ថ្នាក់ដឹកនាំខេត្តកណ្ដាល ជំរុញអាជ្ញាធរក្រុងតាខ្មៅ បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការពិនិត្យឡើងវិញនូវរាល់គម្រោងអាទិភាពនានា
20-10-2026 15:35
(កណ្ដាល)៖ លោក ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល បានជំរុញអាជ្ញាធរក្រុងតាខ្មៅ បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការពិនិត្យឡើងវិញនូវរាល់គម្រោងអាទិភាពនានា ដោយផ្តោតជាចម្បងលើការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការពង្រឹងសេវាសាធារណៈ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាក្នុងមូលដ្ឋាន ពិសេសពិនិត្យមើលទៅលើគុណភាពសំណង់ផ្លូវបេតុង ប្រព័ន្ធលូជាដើម ដែលសាងសង់ដោយក្រុមហ៊ុនឯកជន ដែលទទួលម៉ៅការពីអាជ្ញាធរ។
លោកអភិបាលរងខេត្តជំរុញបែបនេះ ក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដែលរៀបចំដោយរដ្ឋបាលក្រុងតាខ្មៅ ដេលបានធ្វើឡើងនាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។
លោក ប្រាក់ សារ៉ាត បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការរៀបចំផែនការអភិវឌ្ឍន៍ឃុំ-សង្កាត់ និងក្រុង ដែលជាត្រីវិស័យមិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
លោកអភិបាលរងខេត្ត បានជំរុញគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងមន្ទីរអង្គភាពជុំវិញខេត្ត ឲ្យបន្តកិច្ចសហការគាំទ្រយ៉ាងសកម្ម ទាំងផ្នែកបច្ចេកទេស និងថវិកា ក្នុងការបំពេញបន្ថែមលើសេចក្តីត្រូវការរបស់មូលដ្ឋានក្រុង ដែលនៅសេសសល់ ឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
នាឱកាសនោះ លោកអភិបាលរងខេត្ត បានឱ្យដឹងថា គម្រោងដែលសង្កាត់-ក្រុង បានស្នើឡើងសម្រាប់អនុវត្តក្នុងឆ្នាំ២០២៦ សរុបមានចំនួន ៣៨៦ គម្រោងក្នុងនោះរួមមាន វិស័យកសិកម្ម ៥គម្រោង វិស័យអាជីវកម្ម ៥៩គម្រោង វិស័យអប់រំ ៦០គម្រោង វិស័យសុខភាព ៨៨គម្រោង វិស័យភាពងាយរងគ្រោះ ១៥គម្រោង វិស័យបរិស្ថាន ៥៤គម្រោង វិស័យរដ្ឋបាល និងសន្តិសុខ ១០៥គម្រោង។
សូមជម្រាបថា ជាលទ្ធផលក្នុងសិក្ខាសាលាសមាហរណកម្មនេះ គម្រោងរបស់ក្រុងតាខ្មៅទទួលបានការគាំទ្រសរុបចំនួន ១៣៥ គម្រោង លើគម្រោងស្នើសុំសរុប ៣៨៦ គម្រោង ស្មើនឹង ៣៥% ក្នុងនោះទទួលបានការគាំទ្រក្នុងគម្រោង ចំនួន៩៧ គម្រោង ស្មើនឹង ២៥% ទទួលបានការគាំទ្រ ក្រៅគម្រោង ចំនួន៣៨គម្រោង ស្មើនឹង ១០%៕



















