FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកែប អំពាវនាវប្រជាពលរដ្ឋ បន្តជឿជាក់លើរាជរដ្ឋាភិបាល សូមរក្សាសាមគ្គីភាពល្អក្នុងគ្រួសារ និងសហគមន៍

20-10-2026 16:32

(កែប)៖ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសូមរក្សាបាននូវសាមគ្គីភាពល្អក្នុងគ្រួសារ និងសហគមន័ ព្រមទាំងយកចិត្តទុកដាក់ថែរក្សាអនាម័យ បរិស្ថាន និងសុខភាពឲ្យបានល្អ​ ក្នុងរដូវកាលនេះ។

ការអំពាវនាវបែបនេះ ខណៈលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានដឹកនាំមន្ត្រីរាជការ កងកម្លាំង អាជ្ញាធរ និងអ្នកពាក់ព័ន្ធក្រោមឱវាទ បន្តចុះសួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនដល់ប្រជាពលរដ្ឋដែលជួបការលំបាក ចំនួន១២គ្រួសារ ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។

ក្នុងឱកាសជួបសំណេះសំណាល លោកអភិបាលខេត្ត បានពាំនាំនូវការផ្តាំផ្ញើសាកសួរទុក្ខ ដោយក្តីនឹករលឹក ពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជានិច្ចកាលសម្ដេច​ តែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់​មជ្ឈដ្ឋាន​ ដោយមិនទុកឱ្យពលរដ្ឋណាម្នាក់ ស្លាប់ដោយអត់ស្បៀង ឬគ្មានការដោះស្រាយនោះឡើយ។

លោកអភិបាលខេត្ត បន្តថា រដ្ឋបាលខេត្តកែប ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ គឺតែងតែចុះជួបផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីស្ដាប់រាល់ក្តីកង្វល់ សំណូមពរ និងស្វែងរកដំណោះស្រាយនានា ក្នុងគោលដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យកាន់តែល្អប្រសើរឡើង។

សូមរំលឹកថា អំណោយដែលបានឧបត្ថម្ភដល់គ្រួសារទាំង១២ រួមមាន៖ អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ មី មុង ភួយ ចានដែក ព្រមទាំងថវិកាមួយចំនួនផងដែរ៕