សម្តេចតេជោ ហ៊ុន សែន ចង់ឃើញកម្ពុជា និងក្រូអាស៊ី មានកិច្ចព្រមព្រៀងគាំពារអ្នកវិនិយោគ និងការមិនយកពន្ធត្រួតគ្នា
20-10-2026 18:38
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ចង់ឃើញប្រទេសកម្ពុជា និងក្រូអាស៊ី មានកិច្ចព្រមព្រៀងគាំពារអ្នកវិនិយោគ និងការមិនយកពន្ធត្រួតគ្នា ដើម្បីជំរុញទំនាក់ទំនងផ្នែកសេដ្ឋកិច្ចកាន់តែល្អប្រសើរ។
បំណងសម្តេចតេជោ ហ៊ុន សែន ត្រូវបានលើកឡើង ក្នុងពេលសម្តេចអនុញ្ញាតឱ្យលោក បណ្ឌិត ហ្គ័រដាន់ ហ្កឺលីច រ៉ាដម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
នៅវិមានសាមគ្គីភាព នារសៀលថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២៦នេះ។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការស្វាគមន៍ចំពោះ លោក Gordan Grlić Radman ដែលបានអញ្ជើញមកទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានាឱកាសនេះ។ សម្ដេចតេជោ បានចាត់ទុកដំណើរទស្សនកិច្ចរបស់លោកនៅពេលនេះ នឹងក្លាយទៅជាការរួមចំណែកដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ីឱ្យកាន់តែរីកចម្រើន។
លោករដ្ឋមន្ត្រី បានសម្ដែងការអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូបានជួបសម្ដែងការគួរសម។ លោករដ្ឋមន្ត្រី បានលើកឡើងថា សម្ដេចតេជោ គឺជាតួអង្គដ៏សំខាន់មួយក្នុងការកសាងសន្តិភាពកម្ពុជា ក៏ដូចជាការជំរុញនូវសន្តិភាពក្នុងតំបន់ និងពិភពលោក។
លោករដ្ឋមន្ត្រី បានគូសរំលេចថា កម្ពុជា គឺជាដៃគូដ៏មានសារៈសំខាន់របស់ក្រូអាស៊ី ហើយកម្ពុជា បានដើរតួនាទីយ៉ាងសកម្មនៅក្នុងតំបន់អាស៊ាន។ បន្ថែមពីលើនេះ លោករដ្ឋមន្ត្រី បានជម្រាបជូនសម្ដេចតេជោ អំពីជំនួបរបស់លោកជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជំនួបជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អំពីផ្លែផ្កាដែលប្រទេសទាំងពីរបានរួមគ្នានៅក្នុងការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ីឱ្យកាន់តែរីកចម្រើន។ ជាពិសេសក៏បានចុះហត្ថលេខាចំនួន២ នៅពេលជួបជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីពង្រឹងទៅលើផ្នែកពាណិជ្ជកម្ម វិនិយោគ សេដ្ឋកិច្ចរួមទាំងការបណ្ដុះបណ្ដាលធនធានមនុស្ស រវាងប្រទេសទាំងពីរ ជាពិសេសគឺការបណ្ដុះបណ្ដាលអ្នកការទូតតែម្ដង។
សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញការពេញចិត្តចំពោះការលើកឡើងរបស់លោករដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ចំពោះទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី។ សម្ដេចតេជោ បង្ហាញការគាំទ្រចំពោះការចុះហត្ថលេខា ក្នុងការពង្រឹងនូវទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន ពោលគឺផ្ដោតទៅលើការពង្រឹងនូវវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ រវាងប្រទេសទាំងពីរ រួមទាំងការបណ្ដុះបណ្ដាលធនធានមនុស្សនៅក្នុងវិស័យការទូត។
សម្ដេចតេជោ ក៏បាន ដោយជំរុញឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរបង្កើតនូវកិច្ចសហប្រតិបត្តិការគ្នាបន្ថែមទៀត ហើយអាចនឹងមានការពិចារណាក្នុងការចុះកិច្ចព្រមព្រៀងជាមួយគ្នានៅពេលខាងមុខ ពាក់ព័ន្ធទៅនឹងកិច្ចព្រមព្រៀងគាំពារអ្នកវិនិយោគ រួមទាំងកិច្ចព្រមព្រៀងការមិនយកពន្ធត្រួតគ្នាជាដើម៕




















