FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី

19-10-2026 08:14

(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការមួយ ស្តីពីការបញ្ចប់កិច្ចប្រជុំលើកទី២ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ជាមួយភាគីកម្ពុជា និងថៃ។

យោងតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បានរៀបចំកិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ នៅទីក្រុងឡាអេ ប្រទេសហូឡង់។

នៅក្នុងអំឡុងពេលនោះ ភាគីទាំងពីរបានឈានដល់ការឯកភាពគ្នាលើវិធានការកសាងទំនុកចិត្ត ដែលមានគោលបំណងពង្រឹងទំនុកចិត្ត និងភាពជឿជាក់ទៅវិញទៅមក ព្រមទាំងសម្រួលដល់ដំណោះស្រាយដោយសមហេតុផល និងដោយមិត្តភាពស្របតាមច្បាប់អន្តរជាតិ។

គណៈកម្មការផ្សះផ្សា បានលើកទឹកចិត្តភាគីទាំងពីរឱ្យអនុវត្តវិធានការទាំងនេះឱ្យបានពេញលេញ និងមានប្រសិទ្ធភាព ដែលមានសារសំខាន់សម្រាប់ការជួយជ្រោមជ្រែងដំណើរការផ្សះផ្សា។ ក្នុងចំណោមវិធានការដែលបានឯកភាពគ្នា ភាគីទាំងពីរទទួលស្គាល់ថា ពួកគេមានសិទ្ធិក្នុងការធ្វើសេចក្តីថ្លែងការណ៍ ដើម្បីការពារសិទ្ធិស្របច្បាប់របស់ខ្លួន ឬដើម្បីកែតម្រូវព័ត៌មានមិនពិត និងព័ត៌មានបំប៉ោង។

លើសពីនេះ គណៈកម្មការផ្សះផ្សា បានកត់សម្គាល់ថា កិច្ចព្រមព្រៀង និងវិធានការនានាដែលកម្ពុជា និងថៃបានឯកភាពពីមុន មិនទាន់ត្រូវបានអនុវត្តពេញលេញនៅឡើយទេ។

គណៈកម្មការបានលើកទឹកចិត្តភាគីទាំងពីរឱ្យអនុវត្តកិច្ចព្រមព្រៀង និងវិធានការដែលមានស្រាប់ ដើម្បីជួយបង្កើតបរិយាកាសអំណោយផលដល់ការចរចាប្រកបដោយការស្ថាបនា ក្នុងក្របខ័ណ្ឌនៃដំណើរការផ្សះផ្សា។

ជាមួយគ្នានេះដែរ គណៈកម្មការផ្សះផ្សានឹងរៀបចំកិច្ចប្រជុំលើកទី៣ របស់ខ្លួនជាមួយភាគីទាំងពីរ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងកួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

ចំពោះលទ្ធផលនៃជំនួបនេះ គណៈប្រតិភូកម្ពុជា បានសម្តែងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មការផ្សះផ្សា និងគុណភាពអព្យាក្រឹតអន្តរជាតិ សម្រាប់ការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ពួកគេ ក្នុងការសម្រួលការពិភាក្សាប្រកបដោយការស្ថាបនារវាងភាគីទាំងពីរ និងជួយភាគីទាំងពីរឱ្យឈានដល់ការឯកភាពគ្នាលើវិធានការកសាងទំនុកចិត្តទាំងនេះ។

គណៈកម្មការផ្សះផ្សានឹងចេញសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ខ្លួន ស្តីពីលទ្ធផលនៃកិច្ចប្រជុំលើកទី២នេះ នៅក្នុងពេលវេលាសមស្របខាងមុខ៕