FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជាប្រារព្ធទិវាស្តង់ដារពិភពលោក ​ផ្តោតលើតួនាទីស្តង់ដារក្នុងការលើកកម្ពស់ថាមពលស្អាត និងទ្រទ្រង់​សម្រាប់មនុស្សគ្រប់រូប (Video inside)

20-10-2026 14:23

(ភ្នំពេញ)៖ កម្ពុជាបានប្រារព្ធទិវាស្តង់ដារពិភពលោក ឆ្នាំ២០២៦ ដោយរំលេចតួនាទីស្តង់ដារក្នុងការធានាគុណភាព និងសុវត្ថិភាពបរិក្ខារ ព្រមទាំងបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល ដើម្បីគាំទ្រគោលដៅថាមពលស្អាត និងទ្រទ្រង់បានសម្រាប់មនុស្សគ្រប់រូប។

ទិវានេះប្រព្រឹត្តទៅ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នេះក្រោមប្រធានបទ «ចក្ខុវិស័យរួមសម្រាប់ពិភពលោកប្រសើរជាងមុន៖ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៧ ​ ថាមពលស្អាត និងទ្រទ្រង់បាន»។

ថ្លែងក្នុងពិធីបើកទិវានេះ លោក ហែម វណ្ណឌី ​រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាស្តង់ដារជាតិ បានលើកឡើងថា ​ស្របជាមួយនឹងការអបអរទិវានេះ ត្រូវបង្វែរ​ទៅជាកម្លាំងចលករ និងយុទ្ធសាស្ត្រមួយ ក្នុងការពង្រឹងប្រព័ន្ធផលិតកម្ម និងអាជីវកម្ម ព្រមទាំងលើកកម្ពស់គុណភាព និងសុវត្ថិភាពនៃផលិតផល និងសេវាកម្មរបស់យើងឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ជាពិសេសទីផ្សារនាំចេញដែលកម្ពុជាមានសក្តានុពលក្នុងការពង្រីក និងចូលរួមប្រកួតប្រជែង​។

ក្នុងការលើកកម្ពស់គុណភាព និងសុវត្ថិភាពផលិតផល និងសេវាកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ជាពិសេសទីផ្សារនាំចេញ។ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៧ ផ្តោតលើការធានាថាមពលដែលមានតម្លៃសមរម្យ អាចទុកចិត្តបាន មានចីរភាព និងទំនើបសម្រាប់មនុស្សគ្រប់រូប រួមទាំងការបង្កើនចំណែកថាមពលកកើតឡើងវិញ និងប្រសិទ្ធភាពថាមពលជាសកលត្រឹមឆ្នាំ២០៣០។

អង្គការស្តង់ដារអន្តរជាតិ រួមមាន ISO, IEC និង ITU គាំទ្រគោលដៅនេះ តាមរយៈស្តង់ដារសម្រាប់ការគ្រប់គ្រងថាមពល សុវត្ថិភាពបរិក្ខារ និងបច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាពថាមពល។ ស្តង់ដារទាំងនេះកំណត់លក្ខខណ្ឌបច្ចេកទេសសម្រាប់បរិក្ខារ ដូចជាបន្ទះសូឡា ប្រព័ន្ធផ្ទុកថាមពលដោយថ្ម និងឧបករណ៍សាកយានយន្តអគ្គិសនី ព្រមទាំងជួយរោងចក្រ និងសហគ្រាសកាត់បន្ថយការខ្ជះខ្ជាយថាមពលក្នុងផលិតកម្ម។

​លោករដ្ឋមន្ត្រី ហែម វណ្ណឌី បានបន្ថែមថា៖ «ដើម្បីសម្រេចឱ្យបាននូវគោលដៅទាំងនេះ ការពង្រឹងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ (NQI) គឺជាកិច្ចការចាំបាច់បំផុត»។​

ហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិរួមមានស្តង់ដារូបនីយកម្ម មាត្រាសាស្ត្រ ការវាយតម្លៃទទួលស្គាល់ និងការធ្វើតេស្តពិសោធន៍ ជួយឱ្យផលិតករ និងសេវាករ បំពេញតាមលក្ខខណ្ឌតម្រូវរបស់ទីផ្សារ និងបង្កើនទំនុកចិត្តលើផលិតផល និងសេវាកម្មរបស់កម្ពុជា។

លោក ចាន់ សូផា អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា បានបញ្ជាក់ថា កម្ពុជាបានចាប់ផ្តើមអភិវឌ្ឍស្តង់ដារជាតិនៅចុងឆ្នាំ១៩៩៩ និងបានដាក់ចេញស្តង់ដារជាតិដំបូងស្តីពីស្លាកសញ្ញាផលិតផលនៅឆ្នាំ២០០០។ ក្នុងឆ្នាំ២០២៦ ស្តង់ដារកម្ពុជាចំនួន ១០៦ ត្រូវបានអនុម័ត ហើយរហូតមកដល់ពេលនេះ កម្ពុជាមានស្តង់ដារជាតិចំនួន ១.៣០៩ រួមទាំងស្តង់ដារពាក់ព័ន្ធនឹងថាមពលអគ្គិសនី។

ទិវាស្តង់ដារពិភពលោក ឆ្នាំ២០២៦ ក៏មានការប្រគល់បណ្ណសរសើរដល់ក្រុមហ៊ុនដែលបានចុះបញ្ជីផលិត ផល និងទទួលបានការបញ្ជាក់ភាពអនុលោមតាមស្តង់ដារកម្ពុជា (CS) និងស្តង់ដារប្រព័ន្ធគ្រប់គ្រង។ កម្មវិធីក៏រួមមានបទបង្ហាញស្តីពីតួនាទីហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ ក្នុងការគាំទ្រពាណិជ្ជកម្ម និងកិច្ចពិភាក្សាអំពីស្តង់ដារសម្រាប់ថាមពលប្រកបដោយចីរភាព គុណភាព សុវត្ថិភាព និងទំនុកចិត្ត៕