FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ រៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារបន្តឆ្នាំ២០២៧

20-10-2026 15:17

(បន្ទាយមានជ័យ)៖ លោក លីវ សុផាណ្ណារើន អនុរដ្ឋលេខាធិការ តំណាងឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញជាអធិបតីភាព បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារបន្តឆ្នាំ២០២៧ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦នេះ។

លោក មាស ដារ៉ា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានបញ្ជាក់ថា មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមាន សម្រេចបានសមិទ្ធផលការងារធំៗ ក្នុងសន្និបាតរួមមាន៖

*១៖ មន្ទីរបានចូលរួមចំណែកប្រមូលថវិកាជូនរដ្ឋតាមរយៈ កម្រៃសេវាសាធារណៈ, សោហ៊ុយពីពន្ធប្រថាប់ត្រា និងកម្រៃសេវាសុរិយោដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បានសរុបចំនួន ចំនួន២០,៥៦៥,០៩៤,៨៨០រៀល គិតជាដុល្លាស្មើនឹង ៥,១៤១,២៧៤ដុល្លារ

*២៖ ការងាររៀបចំដែនដី និងនគរូបនីយកម្ម មន្ទីរបានបញ្ចប់ផែនការប្រើប្រាស់ដីថ្នាក់ខេត្ត, ប្លង់គោល ប្រើប្រាស់ដី ក្រុងសិរីសោភ័ណ និងប្លង់គោល និងផែនការប្រើប្រាស់ដី ក្រុងប៉ោយប៉ែត ហើយក្នុងចំណោម ផែនការប្រើប្រាស់ដីទាំង ៦៧ឃុំ/សង្កាត់ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ មន្ទីរសម្រេចបាន១០ឃុំ កំពុងរៀបចំ និងសហការរៀបចំចំនួន ២០ឃុំ ហើយឃុំ សង្កាត់ដែល សេសសល់ មន្ទីរនឹងសហការជាមួយមហាវិទ្យាល័យរៀបចំដែនដី និងរដ្ឋបាលដីធ្លី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម រៀបចំបញ្ចប់

*៣៖ ការងារកែលម្អក្រុង៖ មន្ទីរបានសហការជាមួយរដ្ឋបាលខេត្តកែ លម្អក្រុង សិរីសោភ័ណ ដោយផ្តើមជាដំបូងពីផ្លូវមេចំនួន៥ខ្សែ ក្នុងក្រុង ដោយរៀបចំដាំ ដើម ឈើអម សង ខាងផ្លូវ ភ្លើងបំភ្លឺផ្លូវ ផ្លូវថ្មើជើង ផ្លូវជិះកង់ ចំណត បៃតង ផ្លូវទោចក្រយានយន្ត និងផ្លូវយានយន្ត តាមបទដ្ឋានស្តង់ដារ និងសិក្សាការងារកែលម្អដងស្ទឹងសិរីសោភ័ណ និងតំបន់ភ្នំក្នុងក្រុងសិរីសោភ័ណ

*៤៖ ការងារចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធ មន្ទីរនឹងបញ្ចប់ការងារចុះបញ្ជីចេញបណ្ណនៅត្រឹមដំណាច់ឆ្នាំ២០២៦នេះ។

ក្នុងឱកាសនោះលោក លីវ សុផាណ្ណារើន អនុរដ្ឋលេខាធិការ បានកោតសរសើរចំពោះក្រុមការងារអាជ្ញាធរខេត្ត ក៏ដូចមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារនាពេលកន្លងមកបានយ៉ាងល្អប្រសើរ ពិសេសក្នុងការចុះវាស់វែង ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនដល់ប្រជាពលរដ្ឋកម្ពុជាក្នុងខេត្តបន្ទាយមានជ័យ សម្រេចបានលទ្ធផលយ៉ាងជោគជ័យ។

ជាមួយគ្នានោះ លោកក៏បានស្នើដល់គណៈអភិបាលខេត្ត អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សូមបន្តជួយគាំទ្រ និងផ្តល់កិច្ចសហការល្អដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ និងប្រធានមន្ទីរ ខិតខំបន្តអនុវត្តផែនការយុទ្ធសាស្ត្ររបស់ក្រសួង ដូចមានកំណត់ក្នុងផែនទីឯកភាពការងារ ពិសេសលើការងារមួយចំនួនដូច៖

*ទី១៖ បន្តរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ពង្រឹងនិងយកចិត្តទុកដាក់លើការអភិវឌ្ឍសមត្ថភាពមន្ត្រីគ្រប់ ឋានានុក្រម លើកទឹកចិត្តដល់មន្ត្រីសកម្ម បន្តការងារគ្រប់គ្រងមន្ត្រី និងមានចំណាត់ការចំពោះមន្ត្រី អសកម្ម

*ទី២៖ បន្តជំរុញការងារចេញបណ្ណ និងចែកបណ្ណ ជូនប្រជាពលរដ្ឋ និងអង្គភាពដែលកាន់កាប់ដី

*ទី៣៖ ជំរុញការងាររៀបចំផែនការប្រើប្រាស់ដី ជាពិសេសតំបន់អាទិភាពដែលនៅជុំវិញបឹងទន្លេសាប ក្នុងគោលដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងរក្សាបាននូវអាយុជីវិតបឹងទន្លេសាបសម្រាប់ កូនចៅជំនាន់ក្រោយ

*ទី៤៖ បន្តជំរុញ និងពន្លឿនការងារដោះស្រាយវិវាទដែលនៅសេសល់ ដោយសហការជាមួយក្រុមការងារ ប្រតិបត្តិក្រសួង អាជ្ញាធរដោះស្រាយទំនាស់ដីធ្លី គណៈកម្មការសុរិយោដីថ្នាក់ជាតិ អាជ្ញាធរដែនដី ដើម្បីឆ្ពោះទៅកាន់បរិយាកាសគ្មានវិវាទ និងបញ្ចប់វិវាទ

*ទី៥៖ បន្តយកចិត្តទុកដាក់ពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ និងជាពិសេសតាមប្រព័ន្ធអនឡាញ ក្នុងគោលដៅផ្តល់សេវាគាប់ចិត្តជូន ប្រជាពលរដ្ឋ ស្របតាមចក្ខុវិស័យ និងបាវចនា នៃយុទ្ធសាស្ត្របញ្ចកោណ ដែលឆ្លើយតបទៅនឹងបដិវត្ត ឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គម

*ទី៦៖ បន្តយកចិត្តទុកដាក់ និងពង្រឹងលើយន្តការគ្រប់គ្រងរាល់ដំណើរការសាងសង់ និងការដ្ឋានសំណង់ទាំងអស់ឲ្យបានត្រឹមត្រូវទៅតាមស្តង់ដាគុណភាព បច្ចេកទេស ដើម្បីធានាភាពរឹងមាំ សោភ័ណភាព គុណភាពសំណង់ និងដើម្បីបញ្ចៀសគ្រោះថ្នាក់ដែលអាចកើតឡើងដោយយថាហេតុ៕