រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អញ្ជើញសំណេះសំណាល ជាមួយព្រះមន្ត្រីសង្ឃ និងព្រះចៅអធិការគ្រប់វត្ត ទូទាំងខេត្តកំពង់ឆ្នាំង
19-10-2026 18:38
(កំពង់ឆ្នាំង)៖ លោក ចាយ បូរិនរដ្ឋមន្ត្រីក្រសួង ធម្មការ និង សាសនា នៅថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយព្រះមន្ត្រីសង្ឃ និង ព្រះចៅ អធិការគ្រប់វត្ត ទូទាំងខេត្តកំពង់ឆ្នាំង នៅវត្តចន្ទប្បជោត្តនារាម(វត្តតាសុត)។
ពិធីនេះ មានការនិមន្ត ចូលរួមពីសំណាក់ ព្រះទេពមុនី សុខ ថាន ព្រះរាជាគណៈថ្នាក់ចត្វា ព្រះធម្មវង្សាធិបតី ព្រះមេគណខេត្តកំពង់ឆ្នាំងគណៈមហានិកាយ ព្រះគ្រូរាជធម្មនាថ ជីម រន ព្រះគ្រូទទួលបន្ទុកកិច្ចការគណៈសង្ឃ គណៈធម្មយុត្តិកនិកាយខេត្តកំពង់ឆ្នាំង ព្រះធម្មវនវាសី សុន ចាន់វីរៈ ព្រះបាឡាត់គណស្ដីទីខេត្តកំពង់ឆ្នាំង ព្រះអនុគណគ្រប់ក្រុង ស្រុក ព្រះចៅ អធិការ និងព្រះមន្ត្រី សង្ឃ គ្រប់វត្ត ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា និងមានការអញ្ជើញចូលរួមពីលោក ស៊ីវរុន ប្រធាន ក្រុមប្រឹក្សា ខេត្តកំពង់ឆ្នាំង លោកស្រី ប៊ន សុភី អភិបាលរង តំណាងលោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និង ប្រធានមន្ទីរ ធម្មការនិង សាសនា ខេត្តកំពង់ឆ្នាំង ព្រមទាំងអាចារ្យ គណៈកម្មការគ្រប់វត្ត សរុបចំនួន ៨២៩អង្គ/នាក់។
ជាកិច្ចចាប់ផ្ដើម លោកស្រី ប៊ន សុភី បានធ្វើរបាយការណ៍ ស្ដីពីសកម្មភាពព្រះពុទ្ធសាសនា និងការប្រតិបត្តិ ធម៌ វិន័យរបស់ ព្រះសង្ឃ ក្នុងខេត្តដោយកន្លងមកព្រះមន្ត្រីសង្ឃ និងព្រះសង្ឃគ្រប់វត្ត បានធ្វើឧបោសថកម្ម ក្នុងមួយខែចំនួនពីរដង ស្របតាម សេចក្ដីណែនាំ ដែលបានដាក់ចេញដោយក្រសួងធម្មការនិងសាសនា រួមជាមួយគណៈសង្ឃ នាយកទាំងពីរគណៈ ហើយ ព្រះមន្ត្រីសង្ឃ ព្រះសង្ឃ អាចារ្យ និងគណៈកម្មការវត្ត បានចូលរួមចំណែកយ៉ាងសកម្ម ក្នុង កិច្ចការ មនុស្សធម៌ ជាពិសេសបាននាំយកអំណោយជាគ្រឿង ឧបភោគ បរិភោគ និងថវិកាទៅ ឧបត្ថម្ភគាំទ្រ ដល់វីរកងទ័ព វីរនគរបាលជាតិ និងជនភៀសសឹកជាបន្តបន្ទាប់ ព្រមទាំងបានរៀបចំពិធីបុណ្យ កាន់បិណ្ឌ-ភ្ជុំបិណ្ឌ ឆ្នាំ២០២៦ នៅគ្រប់វត្តទូទាំងខេត្ត ប្រកបដោយ សណ្ដាប់ ធ្នាប់ និង សុវត្ថិភាព។
នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហា បវរ ធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេនដល់ព្រះមន្ត្រីសង្ឃព្រះសង្ឃ និងជូនពុទ្ធបរិស័ទទូទាំងខេត្ត ដែលជានិច្ចកាល សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី ព្រមទាំងលោកជំទាវបណ្ឌិត តែងតែ គិត គូរ យកចិត្តទុកដាក់ពីសុខទុក្ខរបស់ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទគ្រប់ពេលវេលា ជាក់ស្ដែងកាលពីរដូវ បុណ្យ កាន់បិណ្ឌ-ភ្ជុំបិណ្ឌកន្លងទៅ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត បានប្រគេនទេយ្យទានជា អង្ករ ដល់វត្តដែលមានការខ្វះខាតចំនួន ៦០វត្ត ក្នុងខេត្តកំពង់ឆ្នាំង ក៏ដូចជាបណ្ដាវត្តខ្វះខាត ផ្សេងទៀតនៅទូទាំងប្រទេសផងដែរ។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការអនុវត្តតួនាទីនិងភារកិច្ចរបស់ ព្រះមន្ត្រី សង្ឃ គ្រប់ ឋានានុក្រម ព្រះចៅអធិការគ្រប់វត្ត ជាពិសេសព្រះភិក្ខុ សាមណេរ ត្រូវបំពេញ ករណី យ កិច្ច រៀងៗ ព្រះអង្គ ហើយត្រូវប្រតិបត្តិខ្ជាប់ខ្ជួននូវសិក្ខាទាំង៣ គឺ ១. អធិសីលសិក្ខា(ប្រកាន់ខ្ជាប់នូវសីល) ២. អធិ ចិត្តសិក្ខា (ប្រកាន់ខ្ជាប់នូវសមាធិ) ៣. អធិប្បញ្ញាសិក្ខា (ប្រកាន់ខ្ជាប់នូវការអប់រំបញ្ញា) និងត្រូវដឹកនាំ ជួយសម្រួលដល់កិច្ចការគ្រប់គ្រងវត្តអារាម ធ្វើយ៉ាងណាឱ្យមាននូវសាមគ្គីធម៌ សុខដុមរមនា រវាងព្រះសង្ឃនិងព្រះសង្ឃ ព្រះសង្ឃនិងពុទ្ធបរិស័ទទប់ស្កាត់កុំឱ្យមានអធិករណ៍កើតឡើងក្នុងវត្ត។
លោករដ្ឋមន្ត្រី បានបន្តទៀតថា សូមឱ្យព្រះមន្ត្រីសង្ឃ ព្រះចៅអធិការ ព្រះសង្ឃ អាចារ្យ គណៈកម្មការគ្រប់វត្ត រួមទាំងពុទ្ធបរិស័ទទាំងអស់ បន្តខិតខំយកចិត្តទុកដាក់ រួមគ្នាអនុវត្ត តាម គោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់លទ្ធភាពគ្រប់បែបយ៉ាង ធ្វើឱ្យវិស័យព្រះពុទ្ធសាសនា មាន ការ រីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃគួរឱ្យកត់សម្គាល់។ កន្លងមក ព្រះពុទ្ធសាសនា បានរួម ចំណែក អភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធសង្គមជាច្រើន មានដូចជា ស្ពាន ថ្នល់ វត្តអារាមសាលារៀន មន្ទីរពេទ្យ កាកបាទ ក្រហម ការងារសង្គម ការងារមនុស្សធម៌ និងការអប់រំសីលធម៌ ចរិយាធម៌ គុណធម៌ និងសុជីវធម៌ ដល់ សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងសង្គម។
ជាពិសេសក្នុងស្ថានភាពដែលប្រទេសជាតិ កំពុង ការពារ អធិបតេយ្យភាព និងបូរណភាពទឹកដីព្រះសង្ឃគឺជាទីពឹងផ្លូវចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការរក្សា ឯកភាព ជាតិនិងការលើកទឹកចិត្តដល់កងទ័ពនៅសមរភូមិមុខ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានអំពាវនាវដល់ព្រះមន្ត្រីសង្ឃក្នុងខេត្ត ក្រុង ស្រុក ព្រះគ្រូចៅអធិការ និងអាចារ្យ គណៈកម្មការ វត្ត ទាំងអស់ ចូលរួមអនុវត្តឱ្យបានសកម្ម និងមានប្រសិទ្ធភាពខ្ពស់នូវ និងអភិក្រម«ប៥»ដែលបានដាក់ចេញដោយក្រសួងធម្មការនិងសាសនារួមជាមួយគណៈសង្ឃនាយក ១.បព្វជ្ជា គឺពង្រឹងយន្តការ បួស និងការបំបួស ២.បរិយត្តិ គឺការព្រឹងវិស័យពុទ្ធិកសិក្សា ៣.បដិបត្តិ គឺការពង្រឹងកិច្ចប្រតិបត្តិ ៤.បដិវេធ គឺធានាឱ្យបាននូវស័ក្តសិទ្ធភាព ប្រសិទ្ធភាពនៃការអនុវត្តតួនាទីភារកិច្ច ៥.