អ្នកជំនាញសេដ្ឋកិច្ច៖ ការពង្រឹងជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាកាតាលីករសំខាន់សម្រាប់ជំរុញសេដ្ឋកិច្ចកម្ពុជា
19-10-2026 18:22
(ភ្នំពេញ)៖ លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងថា កម្ពុជាចាំបាច់ត្រូវពង្រឹងជំនាញវិជ្ជាជីវៈ និងបច្ចេកទេសក្នុងការប្រើប្រាស់ម៉ាស៊ីន ដើម្បីបង្កើនផលិតភាពការងារឱ្យកាន់តែខ្ពស់ និងទាញយកវិនិយោគិនឱ្យមកបណ្តាក់ទុនបង្កើតរោងចក្រនៅកម្ពុជា ជាពិសេសរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ។
លោកបានពន្យល់ថា ប្រសិនបើកម្ពុជាអាចបណ្តុះបណ្តាលពលរដ្ឋឱ្យក្លាយជា «អ្នកគ្រប់គ្រង និងបញ្ជាម៉ាស៊ីន» ជំនួសឱ្យការប្រើមនុស្សច្រើន វានឹងបង្កើតឱ្យមានតម្លៃបន្ថែមក្នុងប្រព័ន្ធសេដ្ឋកិច្ច។
លោកបានថ្លែងថា៖ «នៅពេលដែលយើងមានជំនាញពិតប្រាកដ អ្នកវិនិយោគគេនឹងមក ព្រោះលំហូរនៃរបត់សកលលោកវាត្រូវតែងាកមកកន្លែងផលិតដែលមានថ្លៃដើមទាប កន្លែងដែលមានបច្ចេកវិទ្យាខ្ពស់»។
បើតាមលោក គី សេរីវឌ្ឍន៍ ជាក់ស្តែង នៅពេលដែលរោងចក្រមួយចំនួនបានកែច្នៃបច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម អាចនឹងត្រូវការបុគ្គលិកតិចជាងមុននៅកន្លែងផលិតកម្មជាក់លាក់ ប៉ុន្តែនៅពេលដែលបរិមាណរោងចក្របច្ចេកវិទ្យា និងរោងចក្រទំនើបៗកើនឡើងដល់រាប់រយ វានឹងទាញតម្រូវការកម្លាំងពលកម្មជំនាញសរុបឱ្យកើនឡើងកាន់តែច្រើន។
លោកបានបន្ថែមថា ការមានកម្លាំងពលកម្មជំនាញខ្ពស់ និងផលិតភាពល្អប្រសើរ ធៀបនឹងប្រាក់ឈ្នួល នឹងធ្វើឱ្យម្ចាស់វិនិយោគមើលឃើញពីប្រសិទ្ធភាពនៃការចំណាយ ដែលជាកម្លាំងចលករទាក់ទាញទុនវិនិយោគពីបរទេសថ្មីៗ បង្កើតការងារកាន់តែច្រើន និងទីបំផុតជួយជំរុញកំណើនចំណូលជាតិឱ្យមានការកើនឡើងខ្ពស់ផងដែរ៕




