FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ទីរសង្គមកិច្ចខេត្តកំពង់ឆ្នាំង បង្ហាញពីវឌ្ឍនភាព ក្នុងការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាល (Video inside)

20-10-2026 14:20

(កំពង់ឆ្នាំង)៖ លោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង បានផ្ដល់បទសម្ភាសន៍អំពីវឌ្ឍនភាព និងសកម្មភាពការងាររបស់មន្ទីរ ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការណែនាំរបស់ក្រសួងសង្គមកិច្ច និងការចង្អុលបង្ហាញពីលោកអភិបាលខេត្ត។

ប្រធានមន្ទីរបានបញ្ជាក់ថា មន្ទីរពិតជាដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ជីវភាព និងសុខុមាលភាពប្រជាពលរដ្ឋ ជាពិសេសជនងាយរងគ្រោះ។ សកម្មភាពសំខាន់ៗរួមមាន ការផ្ដល់ជំនួយមនុស្សធម៌ដល់គ្រួសារក្រីក្រ ជនចាស់ជរា ជនមានពិការភាព និងជនងាយរងគ្រោះផ្សេងៗទៀត។ ក្រៅពីនេះ មន្ទីរក៏បានផ្ដល់សេវាគាំពារសង្គមដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ជនអនាថា ជនវិបល្លាសស្មារតី និងពលរដ្ឋមាតុភូមិនិវត្តន៍គ្មានទីពឹង។

ជាមួយគ្នានេះ មន្ទីរក៏បានគ្រប់គ្រង និងអភិវឌ្ឍន៍មជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្ម កាយសម្បទា និងមណ្ឌលកុមារកំព្រា ដើម្បីផ្ដល់ការថែទាំ និងបណ្ដុះបណ្ដាល។

មន្ទីរក៏បានផ្សព្វផ្សាយព័ត៌មានអំពីសេវា និងគោលនយោបាយរបស់ក្រសួងដល់សាធារណជន ព្រមទាំងសហការជាមួយអង្គការមិនមែនរដ្ឋាភិបាល ក្រុមសប្បុរសជន និងសហគមន៍ ដើម្បីពង្រីកវិសាលភាពនៃជំនួយ។

សកម្មភាពទាំងអស់នេះ គឺដើម្បីធានាថា ប្រជាពលរដ្ឋគ្រប់រូបទទួលបានការយកចិត្តទុកដាក់ និងជំនួយចាំបាច់ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សុខុមាលភាពសង្គម។ មន្ទីរសង្គមកិច្ចខេត្តកំពង់ឆ្នាំង ប្ដេជ្ញាចិត្តខ្ពស់ក្នុងការបន្តអនុវត្តការងារទាំងនេះប្រកបដោយប្រសិទ្ធភាពខ្ពស់ជាបន្តទៀត៕