FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សប្បុរសជនបន្តចូលរួមបរិច្ចាគថវិកាយ៉ាងផុសផុល គាំទ្រការសាងសង់អគារសង្គ្រោះបន្ទាន់ និងវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ

20-10-2026 13:05

(ពោធិ៍សាត់)៖ ក្នុងស្មារតីសាមគ្គីភាព និងវប្បធម៌នៃការចែករំលែកនៅតែបន្តរស់រវើក នៅក្នុងទឹកដីខេត្តពោធិ៍សាត់។ ជាក់ស្តែង នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦នេះ នៅសាលបន្ទប់រង់ចាំ សាលាខេត្តពោធិ៍សាត់ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត បានបន្តទទួលថវិកាបរិច្ចាគជាបន្តបន្ទាប់ ពីសំណាក់សប្បុរសជន និងតំណាងក្រុមហ៊ុនឯកជន ដើម្បីចូលរួមចំណែកក្នុងដំណើរការសាងសង់អគារសង្គ្រោះបន្ទាន់ និងវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។

អគារសុខាភិបាលដ៏ទំនើបមួយនេះ ត្រូវបានរៀបចំឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ព្រមទាំង ព្រះតេជគុណ ឥន្ទត្ថេរោ នៅ សុគន្ធថៃ ព្រះចៅអធិការវត្តហង្សាបីតិ (ហៅវត្តព្រែកស្តី) និងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងលើកកម្ពស់គុណភាពសេវាថែទាំសុខភាព សង្គ្រោះជីវិតជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា។

សប្បុរសជនដែលបានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន ដែលកើតចេញពីកម្លាំងញើសឈាមក្នុងថ្ងៃនេះ រួមមាន៖
ទី១- លោក លី ច័ន្ទណារ៉ី និងលោកស្រី យឹម ដានី ព្រមទាំងបុត្រ បានបរិច្ចាគថវិកាចំនួន ១០,០០០,០០០រៀល
ទី២- លោក សុខ សម្បូរណ៏ និងលោកស្រី យឹម វ៉ាន់ណែត ព្រមទាំងបុត្រ បានបរិច្ចាគថវិកាចំនួន ១,០០០,០០០រៀល
ទី៣- លោក អ៊ុក សុលី ប្រធានក្រុមហ៊ុន មករ ខ្មែរ អេឡិចទ្រិច ថេកណឡជី ឯ.ក បានបរិច្ចាគថវិកាចំនួន ១,០០០ដុល្លារអាមេរិក
ទី៤- លោក យោន បញ្ញាវ័ត្ន និងលោកស្រី ម៉ុង សុរិរ័ត្ន ព្រមទាំងបុត្រ បានបរិច្ចាគថវិកាចំនួន ២០០ដុល្លារអាមេរិក

សរុបថវិកាដែលទទួលបាន មានចំនួន ១១,០០០,០០០រៀល និង១,២០០ដុល្លារអាមេរិក។

ក្នុងឱកាសដ៏ថ្លៃថ្លានេះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានសម្តែងនូវកតញ្ញូ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លា របស់សប្បុរសជនទាំងអស់ ដែលបានលះបង់ធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមចំណែកកសាង និងអភិវឌ្ឍន៍សង្គមជាតិ។

លោកអភិបាលខេត្ត បានមានប្រសាសន៍សំណេះសំណាលយ៉ាងស៊ីជម្រៅថា ក្នុងអាណត្តិដឹកនាំរបស់លោក រយៈពេលជិត៤ឆ្នាំមកនេះ លោកមិនដែលមានពេលសម្រាកពីការងារនោះឡើយ ដោយចិត្ត និងឆន្ទៈតែមួយគត់ គឺចង់ប្រែក្លាយខេត្តពោធិ៍សាត់ឱ្យមានការប្រែប្រួល និងរីកចម្រើនជាប្រវត្តិសាស្ត្រ។ ជាក់ស្តែងថ្មីៗនេះ ដូចជាការរៀបចំគ្រប់គ្រងបញ្ហាសំរាម ការលើកកម្ពស់អនាម័យបរិស្ថាន ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងការបំពាក់បង្គោលភ្លើងសូឡាបំភ្លឺផ្លូវជាដើម គឺសុទ្ធតែទទួលបានការគាំទ្រ និងការកោតសរសើរយ៉ាងខ្លាំង ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ហើយថែមទាំងបានណែនាំដល់បណ្តារាជធានី-ខេត្តផ្សេងៗ ឱ្យយកខេត្តពោធិ៍សាត់ធ្វើជាគំរូទៀតផង។

លោកបានបន្តទៀតថា យើងទាំងអស់គ្នាដឹងហើយថា ដូចជាបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ជាដើម លោកមិនដែលទុកពេលឱ្យទំនេរឡើយ ដោយបានខិតខំជួយឧបត្ថម្ភគាំទ្រគ្រប់សព្វបែបយ៉ាង ធ្វើយ៉ាងណាឱ្យសមរភូមិមុខ និងកងទ័ពជួរមុខរបស់យើងមានកម្លាំងរឹងមាំជានិច្ច។

ដោយឡែក ចំពោះករណីការសាងសង់អគារសង្គ្រោះបន្ទាន់ និងវះកាត់នេះវិញ រូបលោក និងលោក កែវ រតនៈ ធ្វើឡើងក្នុងគោលបំណងបម្រើផលប្រយោជន៍ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋជាធំ ដើម្បីឱ្យពួកគាត់ទទួលបានសេវាព្យាបាលទាន់ពេលវេលា កាត់បន្ថយការចំណាយ និងមិនបាច់ចំណាយពេលធ្វើដំណើរឆ្ងាយ។ លោកអភិបាលខេត្ត បានប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ថានឹងយកគ្រប់ថវិកាបរិច្ចាគទាំងអស់ ទៅប្រើប្រាស់ឱ្យចំគោលដៅ ប្រកបដោយតម្លាភាពបំផុត ពិសេសនឹងមានការចារឹក ឬឆ្លាក់ឈ្មោះរបស់សប្បុរសជនទាំងអស់ទុកនៅលើអគារនេះ ដើម្បីទុកជាប្រវត្តិសាស្ត្រ និងជាការដឹងគុណជារៀងរហូត៕