FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ (Video inside)

19-10-2026 15:31

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារលិខិតប្រសិទ្ធពរបវរមហាប្រសើរ និងសម្តែងការកោតសរសើរស្ញប់ស្ញែងយ៉ាងក្រៃលែងជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបចម្រើនជន្មាយុ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។

យោងតាមព្រះរាជសារចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានសម្តែងនូវការកោតសរសើរ និងស្ញប់ស្ញែងយ៉ាងក្រៃលែង ចំពោះស្មារតីស្នេហាជាតិ ការលះបង់ប្រកបដោយភាពអង់អាចក្លាហាន និងស្មារតីទទួលខុសត្រូវខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងការខិតខំបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តម ដើម្បីបម្រើ និងការពារជាតិ មាតុភូមិ និងប្រជារាស្ត្រខ្មែរ។

ព្រះករុណា ព្រះមហាក្សត្រ បានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចធិបតី ព្រះរាជាណាចក្រកម្ពុជាបន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាពសង្គម ព្រមទាំងការពារបានយ៉ាងរឹងមាំនូវអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។ ជាមួយគ្នានេះ កម្ពុជាសម្រេចបាននូវសមិទ្ធផលជាបន្តបន្ទាប់លើគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ច និងសង្គម ដែលបានលើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជារាស្ត្រ ព្រមទាំងជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនរុងរឿង។

ទន្ទឹមនឹងនេះ ព្រះអង្គក៏បានកោតសរសើរចំពោះការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចធិបតី ក្នុងការពង្រឹង និងរឹតចំណងទំនាក់ទំនងការទូត ព្រមទាំងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយបណ្តាប្រទេស និងដៃគូអន្តរជាតិ ដើម្បីលើកកម្ពស់កិត្យានុភាពរបស់កម្ពុជានៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រា-បុត្រី សូមប្រកបដោយបញ្ញាញាណភ្លឺថ្លា សុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ និងប្រកបតែនឹងព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីបន្តដឹកនាំនាវាកម្ពុជា ឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនជានិច្ចនិរន្តរ៍៕