FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ

20-10-2026 17:31

(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យ លោកបណ្ឌិត ហ្គ័រដាន់ ហ្កឺលីច រ៉ាដម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ចូលជួបសម្ដែងការគួរសម។

យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា លោកបណ្ឌិត Gordan Grlić Radman អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។

ដំណើរទស្សនកិច្ចនេះធ្វើឡើងតបតាមការអញ្ជើញរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ ក្នុងអំឡុងពេល ទស្សនកិច្ចនេះ លោកបណ្ឌិត Gordan Grlić Radman បានចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
លោកក៏បានចូលជួបសម្តែងការគួរ សមដាច់ដោយឡែក ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

លើសពីនេះ លោកបណ្ឌិត Gordan Grlić Radman ក៏មានជំនួបទ្វេភាគីជាមួយលោក ឧបនាយក រដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីពិភាក្សាអំពីការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីដ៏ជិតស្និទ្ធរវាងកម្ពុជា និងក្រូអាស៊ី ស្វែងរកវិស័យសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការ ព្រមទាំងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់ និងផលប្រយោជន៍រួម។

ទស្សនកិច្ចផ្លូវការនេះនឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ជំរុញចំណងមិត្តភាព និងសាមគ្គីភាព ព្រមទាំងបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តរួមរបស់ប្រទេសទាំងពីរក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី៕