FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ប៉េង ពោធិ៍សា បើកសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ ក្រុងស្វាយរៀង

19-10-2026 14:36

(ស្វាយរៀង)៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៧-២០២៩ របស់រដ្ឋបាលក្រុងស្វាយរៀង និងសង្កាត់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ-អង្គភាពក្នុងខេត្ត ក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង លោកនាយករដ្ឋបាលសាលាក្រុង ការិយាល័យនានាជុំវិញក្រុង លោក លោកស្រីចៅសង្កាត់ ស្មៀនសង្កាត់ទាំង៧ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

នាឱកាសនោះលោក ប៉េង ពោធិ៍សា បានថ្លែងកោតសរសើរចំពោះអាជ្ញាធរពាក់ព័ន្ធ ដែលបានខិតខំអនុវត្តការងារអភិវឌ្ឍន៍មូលដ្ឋាន និងផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ ស្របតាមផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគរបស់ខ្លួន និងបានថ្លែងអំណរគុណចំពោះ មន្ទីរ-អង្គភាពពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ និងសប្បុរសជនទាំងអស់ ដែលតែងសហការគាំទ្រដល់ដំណើរការអភិវឌ្ឍន៍ និងការកសាងផែនការអភិវឌ្ឍន៍ កម្មវិធីវិនិយោគរបស់ឃុំ សង្កាត់ តាំងពីដំណាក់កាលដំបូងរហូតដល់ដំណាក់កាលនៃការធ្វើសមាហរណកម្មនាពេលនេះ។

លោកបានបន្តថា អាជ្ញាធរក្រុងស្វាយរៀង ត្រូវប្រើឱកាសនេះដើម្បីផ្តល់ព័ត៌មានបន្ថែមដល់មន្ទីរ អង្គភាព អង្គការនានា និងសប្បុរសជន អំពីកិច្ចការផ្តល់សេវាយ៉ាងណាឱ្យល្អប្រសើរ ឬក៏បង្ហាញអំពីបញ្ហាប្រឈមរួម ដែលកើតមាននៅតាមបណ្តាសង្កាត់ភាគច្រើនក្នុងដែនដីរបស់ខ្លួន។ ចំពោះមន្ទីរអង្គភាពនីមួយៗ ការជួយគាំទ្រគម្រោងសកម្មភាពនានា គឺដើម្បីអភិវឌ្ឍន៍មូលដ្ឋាន ស្របតាមយុទ្ធសាស្ត្រអាទិភាពរបស់ខេត្តនិងជាតិ។

លោកបានស្នើដល់មន្ទីរ អង្គភាព អង្គការជាតិ-អន្តរជាតិ មេត្តាពិនិត្យ និងពិចារណានូវគម្រោងសកម្មភាពដែលជាតម្រូវការចាំបាច់ និងធ្វើការសម្រេចចិត្តគាំទ្រគម្រោងសកម្មភាពអាទិភាពរបស់ក្រុង និងសង្កាត់ ឱ្យបានសមស្រប ជៀសវាងគាំទ្រក្រៅគម្រោង ដែលមិនឆ្លើយតបនឹងតម្រូវការរបស់ប្រជាជននៅមូលដ្ឋាន។

គម្រោងសកម្មភាពអាទិភាពរបស់ក្រុងស្វាយរៀង បានស្នើឡើងចំនួន ៣៩គម្រោង ស្មើនឹង ១៥% នៃគម្រោងក្រុង ស្រុកទាំង៨ សរុបចំនួន២៥១គម្រោង និងគម្រោងសកម្មភាពអាទិភាពរបស់សង្កាត់ទាំង៧ក្នុងក្រុងស្វាយរៀង សរុបចំនួន ២២៥គម្រោង ស្មើនឹង៧,៧៣% នៃគម្រោងទាំង៨០ឃុំ សង្កាត់ សរុបចំនួន ២.៩១៤គម្រោង។ គម្រោងសកម្មភាពអាទិភាពទាំងអស់នេះ គឺជាគោលបំណងដ៏សំខាន់របស់ប្រជាជន ដែលទាមទារការយកចិត្តទុកដាក់ពិនិត្យ ពិចារណា និងខិតខំជួយគាំទ្រ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋាន ឈានទៅកាត់បន្ថយភាពក្រីក្រឱ្យបានឆាប់រហ័ស ឆ្លើយតបទៅនឹងផែនការអភិវឌ្ឍន៍ខេត្ត និងចក្ខុវិស័យរបស់ខេត្ត គឺការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ឱ្យបានយ៉ាងតិច១%ក្នុងមួយឆ្នាំ។

លោកបានស្នើដល់ក្រុមប្រឹក្សាសង្កាត់ ត្រូវធ្វើការកែសម្រួល ដើម្បីបន្តបញ្ចប់ការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលសង្កាត់ និងកិច្ចសន្យានានា រួចធ្វើឯកសារទាំងនេះ ទៅទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត និងមន្ទីរផែនការខេត្ត ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន៕