ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ ជំរុញនិស្សិតគិលានុបដ្ឋាកយកចិត្តទុកដាក់លើសុវត្ថិភាពអ្នកជំងឺ និងក្រមសីលធម៌វិជ្ជាជីវៈ
20-10-2026 11:48
(ព្រះវិហារ)៖ លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃក្រមសីលធម៌វិជ្ជាជីវៈ វិន័យ ការទទួលខុសត្រូវ និងសុវត្ថិភាពអ្នកជំងឺ ដោយចាត់ទុកថា ការចុះកម្មសិក្សាគឺជាដំណាក់កាលដ៏សំខាន់ក្នុងការកសាងស្មារតីវិជ្ជាជីវៈរបស់និស្សិតគិលានុបដ្ឋាក មុនពេលក្លាយជាបុគ្គលិកសុខាភិបាលពេញលេញ។
ការលើកឡើងរបស់លោកវេជ្ជបណ្ឌិត គួង ឡូ បានធ្វើឡើងនៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសដែលលោកអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតគិលានុបដ្ឋាកចំនួន ៣៣នាក់ មកពីសកលវិទ្យាល័យអង្គរ ខេត្តសៀមរាប ដែលនឹងចុះកម្មសិក្សានៅមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ។
នៅក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងថា៖ «ការចុះកម្មសិក្សាមិនត្រឹមតែជាឱកាសសម្រាប់និស្សិតអនុវត្តចំណេះដឹងដែលបានសិក្សានៅក្នុងថ្នាក់រៀនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាដំណាក់កាលដ៏សំខាន់ក្នុងការកសាងសីលធម៌ វិន័យ និងការទទួលខុសត្រូវក្នុងវិជ្ជាជីវៈសុខាភិបាលផងដែរ»។
លោកបានណែនាំឱ្យនិស្សិតយកចិត្តទុកដាក់លើការអភិវឌ្ឍចំណេះដឹង ជំនាញ និងអាកប្បកិរិយាវិជ្ជាជីវៈ ព្រមទាំងបំពេញតួនាទីក្នុងការថែទាំអ្នកជំងឺដោយការគោរព សុភាពរាបសារ និងមានការទទួលខុសត្រូវខ្ពស់ ព្រមទាំងចេះធ្វើបដិសណ្ឋារកិច្ច និងប្រាស្រ័យទាក់ទងប្រកបដោយភាពរាក់ទាក់ជាមួយអ្នកជំងឺ ដោយយកចិត្តទុកដាក់ស្តាប់ និងស្វែងយល់ពីស្ថានភាពរបស់អ្នកជំងឺ ព្រោះការប្រាស្រ័យទាក់ទងល្អរវាងបុគ្គលិកសុខាភិបាល និងអ្នកជំងឺ គឺជាកត្តាសំខាន់មួយក្នុងការផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាព។
ជាមួយគ្នានេះ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ ក៏បានលើកឡើងពីសារៈសំខាន់នៃសុវត្ថិភាពអ្នកជំងឺ និងការបង្ការ និងត្រួតពិនិត្យការចម្លងរោគ (IPC) នៅក្នុងមន្ទីរពេទ្យ។ លោកបានណែនាំឱ្យនិស្សិតអនុវត្តវិធានការបង្ការការចម្លងរោគឱ្យបានម៉ឺងម៉ាត់ ដើម្បីកាត់បន្ថយហានិភ័យនៃការចម្លងរោគពីអ្នកជំងឺម្នាក់ទៅអ្នកជំងឺម្នាក់ទៀត។
បន្ថែមពីនេះ លោក គួង ឡូ បានណែនាំនិស្សិតឱ្យយកចិត្តទុកដាក់ចេះផ្តល់ការណែនាំដល់អ្នកជំងឺអំពីរបៀបប្រើប្រាស់ឱសថ ដើម្បីធានាបាននូវសុវត្ថិភាព និងប្រសិទ្ធភាពក្នុងការព្យាបាល។ ពិសេសប្រើប្រាស់ឱកាសកម្មសិក្សានេះឱ្យបានល្អ ដើម្បីពង្រឹងចំណេះដឹង បង្កើនបទពិសោធន៍ និងអភិវឌ្ឍជំនាញជាក់ស្តែង ព្រមទាំងកសាងស្មារតីវិជ្ជាជីវៈឱ្យបានរឹងមាំ ត្រៀមខ្លួនក្លាយជាអ្នកជំនាញសុខាភិបាលដែលមានសីលធម៌ វិន័យ និងការទទួលខុសត្រូវខ្ពស់ចំពោះអ្នកជំងឺ៕











