FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រកាសតែងតាំងលោក កង អាណាន់ ជាប្រធានគណបក្សប្រជាជនកម្ពុជាស្រុកអង្គបុរី, លោក វ៉ី សំណាង ណែនាំឱ្យចិត្តទុកដាក់ដោះស្រាយរាល់សំណូមពរពលរដ្ឋ

19-10-2026 16:12

(តាកែវ)៖ លោក វ៉ី សំណាង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញប្រកាសតែងតាំងលោក កង អាណាន់ ជាប្រធានគណបក្សប្រជាជនកម្ពុជាស្រុកអង្គបុរី ខេត្តតាកែវ។

ក្នុងឱកាសនោះ លោក វ៉ី សំណាង បានណែនាំប្រធានគណបក្សស្រុកអង្គបុរីថ្មី ត្រូវយកចិត្តទុកដាក់អនុវត្តការងារគណបក្សប្រជាជនកម្ពុជាឲ្យបានល្អប្រសើរ ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវលក្ខន្តិកៈ និងកម្មវិធីគោលនយោបាយរបស់គណបក្សដែលថ្នាក់កណ្តាល និងថ្នាក់ខេត្តបានដាក់ចុះឲ្យអនុវត្ត។

លោក វ៉ី សំណាង ក៏បានផ្តាំផ្ញើសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាស្រុកអង្គបុរីទាំងអស់ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង រួមគ្នាធ្វើការងារ និងបន្តចុះមូលដ្ឋានជាប្រចាំ ដើម្បីដោះស្រាយរាល់បញ្ហា និងសំណូមពរ របស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងចំគោលដៅ សំដៅធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋបន្តគាំទ្រការដឹកនាំរបស់គណបក្សប្រជាជនតទៅទៀត។

ថ្លែងនៅក្នុងការប្ដេជ្ញាចិត្តនាឱកាសនោះលោក កង អាណាន់ បានប្តេជ្ញាចិត្តថា នឹងបម្រើប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងខិតខំអនុវត្តឲ្យបានជោគជ័យនូវរាល់គោលការណ៍ និងបទបញ្ជានានាដែលថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជាបានប្រគល់ជូន ជាពិសេសចូលរួមចំណែកអភិវឌ្ឍន៍ស្រុកអង្គបុរីឲ្យកាន់តែរីកចម្រើនទ្វេឡើង និងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋស្រុកអង្គបុរីមួយកម្រិតផងដែរ៕