រដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេស ចុះពិនិត្យជាក់ស្ដែងហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទចំនួន ៣ខ្សែ និងស្ពាន ៣កន្លែង នៅខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម
19-10-2026 16:47
(ត្បូងឃ្មុំ-កំពង់ចាម)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ព្រមទាំងថ្នាក់ដឹកនាំ នាព្រឹកថ្ងៃទី១៩ខែតុលា ឆ្នាំ២០២៦ បានដឹកនាំមន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យជាក់ស្ដែងហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទចំនួន ៣ខ្សែ និងស្ពានចំនួន ៣កន្លែង ដែលកុំពុងអនុវត្ត និងទទួលរងការខូចខាត ស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម។
នាឱកាសនោះដែរ លោក ឆាយ ឫទ្ធិសែន បានបញ្ជាក់ថា ការចុះពិនិត្យផ្លូវចំនួន៣ខ្សែនេះ មានដូចខាងក្រោម៖
ខ្សែទី១៖ ឈ្មោះ ភូមិផ្កាដូង-ត្រពាំងប្ញស្សី ជាប្រភេទផ្លូវកម្រាលល្បាយក្រួស មានប្រវែង ១៨.៧៦ គ.ម. ទទឹង ៥ម៉ែត្រ តភ្ជាប់ពីភូមិផ្កាដូង ឃុំឈូក ស្រុកក្រូចឆ្មារ ទៅដល់ភូមិត្រពាំងឬស្សី ឃុំតំបែរ ស្រុកតំបែរ។ ផ្លូវនេះ ត្រូវបានស្ថាបនាក្នុងឆ្នាំ២០០៩ ដោយក្រសួងអភិវឌ្ឍន៍ជនបទ បច្ចុប្បន្នទទួលរងការខូចខាតដោយកន្លែង ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។ ខ្សែផ្លូវនេះមានអ្នកទទួលផលដោយផ្ទាល់សរុប ចំនួន ៤ ៩៧៩គ្រួសារ និង អ្នកទទួលផលដោយប្រយោលចំនួន ១៦ ១៤០គ្រួសារ ។
ខ្សែទី២៖ សាងសង់ផ្លូវប្រវែង ២,៩០ គ.ម. ក្នុងនោះ ផ្លូវបេតុង ប្រវែង ៣០០ម៉ែត្រ និងផ្លូវល្បាយគ្រួស ២,៦០ គ.ម.ស្ថិតនៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ផ្លូវនេះបាននិងកំពុងអនុវត្តគម្រោសាងសង់ ដោយសម្រេចបានប្រមាណ ៧០%នៃផែនការ។ ខ្សែផ្លូវនេះផ្តល់ផលដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាពលរដ្ឋក្នុងតំបន់នេះ ពិសេសប្រជាពលរដ្ឋក្នុងឃុំព្រែកកក់ ដែលមានចំនួន ២៦០គ្រួសារ ស្មើនឹង ៨៨៣នាក់ ស្រី ៤៨០នាក់។
ខ្សែទី៣ ៖ ជាប្រភេទផ្លូវ ក្រាលកៅស៊ូពីរជាន់ និងបេតុង មានប្រវែង ៣,៧ គ.ម.តភ្ជាប់ពីក្លោងទ្វារវត្តព្រះអង្គគុហ៍ ឆ្ពោះទៅភ្ជាប់នឹងផ្លូវបំបែកពាមកោះស្នា ស្ថិតនៅក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលបានសាងសង់នៅឆ្នាំ២០២០ ដោយក្រសួងអភិវឌ្ឍន៍ជនបទ។
លោករដ្ឋមន្រ្ដី និងមន្ត្រីបច្ចេកទេស បានបន្តអញ្ជើញទៅពិនិត្យស្ពានចំនួន ៣កន្លែងផ្សេងទៀតរួមមាន៖
-ស្ពានបេតុងកំពុងសាងសង់ចំនួន ១កន្លែង ប្រវែង ១៨ម៉ែត្រ ទទឹង ៨ម៉ែត្រ ស្ថិតនៅភូមិបឹងតាចូត ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម សម្រេចបានវឌ្ឍនភាព ៧០%។
-ស្ពានបេតុង ព្រែកអាចារ្យសួន មានប្រវែង ៩០ម៉ែត្រ ទទឹងប្រវែង ៩,៦០ម៉ែត្រ ស្ថិតក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម សាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ ឆ្នាំ២០២០។
-ស្ពានបាឡេត៌ ព្រែកតាយី មានប្រវែង ៦៣ម៉ែត្រ ស្ថិតក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម សាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទនៅឆ្នាំ១៩៩៣ ដែលគ្រោងនឹងសាងសង់ជាស្ពានបេតុង។
តាមរយៈការពិនិត្យជាក់ស្ដែង លោករដ្ឋមន្ត្រី បានណែនាំដល់អគ្គនាយកដ្ឋានបច្ចេកទេសរបស់ក្រសួង នាយកយដ្ឋានហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំត្រូវត្រួតពិនិត្យការអនុវត្តគម្រោងស្ថាបនាឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងសិក្សាលទ្ធភាពក្នុងការសិក្សាលើកកម្រិតគុណភាពផ្លូវឡើងវិញចំពោះខ្សែផ្លូវដែលរងការខូចខាត ដើម្បីធ្វើការដោះស្រាយសម្រួលចរាចរណ៍ដឹកជញ្ជូន និងធ្វើដំណើររបស់ប្រជាពលរដ្ឋនៅតំបន់នោះ។ ដោយឡែកស្ពានបាឡេមួយកន្លែងស្ថិតក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម លោករដ្ឋមន្ត្រីបានណែនាំដល់នាយកដ្ឋានជំនាញសិក្សាលទ្ធភាពដាក់បញ្ចូលក្នុងគម្រោងផែនការ តាមនិតិវិធីជាធរមាន៕




















