FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជំរុញអាជ្ញាធរ និងសមត្ថកិច្ចខេត្តព្រះវិហារ បន្តបង្ក្រាបបទល្មើសគ្រឿងញៀន ក្មេងទំនើង និងការឆបោកតាមអនឡាញ ព្រមទាំងការពារដីរដ្ឋឲ្យបានម៉ឺងម៉ាត់

20-10-2026 15:34

(ព្រះវិហារ)៖ លោក អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃនៅថ្នាក់ក្រោមជាតិ បានថ្លែងជំរុញអាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តព្រះវិហារ សូមបន្តខិតខំបង្ក្រាបបទល្មើសគ្រឿងញៀន ក្មេងទំនើង និងការឆបោកតាមអនឡាញ ព្រមទាំងការពារដីរដ្ឋឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព។

ការថ្លែងរបស់លោក អ៊ុំ ម៉ារ៉ា ក្នុងឱកាសដែលលោកអញ្ជើញជាតំណាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ ឆ្នាំ២០២៦ នៃការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» និងលើកទិសដៅអនុវត្តបន្តរបស់រដ្ឋបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។

ក្នុងឱកាសនេះលោក អ៊ុំ ម៉ារ៉ា បានថ្លែងណែនាំដល់មន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋាន ឱ្យបន្តយកចិត្តទុកដាក់លើការចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងរៀបចំវេទិកាសាធារណៈ ដើម្បីស្តាប់សំណូមពរ ព្រមទាំងស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ជាពិសេសបញ្ហាពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និងអនាម័យបរិស្ថាននៅមូលដ្ឋាន។

ជាមួយគ្នានេះ លោករដ្ឋលេខាធិការបានថ្លែងដាក់ចេញនូវវិធានការម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ក្មេងទំនើង គ្រោះថ្នាក់ចរាចរណ៍ និងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ដោយជំរុញឱ្យសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់បង្កើនការយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។

លោក អ៊ុំ ម៉ារ៉ា ក៏បានថ្លែងគូសបញ្ជាក់ពីសារៈសំខាន់នៃការការពារដីរដ្ឋ និងដីសាធារណៈ ដោយលើកឡើងថា ការការពារដីរដ្ឋ គឺស្មើនឹងការការពារអាយុជីវិតប្រជាពលរដ្ឋ។ ដូច្នេះ អាជ្ញាធរមិនត្រូវអនុញ្ញាតឱ្យមានការរំលោភបំពានលើដីរដ្ឋ និងដីសាធារណៈដោយខុសច្បាប់ឡើយ ហើយត្រូវចាត់វិធានការឱ្យបានតឹងរ៉ឹងតាមច្បាប់។

បន្ថែមពីនេះលោក អ៊ុំ ម៉ារ៉ា ក៏បានថ្លែងជំរុញមន្ត្រីពាក់ព័ន្ធ ពង្រឹងការគ្រប់គ្រងទិន្នន័យ តាមដានការអនុវត្តផែនការ និងដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីធានាថា គោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ត្រូវបានអនុវត្តជាក់ស្តែង និងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន។

ដោយឡែកលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ក៏បានថ្លែងអំណរគុណចំពោះលោក អ៊ុំ ម៉ារ៉ា និងក្រុមការងារ ដែលតែងតែចុះមកគាំទ្រ និងផ្តល់ការណែនាំដល់រដ្ឋបាលខេត្តក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពនេះ។

លោកអភិបាលខេត្តព្រះវិហារ បានថ្លែងបញ្ជាក់ថា​ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦ រដ្ឋបាលខេត្ត និងគណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ បានខិតខំប្រឹងប្រែងអនុវត្តគោលនយោបាយ ស្របតាមលក្ខណៈសម្បត្តិទាំង៧ចំណុច ដោយមានស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់៕