FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈប្រតិភូជាន់ខ្ពស់ក្រសួងព័ត៌មានកម្ពុជា ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៧ ជាមួយរដ្ឋបាលជាតិវិទ្យុ និងទូរទស្សន៍ចិន (NRTA) នៅទីក្រុងប៉ីហៃ

20-10-2026 09:34

(ប៉ីហៃ-ក្វាងស៊ី)៖ គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងព័ត៌មានកម្ពុជា ដឹកនាំដោយលោក អ៊ុក សំរេច រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៧ ស្តីពីកិច្ចសហប្រតិបត្តិការវិទ្យុ និងទូរទស្សន៍ (The 7th Meeting on Broadcasting Cooperation) ជាមួយរដ្ឋបាលជាតិវិទ្យុ និងទូរទស្សន៍នៃសាធារណរដ្ឋប្រជាមានិតចិន (NRTA)​ ដែលដឹកនាំដោយលោក លីវ ជាំងកួ (Liu Jianguo) អនុរដ្ឋមន្ត្រី NRTA នៅទីក្រុងប៉ីហៃ តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមដោយលោក ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ព្រមទាំងថ្នាក់ដឹកនាំ និងតំណាងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយធំៗរបស់ចិន រួមមាន អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) រដ្ឋបាលវិទ្យុ និងទូរទស្សន៍តំបន់ស្វយ័តក្វាងស៊ី រដ្ឋបាលវិទ្យុ និងទូរទស្សន៍ខេត្តយូណាន រដ្ឋបាលវិទ្យុ និងទូរទស្សន៍ខេត្តសានស៊ី និងបណ្តាស្ថាប័នឧស្សាហកម្មសោតទស្សន៍ឈានមុខរបស់ចិនជាច្រើនទៀត។

នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំ លោក អ៊ុក សំរេច បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ NRTA និងរដ្ឋបាលតំបន់ស្វយ័តក្វាងស៊ី ដែលបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះគណៈប្រតិភូក្រសួងព័ត៌មាន។

លោក អ៊ុក សំរេច បានគូសបញ្ជាក់ឡើងវិញពីចំណងមិត្តភាពដែកថែបដ៏រឹងមាំរវាងកម្ពុជា និងចិន ព្រមទាំងការប្តេជ្ញាចិត្តរួមគ្នាក្នុងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។

ទន្ទឹមនឹងនេះ លោករដ្ឋលេខាធិការ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការប្រែក្លាយការប្តេជ្ញាចិត្តនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យទៅជាសមិទ្ធផលជាក់ស្តែង ជាពិសេសការពង្រឹងកិច្ចសហការលើការធ្វើទំនើបកម្មបច្ចេកវិទ្យា ការកសាងសមត្ថភាពលើការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ការអភិវឌ្ឍប្រព័ន្ធទូរទស្សន៍ឌីជីថលលើដី (DTMB) និងការបណ្តុះបណ្តាលធនធានមនុស្សវ័យក្មេងក្នុងវិស័យព័ត៌មាន និងសោតទស្សន៍។

ជាកិច្ចស្វាគមន៍ លោក លីវ ជាំងកួ អនុរដ្ឋមន្ត្រី NRTA បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូកម្ពុជាដ និងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀង និងផែនការសកម្មភាពសហប្រតិបត្តិការទ្វេភាគី (២០២៥–២០២៦) កន្លងមក។

អនុរដ្ឋមន្ត្រី NRTA បានគូសបញ្ជាក់ថា វិស័យវិទ្យុ ទូរទស្សន៍ និងសោតទស្សន៍អនឡាញ គឺជាស្ពានដ៏សំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ព្រមទាំងស្នើឱ្យបន្តពង្រឹងការផ្លាស់ប្តូរ និងសហការផលិតមាតិកាគុណភាពខ្ពស់ ការពង្រីកកិច្ចសហការលើបច្ចេកវិទ្យា AI, Ultra-HD, ភាពយន្តភាគខ្នាតខ្លី (Micro-dramas) និងការជំរុញសមាហរណកម្ម «សោតទស្សន៍ វប្បធម៌ និងទេសចរណ៍» ផងដែរ។

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំប្រចាំឆ្នាំស្តីពីកិច្ចសហប្រតិបត្តិការវិទ្យុ និងទូរទស្សន៍រវាងកម្ពុជា និងចិន គឺជាយន្តការសហប្រតិបត្តិការការទូតទ្វេភាគីដ៏សំខាន់ជាប្រចាំឆ្នាំ ដោយកិច្ចប្រជុំលើកទី៧ នេះ ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំលើកទី៦ ត្រូវបានរៀបចំឡើងយ៉ាងជោគជ័យកាលពីខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ ក្នុងគោលដៅបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មាន និងសោតទស្សន៍រវាងប្រទេសទាំងពីរឱ្យកាន់តែស្អិតល្មួតថែមទៀត៕