមួយក្រុមហ៊ុនជប៉ុនទាំងពីរ នឹងផ្តល់ផលប្រយោជន៍ទៅវិញទៅមកយ៉ាងច្រើនលើវិស័យធនធានមនុស្ស និងការងារ ព្រមទាំងជួយពង្រឹងចំណងមិត្តភាព សេដ្ឋកិច្ច និងទំនាក់ទំនងរវាងប្រជាជនកម្ពុជា និងជប៉ុនឱ្យកាន់តែជិតស្និទ្ធថែមទៀត៕