បព្វាជនីយកម្ម គឺយន្តការវះកាត់ក្នុងករណីកើតភាពអសកម្ម និងអភិក្រម «ស៣» របស់ក្រសួងធម្មការ និង សាសនា គឺវត្តស្អាត វត្តស្វាង វត្តស្ងប់ ដើម្បីរួមគ្នាកសាងវត្តអារាមឱ្យក្លាយជា មជ្ឈមណ្ឌល អប់រំ សីលធម៌ វប្បធម៌ និងការ អភិវឌ្ឍសហគមន៍ ដ៏មានរបៀបរៀបរយ ស្អាតបាត និងគួរជាទីជ្រះថ្លា និងសូមឱ្យ ចូល រួម ផ្សព្វផ្សាយ និងអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល ដោយអប់រំណែនាំពុទ្ធបរិស័ទឱ្យគោរពច្បាប់ចរាចរណ៍ វៀរចាកឆ្ងាយពីគ្រឿងញៀន អំពើអានាចារល្បែង ស៊ីសងគ្រប់ប្រភេទ និងការបោកប្រាស់តាមអនឡាញជាដើមដើម្បីរួមចំណែកកសាងសហគមន៍ និងសង្គមកម្ពុជាឱ្យមានសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់ និងភាពសុខក្សេមក្សាន្ត និងមិនត្រូវយកវត្តអារាម និងសាសនដ្ឋាន ធ្វើជាកន្លែងប្រព្រឹត្តអំពើមិនគប្បីផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ដល់ កិត្យានុភាព នៃព្រះពុទ្ធសាសនា និងសេចក្ដីថ្លៃថ្នូរសង្គមហើយសូមឱ្យបង្កើនការត្រួតពិនិត្យ តាមដានក៏ដូចជាសហការ ជាមួយ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីទប់ស្កាត់ជាមុននូវរាល់សកម្មភាពអសកម្មទាំងឡាយ ដែលអាចកើតមានឡើងក្នុងបរិវេណវត្តអារាម។
ទន្ទឹមនេះ លោករដ្ឋមន្ត្រី បានកោតសរសើរចំពោះព្រះមន្ត្រីសង្ឃព្រះចៅអធិការ អាចារ្យ និង អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ដែលបានសហការរៀបចំពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ឆ្នាំ២០២៦ កន្លងទៅ ប្រកប ដោយ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព។ ម្យ៉ាងទៀតថ្ងៃបវារណាចេញព្រះវស្សារបស់ព្រះសង្ឃ និងរដូវកឋិនទាន ជិតឈានចូលមកដល់ លោកបានផ្ដាំផ្ញើដល់ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រមព្រះគ្រូចៅអធិការ គ្រប់វត្ត និង មន្ទីរធម្មការនិងសាសនាខេត្ត ត្រូវសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ រៀបចំពិធីបុណ្យកឋិន ឱ្យបានត្រឹមត្រូវតាមព្រះធម៌វិន័យ និងប្រពៃណី ក្នុងស្មារតី «ព្រះពុទ្ធសាសនាតែមួយសាសន ពិធី តែមួយ» ដោយរក្សាភាពសាមញ្ញ សន្សំសំចៃ មិនបង្កជាបន្ទុកដល់ពុទ្ធបរិស័ទ សម្របសម្រួលដល់ ពុទ្ធបរិស័ទ ទាំងទីជិតទីឆ្ងាយបានមកធ្វើបុណ្យដោយសុខសុវត្ថិភាព និងត្រូវឆក់យកឱកាសនេះទេសនា អប់រំណែនាំដល់ពុទ្ធបរិស័ទ ឱ្យប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ សុជីវធម៌ ដើម្បីកសាងភាព ជា ពុទ្ធបរិស័ទ ល្អសម្រាប់ព្រះពុទ្ធសាសនាផង និងរក្សាភាពជាពលរដ្ឋល្អនៅក្នុងសង្គមផង។
មុននឹងបញ្ចប់ លោក ចាយ បូរិន បានវាយតម្លៃខ្ពស់ ចំពោះការ ខិតខំប្រឹងប្រែងរបស់ព្រះមេគណ ព្រះអនុគណ ព្រះមន្ត្រីសង្ឃ និងព្រះគ្រូចៅអធិការគ្រប់វត្តក្នុងខេត្តកំពង់ឆ្នាំង ដែលបាន និមន្ត ចូលរួមយ៉ាងសកម្មក្នុងការថែរក្សាគុណតម្លៃព្រះពុទ្ធសាសនា និងការអភិវឌ្ឍសង្គមជាតិនាពេលកន្លងមក ព្រមទាំង បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានគាំទ្រ វិស័យព្រះពុទ្ធសាសនាជានិច្ច ហើយបានប្រគេនពរ និងជូនពរដល់អង្គពិធីទាំងមូល សូមប្រកប ដោយ ឧត្តមពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈពលៈ កុំបីប្រែក្លាយទៅជាបការៈដទៃឡើយ៕














