អភិបាលក្រុងតាខ្មៅ ទុកពេលឲ្យក្រុមអាជីវករនៅផ្សារតាខ្មៅចាស់ សហការជាមួយអាជ្ញាធរ បើកផ្លូវឡើងវិញ ក្រោយរំលោភយកលក់ដូរទំនិញយូរឆ្នាំ
20-10-2026 15:44
(កណ្ដាល)៖ ដោយសារតែករណីក្រុមអាជីវកររំលោភយកផ្លូវសាធារណៈលក់ដូរធ្វើអាជីវកម្មជាយូរឆ្នាំមកហើយនោះ ជាពិសេសមិនស្ដាប់តាមការណែនាំរបស់អាជ្ញាធរ, លោក លីវ វណ្ណថេង ដែលទើបនឹងឡើងកាន់តំណែង ជាអភិបាលក្រុងតាខ្មៅថ្មីៗនេះ បានទុកឱកាសឲ្យពួកគាត់សហការជាមួយអាជ្ញាធរ ក្នុងការរុះរើវែកបើកផ្លូវឡើងវិញ មុនពេលអនុវត្តន៍វិធានការណ៍ក្ដៅនាពេលខាងមុខ។
ការចេញវិធានការណ៍នេះ បានធ្វើឡើងក្រោយការចុះពិនិត្យអំពីស្ថានភាពសណ្តាប់ធ្នាប់ជុំវិញផ្សារតាខ្មៅចាស់ នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ និងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ដែលការណ៍នេះ បានជំរុញចិត្តឲ្យលោក លីវ វណ្ណថេង ណែនាំឲ្យលោក ឡាយ សំរិទ្ធ អភិបាលរងក្រុង ដឹកនាំការិយាល័យសាធារណៈការដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈក្រុង ក្រុមសន្តិសុខផ្សារតាខ្មៅចាស់ ចុះរៀបចំសណ្ដាប់ធ្នាប់ និងផ្សព្វផ្សាយអំពីការរៀបចំសណ្តាប់ធ្នាប់ជុំវិញផ្សារតាខ្មៅចាស់ ដើម្បីទីក្រុងមានសោភ័ណ្ឌភាពស្អាត។
លោក ឡាយ សំរិទ្ធ បានថ្លែងថា ជាវិធានការណ៍ក្រុមការងាររបស់រដ្ឋបាលក្រុងតាខ្មៅ និងក្រុមការងារគ្រប់គ្រងផ្សារតាខ្មៅចាស់ នឹងចុះអប់រំផ្សព្វផ្សាយ រយៈពេលពីរថ្ងៃគឺថ្ងៃទី២០-២១ ខែតុលា ឆ្នាំ២០២៦ ដើម្បីឲ្យបងប្អូនអាជីវករបានជ្រាប និងចូលរួមតាមការរៀបចំរបស់ក្រុមការងារ។
នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ (ជាថ្ងៃទី៣) ក្រុមការងារនឹងអនុវត្តវិធានការរដ្ឋបាលចំពោះអាជីវករដែលមិនបានចូលរួមលក់ដូរត្រឹមតាមការកំណត់របស់ក្រុមការងារ។
ពលរដ្ឋបាននិយាយថា ទោះបីជាកិច្ចការចុះអប់រំ និងរៀបចំនេះជាសញ្ញាវិជ្ជមានល្អយ៉ាងណាក្ដី ប៉ុន្តែបទពិសោធន៍ដែលធ្លាប់កើតមានកន្លងមក ធ្វើឱ្យប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវសាធារណៈមិនសូវជាទុកចិត្តប៉ុន្មានទេ ព្រោះថាក្រុមអាជីវករបានធ្វើការរំលោភ និងបង់លុយឲ្យគេជាយូរឆ្នាំមកហើយ ហើយការអនុវត្តនាពេលកន្លងទៅដូចវែកចកអីចឹង។ បើចង់អនុវត្ត៍ឲ្យមាមនប្រសិទ្ធភាបពិតប្រាកដ ទាល់តែទប់ស្កាត់ឲ្យបានរឿងយកលុយ ពួកគាត់ទុកហោប៉ៅខ្លួនឯង។
ពលរដ្ឋបានលើកឡើងយ៉ាងដាច់អហង្ការថា មិនចង់ឃើញអាជីវករយកផ្លូវ និងចិញ្ចើមផ្លូវមកធ្វើជាទីតាំងលក់ដូរជាទ្រង់ទ្រាយអាណាធិបតេយ្យបន្តទៀតឡើយ ព្រោះវាបង្កការកកស្ទះចរាចរណ៍ និងបាត់បង់សោភ័ណភាពទីក្រុង។
ពលរដ្ឋរស់នៅក្នុងក្រុងតាខ្មៅ រំពឹងយ៉ាងមុតមាំថា ការចុះអនុវត្តវិធានការរដ្ឋបាល នឹងត្រូវធ្វើឡើងដោយ ភាពម៉ឺងម៉ាត់ ស្មើភាព និងមាននិរន្តរភាពពិតប្រាកដ ដើម្បីជាកិត្យានុភាពនៃអំណាចដែលថ្នាក់លើដាក់ឲ្យធ្វើ៕










