FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងការងារ សហការជាមួយស្ថានទូតកម្ពុជា រៀបចំពានរង្វាន់បាល់ទាត់មិត្តភាពខ្មែរនៅជប៉ុន ឆ្នាំ២០២៦ ដើម្បីពង្រឹងសាមគ្គីភាពមហាគ្រួសារខ្មែរ

18-10-2026 21:09

(តូក្យូ, ប្រទេសជប៉ុន)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានរៀបចំព្រឹត្តិការណ៍ប្រកួត «ពានរង្វាន់បាល់ទាត់មិត្តភាពខ្មែរនៅប្រទេសជប៉ុន ឆ្នាំ២០២៦» នៅថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២៦ នេះ នៅកីឡដ្ឋាន MIFA Football Park Tachikawa ក្នុងទីក្រុងតូក្យូ ដើម្បីពង្រឹងសាមគ្គីភាព និងផ្សារភ្ជាប់មនោសញ្ចេតនាមហាគ្រួសារខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅលើទឹកដីជប៉ុន។

ពិធីបើកការប្រកួតនេះ ធ្វើឡើងក្រោមអធិបតីភាព លោក ហាំង តុលា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានក្រុមកីឡាករចូលរួមប្រកួតចំនួន ១០ក្រុម មកពីបណ្តាតំបន់នានា ព្រមទាំងមានការចូលរួមគាំទ្រពីសំណាក់បងប្អូនសហគមន៍ខ្មែរ សិស្ស-និស្សិត និងកម្មសិក្សាការី-ពលករជំនាញខ្មែរសរុបប្រមាណ ៣០០នាក់។

ឆ្លៀតក្នុងឱកាសនោះ លោក ហាំង តុលា បានពាំនាំនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនចំពោះបងប្អូន និងក្មួយៗទាំងអស់។ លោកបានផ្តល់អនុសាសន៍ណែនាំថា ក្រៅពីការជួបជុំលេងកីឡាដើម្បីសុខភាព ក្មួយៗទាំងអស់ត្រូវបន្តខិតខំក្រេបយកចំណេះដឹង និងជំនាញវិជ្ជាជីវៈបន្ថែម ឱ្យក្លាយជាទុនដ៏សំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ ត្រូវយកចិត្តទុកដាក់រៀនសូត្រភាសាជប៉ុនឱ្យកាន់តែស្ទាត់ជំនាញ ព្រមទាំងប្រកាន់ខ្ជាប់នូវវិន័យ សេចក្តីថ្លៃថ្នូរ និងជៀសវាងឱ្យឆ្ងាយពីការប្រព្រឹត្តបទល្មើសផ្សេងៗនៅក្នុងប្រទេសជប៉ុន។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្រោមស្មារតី «កីឡានាំមកនូវសុខភាព សន្តិភាព និងសាមគ្គីភាព» ក្នុងគោលបំណងពង្រឹងចំណងមិត្តភាព និងភាពស្និទ្ធស្នាលរវាងបងប្អូនខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុន បានបង្កើនទំនាក់ទំនងល្អជាមួយគ្នា ទោះបីជាស្ថិតនៅឆ្ងាយពីមាតុភូមិក៏ដោយ។ ការប្រកួតនេះ មិនត្រឹមតែជាការស្វែងរកជើងឯកលើវិស័យកីឡាប៉ុណ្ណោះទេ ប៉ុន្តែជាសក្ខីភាពសបញ្ជាក់ពីការយកចិត្តទុកដាក់ និងការរួមសហការគ្នាយ៉ាងកក់ក្តៅ ដើម្បីលើកកម្ពស់សុខុមាលភាព និងភាពរឹងមាំនៃមហាគ្រួសារខ្មែរនៅលើទឹកដីនៃប្រទេសជប៉ុន៕