វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
19-10-2026 22:23
(វ៉ាស៊ីនតោន)៖ ប្រឈមមុខនឹងការវាយប្រហារពីមីស៊ីល និងដ្រូនរបស់រុស្ស៉ី អ៊ុយក្រែនត្រូវការលើសពីអាវុធដើម្បីការពារខ្លួនឯង នោះគឺផ្កាយរណប។ ផ្កាយរណផ្ដល់នូវការព្រមានឱ្យដឹងជាមុនថាអាវុធណាមួយត្រូវបានបាញ់ចេញ រួមទាំងព័ត៌មានថាតើត្រូវស្ទាក់ចាប់អាវុធនោះយ៉ាងដូចម្ដេច? អឺរ៉ុបបាន និងកំពុងវិនិយោគយ៉ាងខ្លាំងក្នុងការពង្រីកសមត្ថភាពរបស់ខ្លួន ដើម្បីផ្ដល់ទៅឱ្យអ៊ុយក្រែននូវព័ត៌មានស៊ើបការណ៍សម្ងាត់ប្រភេទនេះ។ ប៉ុន្តែពួកគេនៅតែខ្វះប្រព័ន្ធផ្កាយរណបមួយចំនួនដែលមានតែសហរដ្ឋអាមេរិកមួយគត់អាចផ្ដល់ឱ្យបាន។
ការពឹងផ្អែករបស់អ៊ុយក្រែនលើបច្ចេកវិទ្យា និងការគាំទ្រពីសហរដ្ឋអាមេរិកត្រូវបានលាតត្រដាងសាជាថ្មីជាភាពងាយរងគ្រោះមួយកាលពីពាក់កណ្ដាលខែតុលានេះ នៅពេលប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាអ៊ុយក្រែនមិនបានទទួលការព្រមានឱ្យដឹងជាមុនពីសម្ព័ន្ធមិត្តឡើយពីការបាញ់មីស៊ីលបាលិស្ទីគ នៅមុនការវាយប្រហារដ៏ប្រល័យមួយរបស់រុស្ស៉ីលើអ៊ុយក្រែន។ ព្រមពេលជាមួយគ្នា ការរឹតត្បិតភ្លាមៗ ត្រូវបានរាយការណ៍ថាកើតមាននៅលើស្ថានីយផ្កាយរណប SpaceX គ្រប់គ្រងដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលបានក្លាយជាផ្នែកមួយដ៏សំខាន់នៃប្រព័ន្ធទូរគមនាគមន៍យោធារបស់អ៊ុយក្រែន។
* តើព័ត៌មានសម្ងាត់អ្វីដែលសហរដ្ឋអាមេរិកផ្ដល់ឱ្យអ៊ុយក្រែន ដើម្បីទប់ស្កាត់ការវាយប្រហារពីរុស្ស៉ី?
