ខេត្តតាកែវ ត្រៀមរៀបចំការប្រណាំងទូកនៅចុងខែតុលា, អភិបាលខេត្ត ណែនាំសមត្ថកិច្ចត្រូវថែរក្សា សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនពលរដ្ឋឲ្យបានល្អក្នុងពិធីបុណ្យ
20-10-2026 15:14
(តាកែវ)៖ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរនៅក្នុងឱកាសពិធីប្រណាំងទូក ដែលអាជ្ញាធខេត្តតាកែវនិងរៀបចំធ្វើឡើងនៅថ្ងៃទី ទី៣១ ខែតុលា និងថ្ងៃទី១ ខែវិច្ឆិកា ខាងមុខនេះ អភិបាលខេត្តតាកែវលោក វ៉ី សំណាង បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ដល់សមត្ថកិច្ចពាក់ព័ន្ធ ត្រូវធ្វើយ៉ាងណារៀបចំផែនការឲ្យបានច្បាស់លាស់ ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលនឹងចូលមកកម្សាន្តនៅក្នុងពិធីប្រណាំងទូក នៅពេលខាងមុខឲ្យបានល្អប្រសើរ។
ថ្លែងនៅក្នុងឱកាសបើកកិច្ចប្រជុំជាមួយអនុគណៈកម្មាធិការរៀបចំពិធីប្រណាំងទូកនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦នេះ លោក វ៉ី សំណាង បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលកន្លងមកបានចូលរួមថែរក្សាសន្តិសុខជូនប្រជាពលរដ្ឋបានយ៉ាងល្អ ហើយនៅសល់ប្រមាណ១០ថ្ងៃទៀត អាជ្ញាធខេត្តនឹងរៀបចំពិធីប្រណាំងទូកនៅបឹងតាកែវ។
ពិធីនេះក៏មានកម្មវិធីសប្បាយៗជាច្រើនទៀត នឹងរៀបចំឡើងដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ ដូច្នេះដើម្បីអាជ្ញាធរមានសមត្ថកិច្ច ត្រូវចាត់វិធានការណ៍ឲ្យបានម៉ឹងម៉ាត់ ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព និងទប់ស្កាត់ឲ្យបានចំពោះក្រុមចោរលួច ក្មេងទំនើងបង្កការរំខាន និងត្រូវទប់ស្កាត់មិនឲ្យមានអ្នកសុំទាន ដែលនាំឲ្យប៉ះពាល់ដល់មុខមាត់ពិធីប្រណាំងទូកនេះទេ។
លោកអភិបាលខេត្តតាកែវ បានណែនាំដល់សមត្ថកិច្ចត្រូវចាត់កម្លាំងសម្រួលចរាចរណ៍ នៅតាមចំណុចប្រទាក់ក្រឡា និងផ្លូវសំខាន់ៗ ដើម្បីជៀសវាងការកកស្ទះ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ធានាឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ បានធ្វើដំណើរមកចូលរួមពិធីប្រណាំងទូកក្នុងខេត្តតាកែវ ឲ្យបានច្រើនកុះករផងដែរ៕








