FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គព្រះរាជអាជ្ញាកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំអាស៊ាន និងចិន នៅប្រ៊ុយណេ ដើម្បីពង្រឹងការបង្ក្រាបបទល្មើសបច្ចេកវិទ្យា

19-10-2026 15:38

(ភ្នំពេញ)៖ លោកស្រី ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូលកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ស្ថាប័នអយ្យការ ចូលរួមកិច្ចប្រជុំអគ្គព្រះរាជអាជ្ញា/អគ្គរដ្ឋអាជ្ញាអាស៊ានលើកទី១ និងសន្និសីទអគ្គព្រះរាជអាជ្ញា/អគ្គរដ្ឋអាជ្ញាអាស៊ាន-ចិន លើកទី១៦ នៅរាជធានីបង់ដាសេរីបេហ្គាវ៉ាន់ ប្រទេសប្រ៊ុយណេ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់អគ្គព្រះរាជអាជ្ញាប្រ៊ុយណេ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់មហាអយ្យការអមតុលាការកំពូល ដែលចេញផ្សាយនៅថ្ងៃទី១៩ ខែតុលានេះ បានឱ្យដឹងថា ក្នុងអំឡុងពេលនៃកិច្ចប្រជុំតំបន់នេះ លោកស្រី ជា លាង គ្រោងនឹងជួបពិភាក្សាទ្វេភាគីដាច់ដោយឡែកជាមួយអគ្គរដ្ឋអាជ្ញានៃសាធារណរដ្ឋប្រជាមានិតចិន លោក យីង យ៉ុង ព្រមទាំងអគ្គរដ្ឋអាជ្ញាសិង្ហបុរី និងអគ្គរដ្ឋអាជ្ញាវៀតណាម។

ប្រភពដដែលបានគូសបញ្ជាក់ថា ជំនួបទ្វេភាគីទាំងនេះនឹងផ្តោតលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអយ្យការ តាមរយៈការផ្លាស់ប្តូរ និងចែករំលែកព័ត៌មាន ឧត្តមានុវត្តន៍ការងារ បទពិសោធន៍ ចំណេះដឹង និងការដោះស្រាយបញ្ហាប្រឈមនានា។ ជាមួយគ្នានេះ កម្ពុជានឹងបង្ហាញពីលទ្ធផលសម្រេចបាន ក្នុងកិច្ចខិតខំប្រឹងប្រែងបន្តប្រយុទ្ធប្រឆាំង និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។

បេសកកម្មការងាររបស់គណៈប្រតិភូជាន់ខ្ពស់នៃស្ថាប័នអយ្យការកម្ពុជានៅប្រទេសប្រ៊ុយណេ នឹងបន្តដំណើរការរហូតដល់ចុងសប្តាហ៍នេះ ដើម្បីជំរុញយន្តការកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងតុលាការក្នុងតំបន់ឱ្យកាន់តែជិតស្និទ្ធ៕