ទិន្នន័យបានមកពីផ្កាយរណបយោធាធ្វើប្រតិបត្តិការដោយសម្ព័ន្ធមិត្តរបស់អ៊ុយក្រែនអាចបង្ហាញពីទីតាំងស្ដុកទុក និងបាញ់ចេញជាប្រចាំនៃមីស៊ីល និងអាវុធដទៃទៀតរបស់រុស្ស៉ី។ យោធាអ៊ុយក្រែនអាចប្រើព័ត៌មានពីផ្កាយរណបដើម្បីវាយប្រហារលើទីតាំងទាំងនោះ។ សហរដ្ឋអាមេរិក និងបណ្ដាប្រទេសអឺរ៉ុបជាច្រើនក្នុងនោះរួមមានបារាំង អ៉ីតាលី និងព្រីតថេនបានចែករំលែកព័ត៌មានសម្ងាត់ពីផ្កាយរណបជាមួយរដ្ឋាភិបាលទីក្រុងកៀវ។
តែទោះជាបែបនេះក្ដី មានតែសហរដ្ឋអាមេរិកប៉ុណ្ណោះដែលអាចផ្ដល់រូបភាពតំបន់អឺរ៉ុបពីផ្កាយរណបបានយ៉ាងជាប់លាប់ស្ទើរតែគ្មានការរអាក់រអួល។ ផ្កាយរណបយោធាទំនើបៗ និងក្នុងចំនួនដ៏ច្រើនរបស់សហរដ្ឋអាមេរិកអាចផ្ដល់នូវគុណភាពរូបភាព និងវីដេអូច្បាស់ក្នុងកម្រិតខ្ពស់។ នៅក្រោមកម្មវិធីមួយមានឈ្មោះថា «Space Based Infrared System» ឬហៅកាត់ថា SBIRS សហរដ្ឋអាមេរិកក៏មានផងដែរផ្កាយរណបនៅក្នុងគន្លងជុំវិញផែនដី ពោលគឺផែនដីទាំងមូលដូចស្ថិតនៅក្នុងកណ្ដាប់ដៃរបស់អាមេរិក។ SBIRS ប្រៀបដូចជាឆ្អឹងខ្នងនៃប្រព័ន្ធព្រមានជាមុនពីការបាញ់មីស៊ីលនៅគ្រប់ទីកន្លែងទាំងអស់នៅលើផែនដី ហើយគ្មានប្រទេសណាមួយនៅអឺរ៉ុបដែលមានសមត្ថភាពប្រហាក់ប្រហែលដូចគ្នានេះទេ។ ប្រព័ន្ធផ្កាយរណបនៅក្រោមកម្មវិធី SBIRS ផ្ដល់នូវពេលវេលាពិតប្រាកដក្នុងការចាប់សញ្ញា ឬតាមដានមីស៊ីលគ្រូស និងអាវុធផ្សេងទៀតហោះនៅរយៈកម្ពស់ទាបដែលអាចគេចពីប្រព័ន្ធរ៉ាដានៅលើដី។
កាន់តែពិសេសទៅទៀត SBIRS ថែមទាំងអាចចាប់សញ្ញាកម្ដៅ ឬផ្សែងភាយចេញពីការបាញ់មីស៊ីលបាលិស្ទីគទៀតផង។ មីស៊ីលបាលិស្ទីគអាចហោះក្នុងល្បឿនលឿន និងក្នុងរយៈកម្ពស់ខ្ពស់ជាងអាវុធអាចហោះបានដទៃទៀត ដែលធ្វើឱ្យប្រព័ន្ធការពារដែនអាកាសពិបាកក្នុងការស្ទាក់ចាប់។ ដូច្នេះការដឹងជាមុនថានៅពេលណាមានមីស៊ីលបាលិស្ទីគមួយគ្រាប់ត្រូវបានបាញ់ចេញ ការដឹងពីល្បឿន និងទិសដៅ វាពិតជាមានសារៈសំខាន់បំផុតសម្រាប់ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន។ ការព្រមានឱ្យដឹងជាមុនពីការវាយប្រហារណាមួយ ទោះបីជាក្នុងពេល ១ ឬ២នាទីក៏ដោយ អាចជួយសង្រ្គោះជីវិតមនុស្សព្រោះយ៉ាងហោចវាទុកពេលឱ្យជនស៊ីវិលរត់រកកន្លែងជ្រកកោន។
សមត្ថភាពបែបនេះបានផ្ដល់ឱ្យកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែននូវឱកាសដើម្បីស្ទាក់ចាប់បំផ្លាញអាវុធដែលហោះតម្រង់ទៅរកគោលដៅ។ ការបាញ់ទម្លាក់មីស៊ីលនៅរយៈចម្ងាយឆ្ងាយជារឿងពិបាក ប៉ុន្តែបើបាញ់ខុសនៅរយៈចម្ងាយឆ្ងាយ វានៅតែមានឱកាសដើម្បីបាញ់ទម្លាក់លើកទី២។ ផ្ទុយទៅវិញ ប្រសិនបើការវាយប្រហារដោយមីស៊ីលត្រូវបានព្រមាននៅត្រឹមតែវិនាទីចុងក្រោយ នោះការខកខានក្នុងការបាញ់ទម្លាក់ក្នុងរយៈចម្ងាយជិត នឹងបំំផ្លាញឱកាសចុងក្រោយដើម្បីទប់ស្កាត់ ឬកាត់បន្ថយមហន្តរាយនៃការវាយប្រហារ។
* តើមានប្រព័ន្ធផ្កាយរណបផ្សេងទៀតដែលអាមេរិកផ្ដល់ឱ្យអ៊ុយក្រែន?
