FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជាបន្តអនុវត្តផែនការសកម្មភាពអនុតំបន់ដំណាក់កាលទី១៣ ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងតំបន់

20-10-2026 17:44

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងបញ្ជាក់ថា កម្ពុជាបាននិងកំពុងបន្តអនុវត្តយន្តការរួមនៃផែនការសកម្មភាពអនុតំបន់ (SAP) ដំណាក់កាលទី១៣ (ឆ្នាំ ២០២៥-២០២៧) ក្នុងគោលបំណងចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងតំបន់ប្រកបដោយប្រសិទ្ធភាព។

ការថ្លែងនេះធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការមន្ត្រីជាន់ខ្ពស់ (SOC) នៃភាគីហត្ថលេខីលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ១៩៩៣ ស្តីពីការត្រួតពិនិត្យគ្រឿងញៀននៅក្នុងអនុតំបន់ទន្លេមេគង្គ។

កិច្ចប្រជុំនេះត្រូវបានសម្របសម្រួលដោយ UNODC ដោយមានការចូលរួមពីប្រទេសចំនួន៦ រួមមាន កម្ពុជា ចិន វៀតណាម ឡាវ ភូមា និងថៃ ដែលប្រព្រឹត្តទៅពីថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០២៦ ខណៈដែលកម្ពុជាបានចូលរួមតាមប្រព័ន្ធពីចម្ងាយ (ZOOM)។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសទាំង៦ និងបានបង្ហាញនូវជំនឿយ៉ាងមុតមាំថា កិច្ចប្រជុំនេះនឹងក្លាយជាវេទិកាដ៏សំខាន់សម្រាប់ចែករំលែកការប្តេជ្ញាចិត្ត និងដំណោះស្រាយចំពោះបញ្ហាប្រឈមនានាដែលបានជួបប្រទះកន្លងមក ព្រមទាំងផ្តល់ជាធាតុចូលសម្រាប់ផែនការសកម្មភាពអនុតំបន់ថ្មី។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ក៏បានសង្កត់ធ្ងន់ផងដែរថា កម្ពុជាកំពុងបន្តអនុវត្តផែនការសកម្មភាពអនុតំបន់ (SAP) ដំណាក់កាលទី១៣ ដែលបានអនុម័តរួចហើយ ព្រមទាំងផែនការសកម្មភាពអនុតំបន់ (SAP) សម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត។

បញ្ហាប្រឈមថ្មីៗដូចជាការប្រើប្រាស់សារធាតុផ្លូវចិត្តថ្មីៗ (New Psychoactive Substances) ដូចជាសារធាតុ Etomidate ជាដើម ក៏ជាកង្វល់ថ្មីដែលត្រូវយកចិត្តទុកដាក់។

ការទប់ស្កាត់ការជួញដូរគ្រឿងញៀនខុសច្បាប់ និងកាត់បន្ថយការគំរាមកំហែងដែលបង្កឡើងដោយគ្រឿងញៀននៅក្នុងតំបន់ គឺជាការរួមចំណែកដ៏សំខាន់ដល់ការអនុវត្តការប្តេជ្ញាចិត្តដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំ UNGASS។