ក្រុមហ៊ុនចិនចំនួន ១២ ចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស«កំពត-ហ្វូជៀន» នៅស្រុកជុំគីរី ខេត្តកំពត
19-10-2026 17:28
(ហ្វូជៀន-ចិន)៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦នេះ បានដឹកនាំប្រតិភូរដ្ឋបាលខេត្តកំពត ចូលរួមក្នុងសន្និសីទ ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងក្រុងភីងថាន នៃខេត្តហ្វូជៀន និងខេត្តកំពត នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងសន្និសីទនេះ មានការចូលរួមពីភាគីចិន រួមមាន លោក យៀក ទឺស៊ីង លេខារងបក្ស និងជាអភិបាលក្រុងភីងថាន, លោក ជា វេយប៊ីន ប្រធានមន្ត្រីអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ពិសោធន៍ចម្រុះភីងថាន, ឧកញ៉ា យ៉ាង ដាហ្វា ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស (កំពត-ហ្វូជៀន) ព្រមទាំងក្រុមហ៊ុន និងសហគ្រាសផ្សេងៗចំនួន ៥៧។
ជាលទ្ធផល មានក្រុមហ៊ុន ចំនួន១២ នៃប្រទេសចិន បានធ្វើការចុះកិច្ចព្រមព្រៀង ចូលរួមវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស (កំពត-ហ្វូជៀន) ដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រនៃស្រុកជុំគិរី ខេត្តកំពត នឹងនាំយកការងារជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពត មានឱកាសការងារធ្វើកាន់តែច្រើនបន្ថែមទៀត។
ថ្លែងក្នុងឱកាសនោះ លោក ម៉ៅ ធនិន បានលើកឡើងថា៖ ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រទេសគឺរក្សាបាននូវសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសអ្នកវិនិយោគ មានទំនុកចិត្តក្នុងការបណ្តាក់ទុនរកស៊ីក្នុងប្រទេសកម្ពុជា ដោយមិនមានការព្រួយបារម្ភអ្វីឡើយ។
ចំណងមិត្តភាព (កម្ពុជា-ចិន) គឺជាទំនាក់ទំនងទ្វេភាគីដ៏ជិតស្និទ្ធ និងយូរអង្វែង ដែលត្រូវបានថ្នាក់ដឹកនាំប្រទេសទាំងពីរពណ៌នាថា «មិត្តភាពដែកថែប» និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ ទំនាក់ទំនង កម្ពុជា-ចិន បានវិវត្តរីកចម្រើនទៅជាភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោង និងឆ្ពោះទៅមុខ ហើយព្រមព្រៀងកសាងសហគមន៍ ដែលមានអនាគតរួមគ្នាក្នុងយុគសម័យថ្មី ដែលបង្ហាញឱ្យឃើញការតាំងចិត្តរបស់ខ្លួន ក្នុងការបន្តការអភិវឌ្ឍប្រកបបរិយាបន្ន ចីរភាព និងផ្តល់ផលប្រយោជន៍ ពីគ្នាទៅវិញទៅមក។
លោកអភិបាលខេត្ត បានបន្តទៀតថា រវាងក្រុងភីងថាន និងខេត្តកំពត ទោះបីជាឆ្ងាយពីគ្នា ដោយឆ្លងកាត់ភ្នំ និងសមុទ្រក៏ដោយ ក៏ការវិនិយោគទៅវិញទៅមក រវាងសហគ្រាសនានា បានកសាងស្ពានកិច្ចសហប្រត្តិបត្តិការសម្រាប់តំបន់ទាំងពីរ។
ជាមួយគ្នានេះ លោកអភិបាលខេត្តកំពត ក៏បានធ្វើបទបង្ហាញណែនាំអំពីសក្ដានុពល និងឱកាសវិនិយោគក្នុងខេត្តកំពត ជូនដល់ប្រតិភូ និងវិនិយោគិនភាគីចិន ហើយបានបញ្ជាក់ថា ខេត្តកំពត រង់ចាំស្វាគមន៍ជានិច្ច ចំពោះវិនិយោគិនក្នុងខេត្តហ្វូជាន ពិសេសក្នុងទីក្រុងភីងថាន ទាំងអស់ ដែលមានបំណងចង់ទៅវិនិយោគលើទឹកដីនៃខេត្តកំពត ដែលជាខេត្តមានសក្តានុពល សម្រាប់ការវិនិយោគលើគ្រប់វិស័យ ហើយការវិនិយោគទាំងអស់ នឹងអាចជួយបង្កើតការងារ ជូនដល់ប្រជាពលរដ្ឋក្នុងខេត្ត ឱ្យមានការងារធ្វើកាន់តែច្រើនបន្ថែមទៀត និងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។
សូមរំលឹកថា ការរៀបចំសន្និសីទស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងក្រុងភីងថាន ខេត្តហ្វូជាន និងខេត្តកំពត នេះឡើង ក្នុងគោលបំណងបង្កើតវេទិកាទំនាក់ទំនងរវាងភាគីទាំងពីរ ដើម្បីបង្កើនការយល់ដឹងពីគ្នាឱ្យកាន់តែស៊ីជម្រៅ និងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែងលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ កម្មវិធីសន្និសីទនេះ បានបញ្ចប់ទៅដោយពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគ ក្នុងនោះមានក្រុមហ៊ុនចំនួន១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស (កំពត-ហ្វូជាន) ក្នុងស្រុកជុំគីរី ខេត្តកំពត៕






