សហរដ្ឋអាមេរិកបានអនុញ្ញាតឱ្យយោធាអ៊ុយក្រែនប្រើប្រាស់ Starshield ជាប្រព័ន្ធទូរគមនាគមន៍យោធាមួយពឹងផ្អែកលើផ្កាយរណប Starlink ។ Starlink ជាបណ្ដាញផ្កាយរណបដ៏ទំនើបរបស់ក្រុមហ៊ុន SpaceX។ Starshield គឺជាសេវាផ្កាយរណបមួយមានកុងត្រាជាមួយរដ្ឋាភិបាលអាមេរិក ខុសពីប្រព័ន្ធផ្កាយរណបអ៉ីនធើណិត Starlink របស់ក្រុមហ៊ុន Space ដែលបម្រើដល់វិស័យពាណិជ្ជកម្ម។ ដូច្នេះការប្រើប្រាស់ Starshield វាអាស្រ័យទាំងស្រុងទៅលើឆន្ទៈរបស់រដ្ឋបាលលោក ត្រាំ។
ស្ថានីយ Starshield បានអនុញ្ញាតឱ្យអ្នកបញ្ជាដ្រូនស្ទាក់ចាប់ដ្រូន និងដ្រូនវាយប្រហាររយៈចម្ងាយមធ្យមរបស់អ៊ុយក្រែន អាចគ្រប់គ្រងបញ្ជា លើដ្រូនទាំងនោះ។ នៅឯសមរភូមិមុខវិញ យោធាអ៊ុយក្រែនអាចប្រើប្រាស់ស្ថានីយ Starshield ក្នុងការសម្របសម្រួលការផ្គត់ផ្គង់ និងការចល័តនៅតាមបណ្ដោយសមរភូមិមុខ។ Starshield ក៏គាំទ្រផងដែរដល់ការប្រមូលព័ត៌មានស៊ើបការណ៍សម្ងាត់ និងការទំនាក់ទំនងក្នុងពេលវេលាពិតប្រាកដ ហើយវាបានក្លាយជាផ្នែកដ៏សំខាន់មួយនៃហេដ្ឋារចនាសម្ព័ន្ធទីបញ្ជាការរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បន្ទាប់ពីបណ្ដាញទំនាក់ទំនងនៅលើដី រងការខូចខាតយ៉ាងដំណំពីការវាយប្រហាររបស់រុស្ស៉ីតាំងតែពីដើមទីនៃសង្រ្គាម។
ក្រុមហ៊ុន SpaceX កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ត្រូវបានរាយការណ៍ថាបានរឹតត្បិតលើប្រតិបត្តិការនៃស្ថានីយ Starshield ដោយមិនបានជូនដំណឹងជាមុនដល់អ៊ុយក្រែនឡើយ។ ការរឹតត្បិតនេះបានបង្កផលរំខានភ្លាមៗដល់ការធ្វើប្រតិបត្តិការយោធារបស់អ៊ុយក្រែន។ លោក ហ្សេលេនស្គី បានចោទប្រកាន់លោក ត្រាំ និងលោក Elon Musk មានចេតនារឹតត្បិតលើសេវាផ្កាយរណបនេះ។ លោក Musk ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X បាននិយាយថាការដាក់កំហិតលើល្បឿនអ៉ីនធើណិត Starshield ឬការប្រើប្រាស់ ជាការសម្រេចរបស់យោធាអាមេរិក និងចុងក្រោយបំផុតដោយលោក ត្រាំ។ តែមន្ត្រីជាន់ខ្ពស់អាមេរិកបានបញ្ជាក់ថាលោក ត្រាំ មិនបានចេញបញ្ជាលើការរឹតត្បិតណាមួយទេ។
