FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផ្ទះចំនួន ៣ខ្នង និងបង្គន់អនាម័យចំនួន ៣  ត្រូវបានសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ផ្ដល់ជូនដល់គ្រួសារងាយរងគ្រោះ និងគ្រួសាររងហានិភ័យ នៅក្រុងព្រៃវែង ខេត្តព្រៃវែង

20-10-2026 17:41

(ព្រៃវែង)៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោក សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំគណៈកម្មាធិការសាខាខេត្ត ប្រតិភូអមដំណើរ មន្ទីរ អង្គភាព ក្រុមប្រតិបត្តិសាខា លោក ចន វៃ ប្រធានគណៈកម្មាធិការអនុសាខាក្រុងព្រៃវែង ក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្ត ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា ចុះប្រគល់ផ្ទះ ៣ខ្នង ទំហំ ៤មx៦ម ធ្វើអំពីឈើ ដំបូលប្រក់ក្បឿងជ័រ ជញ្ជាំងជ័រ និងបង្គន់អនាម័យចំនួន ៣ ក្នុងផែនការឆ្នាំ២០២៦ ជាអំណោយរបស់សាខាខេត្ត ផ្ដល់ជូនដល់គ្រួសារក្រីក្រ ១គ្រួសារ និងគ្រួសាររងហានិភ័យ ២គ្រួសារ នៅសង្កាត់បារាយណ៍ តាកោ និងសង្កាត់ជើងទឹក ក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង។

ក្នុងឱកាសនោះ ក្រុមប្រតិបត្តិសាខា អនុសាខាស្រុក អ្នកស្ម័គ្រចិត្តភូមិ និងយុវជនកាកបាទក្រហមកម្ពុជា បានបញ្រ្ជាបការអប់រំផ្សព្វផ្សាយវិជ្ជាសង្គ្រោះបឋម អនាម័យទឹកស្អាតក្នុងគ្រាអាសន្ន ការត្រៀមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ វិធានការបង្ការការឆ្លងរាលដាលនៃជំងឺគ្រុនឈាម-គ្រុនឈីក សុវត្ថិភាពចរាចរណ៍ ការប្រែប្រួលអាកាសធាតុ និងបរិស្ថាន គោលការណ៍គ្រឹះចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព សរុបអ្នកចូលរួមចំនួន ១៣២នាក់ ស្រី ៨៧នាក់។
ក្រៅពីការប្រគល់ផ្ទះ សម្ភារៈផ្ដល់ជូនបន្ថែមរួមមាន៖

- សាខាខេត្ត៖ អង្ករ ២៥គ.ក ឃីត ១កញ្ចប់ (មុង ភួយ សារុង ក្រមា) មី ១កេស ត្រីខ ១យួរ និងថវិកាក្នុង ១គ្រួសារ ចំនួន ១០០,០០០រៀល។
- សាខាខេត្ត បានឧបត្ថម្ភកង់ ជូនដល់កូនៗរបស់គ្រួសារទទួលផលផ្ទះ នៅសង្កាត់តាកោ ១គ្រឿង និងសង្កាត់ជើងទឹក ១គ្រឿង សម្រាប់ធ្វើដំណើរទៅមកសាលារៀន។

លោក សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បានដោះស្រាយនូវសំណូមពររបស់គ្រួសារទទួលផលផ្ទះ រួមមាន៖ តបណ្ដាញអគ្គិសនី ផ្ដល់អណ្ដូងទឹក ១ (ប្រគល់ជូនមន្ទីរអភិវឌ្ឍន៍ជនបទ សម្របសម្រួល) ដល់គ្រួសារនៅសង្កាត់បារាយណ៍ ឧបត្ថម្ភកង់ ១គ្រឿងបន្ថែម ដល់គ្រួសារនៅសង្កាត់តាកោ និងផ្ដល់ជូនម៉ូតូ ២គ្រឿង (ដល់គ្រួសារនៅសង្កាត់បារាយណ៍ ១គ្រឿង និងសង្កាត់ជើងទឹក ១គ្រឿង) និងបានឧបត្ថម្ភជាឧបករណ៍ជួយគាំទ្ររាងកាយ (កូនគ្រួសាររងហានិភ័យ នៅសង្កាត់ជើងទឹក ដែលមន្ទីរសង្គមកិច្ចជួយសម្របសម្រួល)។

សម្ភារៈអនុសាខាក្រុងព្រៃវែង ផ្ដល់ជូនបន្ថែមរួមមាន៖ អង្ករ ២៥គ.ក មី ១កេស និងថវិកាចំនួន ១០០,០០០រៀល។ សាខាខេត្តក៏បានឧបត្ថម្ភថវិកាដល់លោកយាយ លោកតា ចូលរួមក្នុងកម្មវិធីផងដែរ។
គណៈកម្មាធិការសាខាខេត្ត និងក្រុមការងារអនុសាខាស្រុក បានដាំដើមឈើទុកជាអនុស្សាវរីយ៍ នៅបរិវេណផ្ទះគ្រួសារទទួលផល សរុបចំនួន ៦ដើម (ដើមស្វាយ ៥ដើម និងដើមខ្នុរ ១ដើម)។

សូមបញ្ជាក់៖ គិតត្រឹមថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ សាខាខេត្ត បានប្រគល់ផ្ទះសរុបចំនួន ២៨៩ខ្នង និងបង្គន់អនាម័យសរុបចំនួន ២៣៩បង្គន់៕