FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ទីរបរិស្ថានខេត្តស្វាយរៀង និងក្រុមហ៊ុន «សុភី សម្បត្តិ ពាណិជ្ជ» រួមគ្នាបង្កើនសោភ័ណភាពតាមដងទន្លេវ៉ៃគោ ត្រៀមរៀបចំពិធីប្រណាំងទូក

20-10-2026 16:24

(ស្វាយរៀង)៖ មន្ទីរបរិស្ថានខេត្តស្វាយរៀង ដឹកនាំដោយលោក ចាន់ ឈន់ ប្រធានមន្ទីរ បានសហការជាមួយក្រុមហ៊ុន «សុភី សម្បត្តិ ពាណិជ្ជ» សម្អាតបរិស្ថានតាមបណ្តោយច្រាំងទន្លេវ៉ៃគោ ក្នុងក្រុងស្វាយរៀង នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។ សកម្មភាពនេះធ្វើឡើងក្រោមការណែនាំពីលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ដើម្បីសម្អាតសំរាម និងស្មៅដែលដុះនៅមាត់ច្រាំងទន្លេ។

លោក ចាន់ ឈន់ បានបញ្ជាក់ថា ការសម្អាតអនាម័យបរិស្ថាននេះ រៀបចំឡើងក្នុងគោលបំណងត្រៀមរៀបចំពិធីប្រកួតកីឡាទូក-ង-ទូកនាគ ទូកកានូ កាយ៉ាក់ និងទូករ៉ូអ៊ុង ជ្រើសរើសជើងឯកថ្នាក់ជាតិ ពានរង្វាន់ លោកអភិសន្តិបណ្ឌិត ស សុខា លើកទី៣ ប្រចាំឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង។ ការចូលរួមយ៉ាងសកម្មពីសំណាក់មន្ទីរបរិស្ថាន និងក្រុមហ៊ុន បានបង្ហាញពីស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គម និងបរិស្ថាន។

លោកបានបន្តថា សកម្មភាពនេះដែរ ក៏ដើម្បីលើកកម្ពស់អនាម័យ បរិស្ថាន និងសោភ័ណភាពតាមដងទន្លេ ដែលជាទីកន្លែងសាធារណៈ និងជាផ្នែកសំខាន់នៃប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់។ តាមរយៈការសម្អាតនេះ វានឹងជួយកាត់បន្ថយការបំពុលទឹក ការពារជីវៈចម្រុះ និងធានាបាននូវបរិស្ថានរស់នៅប្រកបដោយផាសុកភាពសម្រាប់ប្រជាពលរដ្ឋ។

លោកសង្ឃឹមថា សកម្មភាពនេះនឹងក្លាយជាគំរូដ៏ល្អមួយសម្រាប់ស្ថាប័ន និងសាធារណជនដទៃទៀត ក្នុងការចូលរួមថែរក្សាបរិស្ថានឱ្យបានស្អាត និងបៃតងជានិច្ច៕