FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុងព្រៃវែង ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការ ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី

19-10-2026 15:55

(ព្រៃវែង)៖ ជាសមិទ្ធផលរួមរបស់អាជ្ញាធរមូលដ្ឋាន ប្រតិបត្តិករទេសចរណ៍ និងប្រជាពលរដ្ឋទូទាំងក្រុងព្រៃវែង ដែលបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តវិធានការនានា ដើម្បីកាត់បន្ថយការជក់បារីនៅតាមទីសាធារណៈ និងតំបន់ទេសចរណ៍ ដែលសកម្មភាពនេះបានអនុវត្តន៍បានយ៉ាងល្អប្រសើរនាពេលកន្លងមក ដោយមកដល់ពេលនេះ ក្រុងព្រៃវែង ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការ ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី។

ពិធីប្រកាសទទួលស្គាល់ក្រុងព្រៃវែង ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី បានធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ក្រោមវត្តមានលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍តំណាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានការចូលរួមពីលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល, លោក វង្ស សេនវិសុត្ស អភិបាលរងខេត្តព្រៃវែង, លោកស្រីបណ្ឌិត អាដា ម៉ូអាដស៊ីរី តំណាងអង្គការសុខភាព ពិភពលោកនៅកម្ពុជា រួមទាំងមានអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

នាឱកាសនោះលោក ហោ សារុន បានបញ្ជាក់ថា ពិធីប្រកាសទទួលស្គាល់នេះមិនត្រឹមតែជាការប្រកាសទទួលស្គាល់សមិទ្ធផលថ្មីមួយរបស់ក្រុងព្រៃវែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីភាពបញ្ជាក់ពីឆន្ទៈនយោបាយ ការប្តេជ្ញាចិត្ត និងកិច្ចសហការរួមគ្នារបស់រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរ អង្គភាពពាក់ព័ន្ធវិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍មូលដ្ឋានក្នុងការលើកកម្ពស់សុខភាពសាធារណៈ កែលម្អបរិស្ថានទេសចរណ៍ និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែមានគុណភាព សុវត្ថិភាព និងចីរភាព។

លោកបានបញ្ជាក់ដែរថា វិស័យទេសចរណ៍ គឺជាវិស័យសេដ្ឋកិច្ចដ៏សំខាន់មួយដែលរួមចំណែកបង្កើតការងារ បង្កើនប្រាក់ចំណូល ជំរុញការវិនិយោគ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ, វិស័យនេះ ក៏ជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយអំពីវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ និងអត្តសញ្ញាណជាតិទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍទេសចរណ៍មិនអាចផ្តោតតែលើការកើនឡើងនៃចំនួនភ្ញៀវទេសចរ ឬការបង្កើនប្រាក់ចំណូលសេដ្ឋកិច្ចតែមួយមុខបានឡើយ។

ការអភិវឌ្ឍប្រកបដោយចីរភាពត្រូវគិតគូរដល់សុខភាព សុវត្ថិភាព គុណភាពបរិស្ថាន សោភ័ណភាពទីក្រុង និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងបទពិសោធន៍ដ៏ល្អរបស់ភ្ញៀវទេសចរគ្រប់រូប។ ក្នុងន័យនេ ការកសាងបរិយាកាសទេសចរណ៍គ្មានផ្សែងបារី គឺជាកត្តាដ៏សំខាន់មួយក្នុងការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ និងធ្វើឱ្យគោលដៅទេសចរណ៍របស់យើងកាន់តែមានភាពទាក់ទាញ។ ភ្ញៀវទេសចរនាពេលបច្ចុប្បន្ន មិនត្រឹមតែចង់ស្គាល់តំបន់ទេសចរណ៍ស្អាតៗ ឬទស្សនាសម្បត្តិវប្បធម៌ និងធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ចង់បានបរិយាកាសស្អាត មានសុវត្ថិភាព មានអនាម័យ និងគោរពដល់សុខភាពរបស់ពួកគេផងដែរ។ដូច្នេះ ការរៀបចំទីក្រុងទេសចរណ៍គ្មានផ្សែងបារី គឺជាការឆ្លើយតបយ៉ាងសមស្របទៅនឹងតម្រូវការរបស់ភ្ញៀវទេសចរសម័យថ្មី និងជាការបង្ហាញពីការទទួលខុសត្រូវរបស់យើងចំពោះសុខភាពសាធារណៈ។

លោក ហោ សារុន បានបន្ថែមថា ទីក្រុងទេសចរណ៍ ដែលមានគុណភាពមិនមែនគ្រាន់តែជាទីក្រុងដែលមានកន្លែងទស្សនាស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែត្រូវជាទីក្រុងដែលប្រជាពលរដ្ឋរស់នៅប្រកបដោយសុខភាពល្អ និងភ្ញៀវទេសចរមកទស្សនាប្រកបដោយផាសុកភាព និងទំនុកចិត្ត។ នេះគឺជាគោលការណ៍សំខាន់ដែលយើងត្រូវរួមគ្នាអនុវត្ត ដើម្បីធានាថា ការរីកចម្រើននៃវិស័យទេសចរណ៍នឹងនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាពលរដ្ឋ សហគមន៍ និងសង្គមជាតិទាំងមូល។

ពិធីប្រកាសទទួលស្គាល់ «ក្រុងព្រៃវែងជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី» មិនគ្រាន់តែឆ្លុះបញ្ចាំងពីសមិទ្ធផលគួរកោតសរសើរ ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលក្រុងព្រៃវែងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមោទនភាពរបស់រដ្ឋបាលខេត្តព្រៃវែង និងក្រសួងទេសចរណ៍ផងដែរ ដែលយើងទទួលបានទីក្រុងទេសចរណ៍គ្មានផ្សែងបារីមួយបន្ថែមទៀត, លោក ហោ សារុន ជឿជាក់យ៉ាងមុតមាំថា នៅពេលខាងមុខនេះ ស្រុកផ្សេងទៀតនៅក្នុងខេត្តព្រៃវែងនឹងរៀបចំខ្លួនឱ្យក្លាយជាទីក្រុងទេសចរណ៍គ្មានផ្សែងបារីដូចក្រុងព្រៃវែងផងដែរ។

សូមបញ្ជាក់ជូនដែរថា ក្រុង ស្រុក ខណ្ឌ ដែលគិតថាខ្លួនបានត្រៀមខ្លួនរួចរាល់ និងបានរៀបចំមូលដ្ឋានខ្លួនជាទីក្រុងទេសចរណ៍គ្មានផ្សែងបារីហើយ អាចធ្វើការស្នើសុំមកក្រសួងទេសចរណ៍ ដើម្បីពិនិត្យ និងវាយតម្លៃក្នុងការទទួលស្គាល់ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារីបានផងដែរ៕