សូមត្រៀមឆ្លើយតបភាពប្រឈម! រដូវវស្សាបិទបញ្ចប់ បាតុភូតអែលនីញ៉ូគ្រប់ដណ្តប់ដល់ខែកុម្ភៈ ឆ្នាំ២០២៧, សូមចូលរួមថែរក្សាទឹក
19-10-2026 10:13
(ភ្នំពេញ)៖ រដូវវស្សាឆ្នាំនេះ បញ្ចប់ត្រឹមសប្តាហ៍ទី៣ខែតុលានេះហើយ ហើយបាតុភូតកម្តៅ ភាពរាំងស្ងួតនៃអែលនីញ៉ូ នឹងគ្រប់ដណ្តប់រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧។
ក្រសួងធនធានទឹក និងឧតុនិយម ណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្តទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ថែរក្សាប្រភពទឹកនៅតាមអាងទឹក និងបឹងបួឱ្យបានល្អ។ ជាមួយគ្នានេះ ត្រូវពិនិត្យវាយតម្លៃលើសក្តានុពលទឹកដែលមាន និងរៀបចំផែនការប្រើប្រាស់ទឹកជាពីរផ្នែកសំខាន់ៗ គឺសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ (អាទិភាព) និងសម្រាប់បម្រើឱ្យការងារបង្កបង្កើនផលស្រូវរដូវប្រាំង និងដំណាំរួមផ្សំ។
ក្រសួងក៏បានអំពាវនាវដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន បន្តចូលរួមសហការក្នុងការថែរក្សាប្រភពទឹកទុកសម្រាប់រដូវប្រាំងខាងមុខ និងចូលរួមប្រើប្រាស់ទឹកដោយសន្សំសំចៃ ប្រកបដោយស្មារតីទទួលខុសត្រូវ និងប្រុងប្រយ័ត្នខ្ពស់ ជាពិសេសបណ្តាតំបន់ជនបទដាច់ស្រយាល ដែលស្ថិតនៅឆ្ងាយពីប្រភពទឹក។ ការចូលរួមទាំងអស់គ្នា គឺជាកត្តាចាំបាច់ដើម្បីធានាបាននូវនិរន្តរភាពនៃការផ្គត់ផ្គង់ទឹកសម្រាប់គ្រប់វិស័យ៕

