វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ទទួលការចុះវាយតម្លៃគុណភាពអប់រំកម្រិតគ្រឹះស្ថាន ពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា
19-10-2026 19:12
(ភ្នំពេញ)៖ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦នេះ បានទទួលស្វាគមន៍ ក្រុមមន្រ្ដីវាយតម្លៃ នៃគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (ACC) ដែលបានអញ្ជើញចុះបេសកកម្មផ្ទាល់ ដើម្បីធ្វើការវាយតម្លៃគុណភាពអប់រំកម្រិតគ្រឹះស្ថាន (Institutional Accreditation) នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន។
បេសកកម្មចុះវាយតម្លៃនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យ តាមដាន និងវាយតម្លៃយ៉ាងម៉ត់ចត់លើគ្រប់ទិដ្ឋភាពទាំងអស់នៃប្រតិបត្តិការរបស់វិទ្យាស្ថាន ដោយផ្អែកលើបទដ្ឋាន និងសូចនាករគុណភាពអប់រំឧត្តមសិក្សាជាតិ។ វិសាលភាពនៃការវាយតម្លៃនេះ គ្របដណ្តប់លើស្ដង់ដាសំខាន់ៗចំនួន ៩ រួមមាន៖ ចក្ខុវិស័យ បេសកកម្ម និងគោលបំណង, អភិបាលកិច្ចនិងការគ្រប់គ្រង, បុគ្គលិកអប់រំ, សេវានិស្សិត, ធនធានសិក្សា, ធនធានរូបវន្ដ, ធនធានហិរញ្ញវត្ថុ និង ការធានាគុណភាពអប់រំផ្ទៃក្នុង។
ថ្លែងក្នុងឱកាសនេះលោក ហេង ណន លេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ក្នុងការចូលរួមចំណែកកសាងធនធានមនុស្ស ក្នុងវិស័យសាធារណការ ដឹកជញ្ជូន ភស្ដុភារកម្ម និងនាវាចរណ៍។ ទន្ទឹមនឹងនេះលោកក៏បានគូសរំលេចអំពីសារៈសំខាន់ នៃការវាយតម្លៃគុណភាពអប់រំកម្រិតគ្រឹះស្ថាន ផងដែរ។
ក្នុងឱកាសនោះ ថ្នាក់ដឹកនាំវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងបានគូសបញ្ជាក់ថា ការទទួលការវាយតម្លៃពី គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (ACC) នាពេលនេះ គឺជាសាក្សីភាព និងជាជំហានដ៏សំខាន់មួយក្នុងការបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វិទ្យាស្ថាន ក្នុងការលើកកម្ពស់គុណភាព និងបទដ្ឋានអប់រំឱ្យស្របតាមស្តង់ដារជាតិ និងអន្តរជាតិ។
ក្នុងអំឡុងពេលនៃបេសកកម្មនេះ ក្រុមមន្ដ្រីវាយតម្លៃ នៃគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (ACC) បានចុះពិនិត្យដោយផ្ទាល់នូវហេដ្ឋារចនាសម្ព័ន្ធរូបវន្ត រួមមាន បន្ទប់សិក្សា មន្ទីរពិសោធន៍ បណ្ណាល័យព្រមទាំងបានជួបសម្ភាសន៍ផ្ទាល់ជាមួយថ្នាក់ដឹកនាំ លោកគ្រូ-អ្នកគ្រូ បុគ្គលិកសិក្សា តំណាងនិស្សិត អតីតនិស្សិត និងភាគីនិយោជកពាក់ព័ន្ធ ដើម្បីប្រមូលព័ត៌មាន និងទិន្នន័យជាក់ស្តែងផងដែរ៕
