សមាជិក គ.ជ.ប ចុះត្រួតពិនិត្យការិយាល័យចុះឈ្មោះបោះឆ្នោតតាមបណ្ដាឃុំ សង្កាត់ ក្នុងខេត្តព្រៃវែង
19-10-2026 20:26
(ព្រៃវែង)៖ លោក សោម សូរីដា សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អមដំណើរដោយលោក វង្ស សោភ័ណ្ឌ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តព្រៃវែង និងសហការី នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញចុះត្រួតពិនិត្យមើលដំណើរការការងារនៅតាមការិយាល័យចុះឈ្មោះបោះឆ្នោតតាមបណ្ដាឃុំ សង្កាត់ ក្នុងខេត្តព្រៃវែង។
ការចុះត្រួតពិនិត្យនេះមានគោលបំណងតាមដាន និងពិនិត្យមើលដំណើរការអនុវត្តការងាររបស់មន្ត្រីចុះឈ្មោះបោះឆ្នោត ព្រមទាំងស្វែងយល់អំពីស្ថានភាពជាក់ស្តែងនៃការបម្រើសេវាជូនប្រជាពលរដ្ឋ ដើម្បីធានាថា ការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រព្រឹត្តទៅដោយរលូន មានប្រសិទ្ធភាព និងស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីជាធរមាន។
ជាមួយគ្នានេះ ការចុះត្រួតពិនិត្យរបស់ថ្នាក់ដឹកនាំ គ.ជ.ប ក៏ជាផ្នែកមួយនៃការគាំទ្រ និងជំរុញឱ្យមន្ត្រីពាក់ព័ន្ធបន្តយកចិត្តទុកដាក់ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ដោយមានការទទួលខុសត្រូវ ស្មារតីបម្រើប្រជាពលរដ្ឋ និងធានាឱ្យប្រជាពលរដ្ឋទទួលបានសេវាចុះឈ្មោះបោះឆ្នោតប្រកបដោយភាពងាយស្រួល និងទំនុកចិត្ត។
ឆ្នាំ២០២៦នេះ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គឺជាការងារដ៏មានសារៈសំខាន់ក្នុង ដំណាក់កាល ដំបូង នៃ ដំណើរ ការ រៀបចំ ការ បោះឆ្នោត ជ្រើសរើស ក្រុម ប្រឹក្សា ឃុំ សង្កាត់ អាណត្តិ ទី ៦ ឆ្នាំ ២០២៧ ដែល គ.ជ.ប ត្រូវ រៀបចំ បញ្ជីបោះឆ្នោតមួយមានភាព ពេញលេញ ភាព ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ដើម្បីធានា ឱ្យ ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត បាន ចូលរួមអនុវត្តសិទ្ធិប្រជាធិបតេយ្យរបស់ខ្លួន ស្របតាមច្បាប់ជាធរមាន៕







