FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការចេញដីកាឃុំខ្លួនមុខសញ្ញាគ្រឿងញៀន៥នាក់ ដាក់ពន្ធនាគារ ដែលកម្លាំងនគរបាលបង្ក្រាបបាននៅខុនដូរ Sky Tree ក្នុងខណ្ឌឬស្សីកែវ

19-10-2026 22:31

(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាឃុំខ្លួនមុខសញ្ញាគ្រឿងញៀន៥នាក់ ដាក់ពន្ធនាគារ ក្រោយកម្លាំងនគរបាលរាជធានីភ្នំពេញ ចុះបង្ក្រាប និងចាប់ខ្លួននៅអគារខុនដូរ Sky Tree ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។

តាមសេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មាន Fresh News បានឲ្យដឹងថា ក្រោយបញ្ចប់ការសួរនាំប៉ុន្មានថ្ងៃមកនេះ តុលាការនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ បានចេញដីកាឃុំខ្លួនដាក់ពន្ធនាគារចំពោះជនជាប់ចោទចំនួន៥នាក់ ដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ក្រោយកម្លាំងនគរបាលរាជធានីភ្នំពេញចុះបង្ក្រាប។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌឬស្សីកែវ បានចុះបង្ក្រាបបទល្មើសគ្រឿងញៀន នៅអគារខុនដូរ Sky Tree ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ ដោយចាប់ខ្លួនជនល្មើស៥នាក់។

របាយការណ៍របស់ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយមានពលរដ្ឋរាយការណ៍ពីករណីហិង្សា និងប្រើប្រាស់គ្រឿងញៀន, លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងស្នងការរងទទួលផែនគ្រឿងញៀន ក្រោមការសម្របសម្រួលពីតំណាងអយ្យការ បានបញ្ជាឲ្យកម្លាំងនគរបាល ចុះទៅស្រាវជ្រាវ ហើយឈានដល់ការបង្ក្រាបភ្លាមៗតែម្តងនៅបន្ទប់លេខ០៧ ជាន់ទី១០ អគារខុនដូរ Sky Tree សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ។

ជនទាំង៥នាក់ ជាប់ពាក់ព័ន្ធនឹងការរក្សាទុកគ្រឿងញៀន, ប្រើប្រាស់គ្រឿងញៀន និងសម្រួលទីតាំងក្នុងការប្រើប្រាស់។

ក្នុងការបង្ក្រាបនេះ កម្លាំងនគរបាល បានដកហូតវត្ថុតាងពាក់ព័ន្ធបទល្មើសគ្រឿងញៀន រួមមាន៖

1-ម្សៅម៉ដ្ឋពណ៌ស ចំនួន០៦កញ្ចប់
2-បារីអេឡិចត្រូនិច ចំនួន០៣ដើម
3-ទូរស័ព្ទដៃ ចំនួន០៩គ្រឿង
4-IPad ចំនួន០១គ្រឿង
5-កុំព្យូទ័រ ចំនួន០២គ្រឿង
6-ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន៕