បេក្ខជនក្រុមប្រឹក្សាគណបក្សភ្លើងទៀន៩រូប នៅខេត្តស្ទឹងត្រែង សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
19-10-2026 14:26
(ស្ទឹងត្រែង)៖ បេក្ខជនក្រុមប្រឹក្សាគណបក្សភ្លើងទៀនចំនួន៩រូប មកពីឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង បានសម្រេចចិត្តគោរពស្នើសុំទៅកាន់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារអស់សង្ឃឹមនឹងបក្សរបស់ខ្លួនដែលកន្លងមកមិនបានជួយអ្វីដល់ប្រទេសជាតិ។
ការផ្លាស់ប្តូរជំហរនយោបាយរបស់បេក្ខជនទាំង៩រូបនេះ ឆ្លុះបញ្ចាំងពីជំនឿទុកចិត្តរបស់ពួកគាត់ទៅលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ សម្រាប់ប្រទេសជាតិ។ តាមរយៈការចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ពួកគាត់សង្ឃឹមថា នឹងបានរួមចំណែកយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍមូលដ្ឋាន ក៏ដូចជាប្រទេសជាតិទាំងមូលឱ្យកាន់តែរីកចម្រើនថែមទៀត។
បេក្ខជនក្រុមប្រឹក្សាគណបក្សភ្លើងទៀន៩រូបនេះ បានសុំខន្តីអភ័យទោសសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលកន្លងមកបានជឿខុសទៅលើមេបក្សក្រុមប្រឆាំងរបស់ទណ្ឌិត សម រង្ស៊ី និងបានបញ្ជាក់ថា ចាប់ពីពេលនេះតទៅសូមរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនដោយស្ម័គ្រចិត្ត គ្មានការទិញដូរ លក់ ឬបង្ខិតបង្ខំអ្វីឡើយ សូមសម្ដេចមេត្តាទទួលការគោរពដ៏ខ្ពង់ខ្ពស់ និងទទួលដោយក្តីអនុគ្រោះ៕





