ជំហានថ្មីលើវិថីអប់រំ! សាលាអន្តរជាតិអូស្ត្រាលីភ្នំពេញ ចាប់ដៃសាកលវិទ្យាល័យ Western Sydney University របស់អូស្ត្រាលី ផ្តល់ការអប់រំកម្រិតអន្តរជាតិ
20-10-2026 17:57
(ភ្នំពេញ)៖ សមិទ្ធផលដ៏សំខាន់ថ្មីមួយទៀតក្នុងវិស័យអប់រំនៅកម្ពុជា សាលាអន្តរជាតិអូស្ត្រាលីភ្នំពេញ (AISPP) បានចាប់ដៃ សាកលវិទ្យាល័យ Western Sydney University នៅប្រទេសអូស្ត្រាលី ផ្តល់ការអប់រំកម្រិតអន្តរជាតិ។
កិច្ចសហប្រតិបត្តិការដ៏សំខាន់នេះ គឺជាជំហានថ្មីមួយក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអប់រំអន្តរជាតិ ពង្រីកឱកាសបន្តការសិក្សានៅសាកលវិទ្យាល័យលំដាប់ពិភពលោក និងបង្កើតឱកាសអប់រំកាន់តែទូលំទូលាយសម្រាប់យុវជនជំនាន់ក្រោយ។
ពិធីចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងសាលាអន្តរជាតិអូស្ត្រាលីភ្នំពេញ ជាមួយសាកលវិទ្យាល័យ Western Sydney University របស់ប្រទេសអូស្ត្រាលី ធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦នេះ
ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់លោកបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា។
សាកលវិទ្យាល័យ Western Sydney University (WSU) គឺជាសាកលវិទ្យាល័យសាធារណៈឈានមុខគេមួយរបស់ប្រទេសអូស្ត្រាលី ដែលទទួលបានការទទួលស្គាល់ជាអន្តរជាតិចំពោះការប្តេជ្ញាចិត្តលើឧត្តមភាពសិក្សា ការបង្រៀនប្រកបដោយនវានុវត្តន៍ ការស្រាវជ្រាវដែលបង្កើតផលវិជ្ជមាន និងការចូលរួមអភិវឌ្ឍសហគមន៍។
ដោយមានសហគមន៍និស្សិតអន្តរជាតិចម្រុះជាតិសាសន៍ និងមានទំនាក់ទំនងយ៉ាងរឹងមាំជាមួយវិស័យឧស្សាហកម្ម សាកលវិទ្យាល័យ WSU បានត្រៀមលក្ខណៈឱ្យនិស្សិតបញ្ចប់ការសិក្សាមានចំណេះដឹង ជំនាញ និងទស្សនវិស័យសកល ដើម្បីទទួលបានជោគជ័យក្នុងពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។
កិច្ចសហការដែលចុះហត្ថលេខានៅថ្ងៃនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការផ្សារភ្ជាប់ការអប់រំនៅកម្រិតសាលារៀនទៅនឹងការអប់រំឧត្តមសិក្សាលំដាប់ពិភពលោក ដើម្បីផ្តល់ឱកាសឱ្យសិស្សានុសិស្សសម្រេចបាននូវក្តីប្រាថ្នាផ្នែកសិក្សា និងទទួលបានជោគជ័យនៅលើឆាកអន្តរជាតិ។
សម្រាប់ទស្សនៈវិស័យរបស់សាលាអន្តរជាតិអូស្ត្រាលីភ្នំពេញ (AISPP) ការអប់រំមិនគួរត្រូវបានកំណត់ដោយព្រំដែនភូមិសាស្ត្រឡើយ។ ផ្ទុយទៅវិញ ការអប់រំត្រូវតែបើកទ្វារឆ្ពោះទៅរកឱកាសថ្មីៗ និងបណ្តុះបណ្តាលយុវជនជំនាន់ក្រោយឱ្យក្លាយជាអ្នកដឹកនាំដែលមានចក្ខុវិស័យសកល៕