គួរបញ្ជាក់ថា ប្រទេសអឺរ៉ុបមួយចំនួនបានផ្ដល់សេវាផ្កាយរណបដើម្បីជួយអ៊ុយក្រែនក្នុងការកំណត់ទីតាំងកងទ័ពរុស្ស៉ី រថក្រោះ កាំភ្លើងធំ ទីតាំងយោធា និងការកំណត់គោលដៅលើឃ្លាំងស្ដុកអាវុធ ព្រលានយន្ដហោះយោធា និងទីតាំងបាញ់ចេញមីស៊ីល។ ក្នុងនោះផ្កាយរណប ICEYE របស់ហ្វាំងឡង់អាចធ្វើប្រតិបត្តិការទាំងនៅពេលយប់ និងអាចមើលឃើញធ្លុះកាត់ពពក ផ្សែង និងអ័ព្ទ។ ចំណែក ផ្កាយរណបរបស់បារាំងវិញ អាចចាប់សញ្ញាប្រតិកម្មកម្ដៅ និងកំណត់សកម្មភាពមនុស្សដែលកាមេរ៉ាធម្មតាមិនអាចធ្វើបាន។ ដោយឡែក អាល្លឺម៉ង់បានចេញលុយទិញរូបភាពផ្កាយរណបពីក្រុមហ៊ុន Planet Labs មានមូលដ្ឋានក្នុងសហរដ្ឋអាមេរិកផ្គត់ផ្គង់ទៅឱ្យអ៊ុយក្រែននូវរូបភាពគុណភាពច្បាស់កម្រិតខ្ពស់ ក្នុងនោះរួមមានទាំងនៅក្នុងទឹកដីរុស្ស៉ី។ រូបភាពផ្កាយរណបពីក្រុមហ៊ុន Planet Labs អាចផ្ដល់ទិន្នន័យសម្រាប់ការកំណត់គោលដៅ និងតាមដានសកម្មភាពយោធារុស្ស៉ី រួមទាំងព័ត៌មានសម្ងាត់ដ៏សំខាន់ដើម្បីទប់ស្កាត់ការប៉ុនប៉ងវាយប្រហារណាមួយ។ តែទោះជាយ៉ាងណា ផ្កាយរណបទាំងនេះមិនអាចជំនួសផ្កាយរណបរបស់សហរដ្ឋអាមេរិកបានឡើយ។
សហរដ្ឋអាមេរិកបច្ចុប្បន្នជាប្រទេសដែលមានផ្កាយរណបច្រើនជាងគេបំផុតនៅលើពិភពលោកទាំងស៊ីវិល និងយោធា។ សហរដ្ឋអាមេរិកមានផ្កាយរណបយោធាជិត ២៥០ នៅក្នុងគន្លងតារាវិថី ខណៈចិនមាន ១៥០ រីឯរុស្ស៉ីមាន១០០ ហើយអឺរ៉ុបទាំងមូលវិញមានតែ៥០ប៉ុណ្ណោះ។ ក្រៅតែពីផ្ដល់រូបភាព ផ្កាយរណបអាមេរិកអាចស្ទាក់ចាប់ការទំនាក់ទំនង និងការបញ្ជូនរលកសញ្ញាដែលអាចយកទៅប្រើប្រាស់ជាប្រយោជន៍នៅលើសមរភូមិ។ កងកម្លាំងអវកាសរបស់សហរដ្ឋអាមេរិកកាលពីខែកញ្ញាកន្លងទៅបានប្រកាសថាពួកគេមានអាវុធនៅលើទីអវកាសរួចទៅហើយ ទោះជាមិនបានបញ្ជាក់ថាតើវាជាប្រភេទអាវុធអ្វីក៏ដោយ៕




