FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រថយន្តដឹកអ្នកទោសរបស់ពន្ធនាគារខេត្តសៀមរាប បុកជាមួយរថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅស្រុកស្ទោង

19-10-2026 14:50

(កំពង់ធំ)៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅវេលាម៉ោង ១២៖២០នាទីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ លើកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។

ហេតុការណ៍នេះ បានកើតឡើងរវាងរថយន្តដឹកអ្នកទោសរបស់ពន្ធនាការខេត្តសៀមរាប ដែលកំពុងដឹកអ្នកទោសម្នាក់ និងរថយន្តម៉ាក Ford បណ្ដាលឱ្យមនុស្ស៣នាក់រងរបួស ក្នុងនោះម្នាក់របួសធ្ងន់ និងពីរនាក់ទៀតរបួសស្រាល។

តាមព័ត៌មានពីសមត្ថកិច្ច រថយន្តសាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2AL-2117 ជារបស់ពន្ធនាគារខេត្តសៀមរាប បានធ្វើដំណើរពីទិសខាងកើតទៅទិសខាងលិច បើកបរដោយលោក ខេង កាន់ អាយុ៣៨ឆ្នាំ រងរបួសស្រាល។

ចំណែកអ្នករួមដំណើរពីរនាក់ទៀត ជាមន្ត្រីនគរបាលគឺលោក ប៉ុល វិទ្ធី អាយុ៥៣ឆ្នាំ រងរបួសធ្ងន់ និងលោក ចាន់ ខាវី អាយុ ២៨ឆ្នាំ រងរបួសស្រាល។ គួរកត់សម្គាល់ថា អ្នកទោសដែលស្ថិតនៅលើរថយន្តនេះ មិនបានរងរបួសនោះទេ។

ដោយឡែក រថយន្តម៉ាក Ford ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BS-7879 បើកបរដោយលោក ខូង ទីន អាយុ៦៥ឆ្នាំ បានធ្វើដំណើរពីទិសខាងលិចទៅទិសខាងកើត ហើយអ្នកបើកបរមិនបានរងរបួសឡើយ។ តាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ច គ្រោះថ្នាក់នេះបណ្តាលមកពីអ្នកបើកបររថយន្តទាំងពីរគ្រឿង មិនប្រកាន់ស្តាំរៀងៗខ្លួន ទើបបណ្តាលឱ្យបុកគ្នា។

បច្ចុប្បន្ន អ្នករងរបួសទាំង៣នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្ទោង រីឯសមត្ថកិច្ចកំពុងរៀបចំយករថយន្តដែលពាក់ព័ន្ធទៅរក្សាទុក និងបន្តនីតិវិធីតាមច្បាប់៕