FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អនុប្រធានបក្សជនជាតិដើមប្រជាធិបតេយ្យ និងបេក្ខជនបក្សភ្លើងទៀន ៩រូប នៅខេត្តក្រចេះ ស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

20-10-2026 11:45

(ក្រចេះ)៖ អនុប្រធានគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជាប្រចាំស្រុកសំបូរ និងបេក្ខជនគណបក្សភ្លើងទៀនចំនួន ៩រូប ដែលមានឈ្មោះក្នុងបញ្ជីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៃឃុំក្បាលដំរី ឃុំរលួសមានជ័យ និងឃុំស្រែជិះ ក្នុងស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ បានធ្វើលិខិតគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន ដើម្បីចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងដោយស្ម័គ្រចិត្ត និងជាការបង្ហាញពីជំនឿទុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ជូនជាតិមាតុភូមិ។ ការចូលរួមរបស់ឥស្សរជននយោបាយទាំងនេះ នឹងរួមចំណែកពង្រឹងកម្លាំងសាមគ្គីផ្ទៃក្នុង និងពង្រីកមូលដ្ឋានគាំទ្ររបស់គណបក្សប្រជាជនកម្ពុជាបន្ថែមទៀតនៅតាមមូលដ្ឋាន។

ការផ្លាស់ប្តូរជំហរនយោបាយរបស់ អនុប្រធានបក្សជនជាតិដើមប្រជាធិបតេយ្យ និងបេក្ខជនបក្សភ្លើងទៀន ទាំង ៩រូបនេះ ឆ្លុះបញ្ចាំងពីការយល់ឃើញអំពីភាពចាំបាច់ក្នុងការរួបរួមគ្នា ដើម្បីបន្តកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមម្លប់សន្តិភាព និងវឌ្ឍនភាព។ គណបក្សប្រជាជនកម្ពុជា តែងតែស្វាគមន៍ចំពោះការចូលរួមរបស់ឥស្សរជននយោបាយគ្រប់និន្នាការ ដែលមានឆន្ទៈរួមចំណែកកសាងជាតិ។

អនុប្រធានបក្សជនជាតិដើមប្រជាធិបតេយ្យ និងបេក្ខជនបក្សភ្លើងទៀន ទាំង ៩រូបនេះ បានបញ្ជាក់ពីការប្តេជ្ញាចិត្ត ចាប់ពីពេលនេះតទៅសូមរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនដោយស្ម័គ្រចិត្ត គ្មានការទិញដូរ លក់ ឬបង្ខិតបង្ខំអ្វីឡើយ សូមសម្ដេចមេត្តាទទួលការគោរពដ៏ខ្ពង់ខ្ពស់ និងទទួលដោយក្តីអនុគ្រោះ៕